ជើងក្រោមប្រាសាទលលៃ ដែលរងភាពទ្រុឌទ្រោមខ្លាំង កំពុងស្ថិតក្នុងការជួសជុលពង្រឹង ឲ្យរឹងមាំឡើងវិញ ដើម្បីធានាបាននូវរចនាសម្ព័ន្ធរបស់ប្រាសាទ ឲ្យបន្តឈរជើងជាច្រើនឆ្នាំបន្តទៀត


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹង រចនាសម្ពន្ធផ្នែកខាងក្រោមជុំវិញតួនិរតី និងតួពាយ័ព្យប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង។

ជាក់ស្តែង ក្នុងការងារជួសជុលនេះ គឺក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋ ដែលបាក់បែក និងពុកផុយមកធ្វើការពង្រឹង និងរៀបផ្គុំតាមទីតាំងដើមឡើងវិញ ព្រមទាំង បិទបាយអតាមចន្លោះប្រហោង ដើម្បីការពារជម្រាបទឹក និងពពួកសត្វល្អិតផ្សេងៗ។

ទាំងនេះ គឺជាផ្នែកមួយ នៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការៈ ឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត ជាច្រើនឆ្នាំបាន។

គូសសម្គាល់ផងដែរថា ប្រាសាទលលៃ មានទីតាំងស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ) ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះត្រូវបាន កសាងឡើងក្នុងសតវត្សរ៍ទី៩ ដោយ ព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។

ប្រភពពី អាជ្ញាធរជាតិអប្សរា