គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បច្ចុប្បន្នសម្រេចបានជិត ៩០% ហើយ


គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលជាផ្លូវជាតិថ្មីមួយនៅប្រទេសកម្ពុជា ស្ថិតនៅភាគខាងលិច តាមបណ្ដោយជួរភ្នំក្រវាញ មានប្រវែងសរុប ១៩៨ គីឡូម៉ែត្រ សម្រេចការងារសាងសង់ទាំងមូល បានប្រមាណ ៨៨% ហើយ ដោយតភ្ជាប់ចាប់ពីខេត្តបាត់ដំបង រហូតមកដល់ តំបន់សមុទ្រខេត្តកោះកុង ក្នុងនោះក៏មានការសាងសង់ស្ពានខ្ពស់ជាងគេបំផុត នៅកម្ពុជា ដែលមានកម្ពស់ ៧៥ ម៉ែត្រ សម្រេចការងារសាងសង់បាន ៤៣% ផងដែរ។

ក្រោយបើកការដ្ឋានសាងសង់អស់រយៈពេល ៤ ឆ្នាំកន្លះគម្រោងសាងសង់ផ្លូវជាតិលេខ ១០ គ្រោងនឹងបញ្ចប់ទាំងស្រុង នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីជាការសម្រួលដល់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្លូវជាតិ នៅតំបន់ឈូងសមុទ្រថៃ និងជាផ្លូវរបៀងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ផងដែរ។ គម្រោងផ្លូវជាតិលេខ១០ គ្រោងនឹងចំណាយថវិកាប្រមាណ ១៨៨ លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ទទួលសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងប្រើប្រាស់រយៈពេល ៦៦ ខែ ដើម្បីបញ្ចប់គម្រោងទាំងស្រុង។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨ គីឡូម៉ែត្រ ទទឹង ៩ ម៉ែត្រ ឆ្លងកាត់ចាប់ពីស្រុកសំឡូត-វាលវែង-អូរសោម ដល់ក្រុងខេមរភូមិន្ទ ដោយត្រូវបានអនុវត្ត តាមបច្ចេកទេសកម្រិត ៣ ជាផ្លូវកៅស៊ូ ២ ស្រទាប់ DBST និងសាងសង់ស្ពានសរុបចំនួន ២៨ កន្លែង ដោយស្ពានខ្ពស់ជាងគេ មានកម្ពស់ ៧៥ ម៉ែត្រ ប្រវែង ៥៣០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។ គិតមកទល់ពេលនេះ គម្រោងសាងសង់ ផ្លូវកៅស៊ូសម្រេចបាន ៨០% ការសាងសង់ស្ពានសម្រេចបាន ៩៣% ការងារសាងសង់ ស្ពានខ្ពស់ជាងគេ សម្រេចបាន ៤៣% និងការងារលូកាត់ ទទឹងថ្នល់សម្រេចបានជិត ១០០% មកហើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា នៅក្នុងរដូវវស្សានេះ ផ្លូវជាតិលេខ១០ អាចបម្រើការធ្វើដំណើរ របស់ប្រជាពលរដ្ឋយ៉ាងរលូន មិនមានបញ្ហាចោទដូចពីមុននោះទេ ប៉ុន្តែអ្នកដំណើរត្រូវមាន ការប្រុងប្រយ័ត្នពេលបើកបរជានិច្ច ដោយសារកំណាត់ផ្លូវខ្លះ នៅជាក្រួសក្រហមនៅឡើយ ហើយតំបន់ខ្លះទៀតអាចរអិលដោយអន្លើ ជាពិសេសពេលមានភ្លៀងធ្លាក់ខ្លាំង។