កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ១៩០ គិតជាទឹកប្រាក់ ៣,២ ពាន់លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំនេះ ដែលអាចបង្កើតការងារប្រមាណ ១៦,៨ ម៉ឺនកន្លែង


ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨ ៥៧២ កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគ មានការកើនឡើងចំនួន ៧៧ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ២ ពាន់លានដុល្លារ។

គម្រោងវិនិយោគដែលមាន ភាពលេចធ្លោប្រចាំឆមាសទី១ ឆ្នាំ២០២៤ រួមមាន៖

១. ការវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស

• គម្រោងវិនិយោគសណ្ឋាគារផ្កាយ ៥ ចំនួន ២ ៨៧០ បន្ទប់និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារ អាចបង្កើតការងារបាន ៣ ៨៦០ កន្លែង។

• គម្រោងវិនិយោគសាងសង់ វារីអគ្គិសនីស្ទឹងមេទឹក អនុភាព ១៥០ មេហ្គាវ៉ាត់ តាមរយៈទម្រង់ BOT មានទីតាំងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៤៤០ លានដុល្លារ បង្កើតការងារបាន ២២០ កន្លែង។

• គម្រោងសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្ដុភារកម្មកំពង់ឆ្នាំង មានទីតាំងនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ មានទុនវិនិយោគប្រមាណ ១០៨ លានដុល្លារ និងអាចបង្កើតការងារបាន ១១៥ កន្លែង។

• គម្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យ Data Center មានទីតាំងនៅខណ្ឌដូចពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១០៧ លានដុល្លារ និងអាចបង្កើតការងារបាន ៥៤ កន្លែង។

• គម្រោងអភិវឌ្ឍស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០ មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិនិយោគ ៦៥ លានដុល្លារ និងអាចបង្កើតការងារបាន ៣៥ កន្លែង។

២ ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស

• គម្រោងពង្រីកផលិកម្មសម្បកកង់រថយន្ដ នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង ដោយបន្ថែមទុនវិនិយោគលើកទី១ ប្រមាណ ២១២ លានដុល្លារ និងអាចបង្កើតការងារបន្ថែមបាន ៦៥៥ កន្លែង និងលើកទី២ ប្រមាណ ១០៥ លានដុល្លារ អាចបង្កើតការងារបន្ថែមបាន ៥៤២ កន្លែង។

• គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគ ៦០ លានដុល្លារ អាចបង្កើតការងារបាន ២៣៧ កន្លែង។

• គម្រោងវិនិយោគផលិតបន្ទះហ្វ្រាំងគ្រប់ប្រភេទ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៣០ លានដុល្លារ អាចបង្កើតការងារបាន ២៥៣ កន្លែង។

• គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេ ជាំង ស៊ូ ផ្លូវជាតិលេខ៦ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគ ២៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៨៤ កន្លែង។

•  បន្ថែមពីនេះ មានគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសថ្មីៗចំនួន ៤ ខេត្ត មានដូចជា៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ១៦៨ លានដុល្លារ, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧៥ លានដុល្លារ, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេត្តកណ្ដាល ក្នុងទុនវិនិយោគ ៣២ លានដុល្លារ, និងគម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ១៩ លានដុល្លារ។