៤ ខែនៃឆ្នាំ២០២៤ នេះ កម្ពុជា រកចំណូលបានខ្ទង់ ១៧០លានដុល្លារ ពីការនាំចេញអង្ករជាង ២៨ ម៉ឺនតោន កើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន!


ភ្នំពេញ៖ ក្នុងរយៈពេល៤ ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៨៤ ៤៩១ តោន ដោយរកចំណូលបាន ១៧០,២ លានដុល្លារ នេះបើយោងតាម របាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានបង្ហាញកាលពីថ្ងៃ ៨ ឧសភា ថ្មីៗនេះ។

ប្រភពដដែល ក៏បានឲ្យដឹងទៀតថា កម្ពុជារកបានចំណូល ៤៦,៦ លានដុល្លារពីការនាំចេញអង្ករ ៨២ ៤៩១ តោនក្នុងខែមេសាប៉ុណ្ណោះ។ ក្នុងនោះដែរ ប្រទេសចិនគឺជាប្រទេសនាំចូលអង្ករ ដ៏ធំបំផុតរបស់កម្ពុជា ខណៈដែលប្រទេសនេះ បានទិញអង្ករចំនួន ៦៧ ៤៥៧ តោន ដែលមានតម្លៃ ៤២,២៨ លានដុល្លារក្នុងរយៈពេល៤ ខែដំបូង។

ក្រៅពីនេះ កម្ពុជាបាននាំចេញអង្ករចំនួន ១០៥ ៧៩៩ តោនទៅកាន់ប្រទេសចំនួន ២៦ នៅតំបន់អឺរ៉ុប និងចំនួន ៥៧ ៧៦៦ តោន ទៅកាន់ប្រទេសចំនួន ៧ ក្នុងតំបន់អាស៊ាន និង ២១ ៤៦៩ តោនទៅកាន់គោលដៅផ្សេងទៀតផងដែរ។

សម្រាប់ពូជអង្ករដែលបាន នាំចេញរួមមាន អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករចំហុយ និងអង្ករសរីរាង្គ ដោយលើកឡើងថា អង្ករក្រអូបមានចំនួន ៧៣%នៃការនាំចេញអង្ករសរុប។

ទន្ទឹមនឹងនេះ កម្ពុជាបាននាំចេញអង្ករចំនួន ២,៤១ លានតោន មានតម្លៃ ៦៩៣ លានដុល្លារទៅកាន់ ប្រទេសជិតខាងទៀតផង។

គូសសម្គាល់ដែរថា ក្នុងមួយឆ្នាំៗ កម្ពុជាផលិតស្រូវបានជាង ១២លានតោន ឬជាង៧លានតោន ពោលគឺច្រើនជាងតម្រូវកា រក្នុងស្រុកប្រមាណ ៥០% នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម បានបន្តថា៖ «គោលដៅអនាគតរបស់យើង គឺធានាសន្តិសុខស្បៀង និងសេដ្ឋកិច្ច និងបរិស្ថានប្រកបដោយចីរភាព ក្រៅពីការជួយដល់កសិករ។ វិស័យស្រូវអង្កររបស់កម្ពុជា មិនត្រឹមតែទទួលបានជោគជ័យ ក្នុងការផលិតស្បៀង ដើម្បីធានាសន្តិសុខស្បៀងជាតិ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ»។

ឯកឧត្តម ក៏បានបង្ហាញប្រាប់ផងដែរថា ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញអង្ករបាន កើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

យ៉ាងណា សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានកំណត់គោលដៅ នាំចេញអង្ករយ៉ាងហោចណាស់ មួយលានតោននៅឆ្នាំ២០២៥។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិបានត្រឹមតែជាង ៦០០ ០០០តោនក្នុងមួយឆ្នាំ ជាមួយនឹងការនាំចេញចំនួន ៦១៧ ០៦៩តោន ក្នុងឆ្នាំ២០២១, ៦៣៧ ០០៤តោន ក្នុងឆ្នាំ២០២២ និង ៦៥៦ ៤២៣តោនក្នុងឆ្នាំ ២០២៣។