ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ គិតមកដល់បច្ចុប្បន្ន សម្រេចការងារសាងសង់បាន ៥៥%


គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ស្ថិតនៅក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពានប្រវែង ៣៣ គីឡូម៉ែត្រ សម្រេចការងារសរុប បានប្រមាណ ៤២% មកហើយ ដោយក្នុងនោះ ការងារសាងសង់ផ្លូវថ្មី តភ្ជាប់សម្រេចការងារបាន ៤១% ខណៈការងារសាងសង់ស្ពាន សម្រេចបាន ៥៥% ដោយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅក្នុងខេត្តក្រចេះ គឺជាស្ពានទី១១ ស្ថិតនៅក្រោមជំនួយឥតសំណង របស់ប្រទេសចិន ឬជាស្ពានមិត្តភាពកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២៣ ហើយអស់រយៈពេល ១ ឆ្នាំកន្លះមក ការងារសាងសង់សម្រេច បានរលូនទៅតាមផែនការ ដោយគិតមកត្រឹមចុងខែមិថុនា បានរួចរាល់ ៥៥% មកហើយ។ ក្នុងនោះ ការងារសាងសង់មានដូចជា សាងសង់ស្ពានឆ្លងទន្លេមេគង្គ ប្រវែង ១ ៧៦១ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រ អាចបើកបរបាន ២ គន្លងរថយន្ដ តភ្ជាប់ពីត្រើយខាងកើត ស្រុកចិត្របុរី ទៅត្រើយខាងលិច ស្រុកព្រែកប្រសព្វ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងសាងសង់ផ្លូវតភ្ជាប់ស្ពាន បូករួមទាំងផ្លូវខ្នែង ៤ ខ្សែ ប្រវែងជាង ១៦ គីឡូម៉ែត្រ ព្រមទាំងផ្លូវក្នុង ក្រុងក្រចេះប្រវែងជាង ១៦ គីឡូម៉ែត្រ ដែលជាផ្លូវបេតុងកៅស៊ូ AC សម្រាស់ ៧ សង់ទីម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវ និងស្ពានខេត្តក្រចេះនេះ នឹងជំរុញអោយតំបន់នោះ មានសន្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញ ការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ លើសពីនេះ ក៏ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅសាលារៀន និងមន្ទីរពេទ្យ មកកាន់ក្រុងក្រចេះ បានយ៉ាងរហ័ស និងសុវត្ថិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ផ្លូវ-ស្ពាន គឺជាសរសៃឈាមនៃ សេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឺះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចាកោន ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចាកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្ដោតលើការបន្ដកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

គម្រោងសាងសង់ស្ពានខេត្តក្រចេះ ត្រូវបានរដ្ឋាភិបាលចិន ផ្ដល់ជំនួយថវិកាសាងសង់ប្រមាណ ១១៤ លានដុល្លារ ដោយអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ យើងមានស្ពានឆ្លងទន្លេមេគង្គចំនួន ៤ ហើយ ដែលមានការគាំទ្រពីរដ្ឋាភិបាលចិន មានដូចជា ស្ពានមេគង្គស្ទឹងត្រែង ស្ពានព្រែកតាមាក់ (ខេត្តកណ្ដាល) ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ (ខេត្តកំពង់ចាម-ត្បូងឃ្មុំ) និងស្ពានមេគង្គខេត្តក្រចេះនេះ។