កំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ បន្តស្ថិតក្នុងការថែទាំ ដើម្បីសម្រួលដល់ការធ្វើដំណើរ មុននឹងឈានដល់ការស្ថាបនា ស្របតាបបទដ្ឋានបច្ចេកទេស!


កំពត៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ នៅតែបន្តថែទាំជាប្រចាំ (ខួប) កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) តាមរយៈ ការកៀរកិន បង្ហាប់ ស្រោចទឹក ដើម្បីសម្រួលការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។

គួរឲ្យដឹងថា ការធ្វើដំណើរលើកំណាត់ផ្លូវមួយនេះ គឺនៅតែមាន សភាពមមាញឹកជាធម្មតា ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ពេលវេលា ខ្ទង់ជាង ២០-៣០នាទី លើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រនេះ។

ដូចគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់ អង្គភាពពាក់ព័ន្ធ បន្តថែទាំក្នុងឆ្នាំ២០២៤នេះ មុននឹងឈានទៅដល់ការអនុវត្ត ការងារសាងសង់ជាក់ស្តែង ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់ នាពេលខាងមុខ។

គូសសម្គាល់ដែរថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែងជាង ២០គីឡូម៉ែត្រនេះ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅជ្រៅជាង ១0ម៉ែត្រ។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញ ជាប់ធន់បានយូរ ទាមទារការប្រើប្រាស់ បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះ ទម្រស្រទាប់កម្រាលផ្លូវតែម្តង។

ដូច្នេះដែរ ក្រសួងសាធារណការ ក៏ដូចជាមន្ទីរសាធារណការខេត្ត ក៏បានធ្វើការអំពាវនាវ សុំឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខាន ក្នុងអំឡុងពេលថែរទាំនេះ និងសូមធ្វើដំណើរប្រកបតែសុខសុវត្ថិភាព។