ព្រែកជីកហ្វូណនតេជោ សម្រេចបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី ៥ សីហាខាងមុខនេះហើយ!


កំពត៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានប្រកាសកាលបរិច្ឆេទ បើកការដ្ឋានស្ថាបនា ព្រែកជីកហ្វូណនតេជោ ជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ដើម្បីសេរីភាពបរិបូរពេញលេញ ខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិ លើការដឹកជញ្ជូនលើផ្លូវទឹក ទៅថ្ងៃអនាគត។

ជាក់ស្តែង ក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍បែបនេះថា «…យើងនឹងជម្រុញបើកការដ្ឋានសាងសង់ ព្រែកជីកហ្វណនតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ… »។ លើសពីនេះទៅទៀត សម្តេចធិបតី ក៏បានអំពាវនាវដល់ ឈ្នួញទិញលក់ដី សូមកុំទៅទិញដី នៅតាមបណ្ដោយគម្រោង ព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរាជរដ្ឋាភិបាល ពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោនេះផងដែរ។

ដោយឡែក កុំឲ្យមានការយល់ច្រឡំថា នេះជាគម្រោងក្រោមកម្ចីបរទេស ទាំងស្រុងនោះ សម្តេចធិបតី បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វណនតេជោ គឺមានការចូលរួមទុន ដោយវិនិយោគគិនខ្មែរប្រមាណ ៥១% ដោយភាគច្រើន ជាទុនវិនិយោគរបស់ ក្រុមហ៊ុនគ្រឹះស្ថានសារធារណៈរបស់រដ្ឋ ដែលមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ស្វយ័ត ក្រុងភ្នំពេញ។

បន្ថែមពីនេះ សម្តេចធិបតីបានអះអាងថា គម្រោងនេះ គឺមានលក្ខណៈឯកជន វិនិយោគិនឯកជន ខ្ចីលុយពីធនាគារខ្លួនឯង នឹងសុំសិទ្ធិដើម្បីប្រតិបត្តិ រយៈពេល ៥០ ឆ្នាំពីឯកជន ក្រោយពីនោះ នឹងត្រូវប្រគល់ឱ្យរដ្ឋជាអ្នកកាន់កាប់វិញ ឬគេហៅថាជាគម្រោង BOT។

គូសសម្គាល់ដែរថា ការបណ្តាក់ទុនលើគម្រោង ដ៏សំខាន់មួយនេះ មានតម្លៃសរុបប្រមាណ ១,៧ ពាន់លានដុល្លារ មានបំណងដើម្បីតភ្ជាប់ កំពង់ផែស្វយ័តភ្នំពេញដោយផ្ទាល់ ទៅកាន់កំពង់ផែមាត់សមុទ្រ នៃខេត្តកែប តាមរយៈព្រែកជីកដ៏ធំជាងគេបង្អស់លើកទីមួយ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលនឹងមានទទឹង ១០០ ម៉ែត្រ, ជម្រៅ ៥,៤ ម៉ែត្រ, និងមានសមត្ថភាព ជួយសម្រួលដល់នាវា ដឹកទំនិញរហូតដល់ទៅ ៣០០០ DWT ផងដែរ។