ប្រទេសថៃ សម្រេចអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា និងឡាវ អាចស្នាក់នៅក្នុងប្រទេសរបស់ខ្លួន បានចំនួន ៦០ថ្ងៃ ដោយគ្មានទិដ្ឋាការ ចាប់ពីខែនេះទៅ!


បាងកក៖ ថ្មីៗនេះ បើតាមប្រភពច្បាស់ការមួយចំនួន បានឲ្យដឹងថា ប្រទេសថៃ បានសម្រេចចិត្តដាក់បញ្ចូលកម្ពុជា និងឡាវ ទៅក្នុងបញ្ជីបណ្តាប្រទេស ឬប្រជាជន ដែលអាចស្នាក់នៅប្រទេសរបស់ខ្លួន បានរយៈពេល៦០ថ្ងៃ ដោយគ្មានទិដ្ឋាការ ខណៈកាលពីមុន ពលរដ្ឋកម្ពុជា និងឡាវ អាចចូលស្នាក់នៅ ប្រទេសថៃ បានត្រឹមចំនួន ១៤ ថ្ងៃប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងនោះ ប្រទេសមីយ៉ាន់ម៉ា មិនត្រូវបានរាប់បញ្ចូល មួយនេះនោះទេ។ ដោយឡែក ប្រភពមួយចំនួនបានរាយការណ៍ថា រាជរដ្ឋាភិបាលថៃពុំបាន ដាក់បញ្ចូលប្រទេសមីយ៉ាន់ម៉ា ក្នុងចំណោមបណ្តាប្រទេសចំនួន៩៣ ដែលទទួលបាននូវការលើកលែង ទិដ្ឋាការស្នាក់នៅរយៈពេល ៦០ថ្ងៃនោះទេ ខណៈចំណាត់ការនេះ បានចូលជាធរមាន ចាប់ពីថ្ងៃទី១ មិថុនានេះទៅហើយ។

គួររម្លឹកដែរថា ប្រទេសថៃក៏ធ្លាប់បានអនុញ្ញាត ឱ្យប្រជាជនមកពី បណ្តាប្រទេសមួយចំនួន អាចស្នាក់នៅប្រទេសរបស់ខ្លួនចំនួន៦០ថ្ងៃ ដោយគ្មានទិដ្ឋាការផងដែរ។ សម្រាប់នាពេលនេះ រាជរដ្ឋាភិបាលថៃបានបូកបន្ថែមប្រទេសចំនួន៦ ទៅក្នុងបញ្ជីមួយនេះ រួមមាន ប្រទេសចិន ឡាវ ម៉ុងហ្គោលី រុស្ស៊ី កម្ពុជា និងម៉ាកាវ។

ដោយឡែក នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ ក្នុងប្រទេសថៃ ដោយមិនចាំបាច់មានទិដ្ឋាការ ក្នុងរយៈពេលត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។

ស្របគ្នានេះ ប្រទេសថៃក៏បានបញ្ចេញ ទិដ្ឋាការប្រភេទថ្មី Destination Thailand Visa ក៏ត្រូវបានដាក់ចេញផងដែរ ដែលនឹងអនុញ្ញាតឱ្យអ្នកធ្វើអាជីវកម្ម អ្នកដែលចង់រៀនអំពីម្ហូបថៃ អ្នកដែលធ្វើការផ្នែកសិល្បៈ និងអ្នកដែលចង់រៀន ប្រដាល់ក្បាច់ Muay Thai អាចស្នាក់នៅរយៈពេល ១៨០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការផ្សេងទៀតផងដែរ។