គ្រឹះប្រាង្គលេខ៥ នៃប្រាសាទបាគង ដែលកំពុងស្ថិតក្នុងភាពទ្រុឌទ្រោម កំពុងទទួលបានការជួសជុលពង្រឹង ឲ្យរឹងមាំឡើងវិញ ដើម្បីធានារចនាសម្ព័ន្ធរបស់ប្រាសាទ និងសុវត្ថិភាពភ្ញៀវទេសចរ!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយអាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះតួប្រាង្គលេខទី៥ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោម និងមានហានិភ័យ ឱ្យរឹងមាំឡើងវិញ។

ជាក់ស្តែង លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ថានភាពរបស់ប្រាង្គលេខ៥ នៃប្រាសាទបាគង មានហានិភ័យខ្លាំង ជាពិសេស ជញ្ជាំងប្រាង្គពីគ្រឹះរហូតដល់កំពូល ដែលចាំបាច់ត្រូវការ ការជួសជុល ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។

បន្ថែមពីនេះ លោក សារាយ គឹមហួល បញ្ជាក់ទៀតថា ដោយសារតែភាពប្រឈម និងគ្រោះថ្នាក់ច្រើន ទើបអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធ ប្រាង្គលេខ៥ នៃប្រាសាទបាគងឡើងវិញ ដោយត្រូវពង្រឹង រចនាសម្ពន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គ និងបិទស្នាមប្រេះ នៅតាមជញ្ជាំង ដើម្បីការពារជម្រាបទឹក ផងដែរ។

គូសសម្គាល់ ឲ្យដឹងដែរថា ប្រាង្គលេខ៥ នៃប្រាសាទបាគង បានរងការខូចខាត ដោយសារកត្តាអាយុកាល អាកាសធាតុ និងឫសឈើតូចធំចាក់ចូលប្រាង្គ។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា