សិង្ហបុរី៖ ក្នុងជំនួបសម្លែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នាល្ងាច ថ្ងៃទី១៨ ខែមិថុនា កន្លងទៅ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីទាំងពីរ បានលើកអំពី ការបន្តកិច្ចសហប្រតិបត្តិការ ជម្រុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់ បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំ ទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀត មកទស្សនាប្រទេសទាំងពីរ។
យ៉ាងណានាពេលបច្ចុប្បន្ននេះ ការហោះហើរពីភ្នំពេញ ទៅសិង្ហបុរី មានពី ៣ទៅ៥ជើងក្នុងមួយថ្ងៃៗ នេះបើយោងតាមប្រភពព័ត៌មានពី គេហទំព័រវេបសាយ phnom penh airport។
បន្ថែមពីនេះ នៅក្នុងឱកាសនៃជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏បានឯកភាពក្នុងការបន្ត ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវ បទពិសោធន៍លើវិស័យសំខាន់ៗ ចំនួន៤ទៀតផងដែរ ក្នុងនោះរួមមាន៖
១/ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សមភាគីទាំងពីរ បានឯកភាពគ្នាក្នុង ការបន្តនូវកិច្ចពិគ្រោះយោបល់ នយោបាយជាទៀងទាត់ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត
២/ កិច្ចសហប្រតិបត្តិការជម្រុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំ ក្រុមការងាររួម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ
៣/ កិច្ចសហប្រតិបត្តិការលើ វិស័យសន្តិសុខថាមពល សមភាគីទាំងពីរបានអបអរសាទរ ចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី រវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារ ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមាន ការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត
៤/ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សា អំពីការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ ផងដែរ។
ឆ្លៀតនាឱកាសនោះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានបន្តពិភាក្សាគ្នា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុង ការកសាងសន្តិភាព ស្ថេរភាព សាមគ្គីភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ ទ្វេភាគីទៀតផងដែរ។