គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបានសិក្សានិងកំពុងបូកសរុបវាយតម្លៃសន្និដ្ឋាន ដោយវានឹងតចេញពី មហាវិថីឈ្នះឈ្នះ ហើយគ្រោងចំណាយថវិកាសរុបខ្ទង់ ៤,២ ពាន់លានដុល្លារ!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ១៧ កក្កដានេះ បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត នឹងមានប្រវែងផ្លូវសរុបប្រមាណ ៤២០គ.ម មានចំណុចចាប់ផ្តើម ពីភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។

គម្រោងផ្លូវមួយនេះ នឹងឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គ.ម, ខេត្តកណ្ដាល ១៨គ.ម, ខេត្តកំពង់ចាម ៤៣ គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១), ខេត្តកំពង់ធំ ១៣១គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម ៤), ខេត្តសៀមរាប ១៣០គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៥ តំបន់ផ្តល់ សេវាកម្ម ១ ចំណតរថយន្ត ១) និង ខេត្តបន្ទាយមានជ័យ ៩៥គ.ម (ផ្លូវប្ដូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត ១) ផងដែរ។ សរុបទៅ គម្រោងនឹងមានផ្លូវប្តូរទិស១០ កន្លែង, សេវាកម្ម ៧កន្លែង, និងចំណតរថយន្ត ២កន្លែង)។

របាយការណ៍ដដែល បានបន្តឲ្យដឹងថា មកទល់នឹងពេលបច្ចុប្បន្ននេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនទទួលបន្ទុកសាងសង់ បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ (Traffic volume survey) សិក្សាជលសាស្ត្រ (Hydrological survey) ការសិក្សាភូគព្ភសាស្ត្រ (Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey) រួចមកហើយ។

បច្ចុប្បន្នក្រុមហ៊ុន បាននឹងកំពុងសិក្សារៀបចំ បូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យនាពេលនាខាងមុខនេះ ផងដែរ។

គូសសម្គាល់ឲ្យដឹងផងថា ក្រុមហ៊ុន CRBC ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យវិនិយោគសាងសង់ គម្រោងផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុននេះ មានបទពិសោធន៍ និងទទួលស្គាល់ជាអន្តរជាតិ លើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្មលើ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រួចមកហើយ ព្រមទាំងបាន នឹងកំពុងវិនិយោគសាងសង់ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងបាវិតផងដែរ។

គម្រោងផ្លូវនេះ គឺដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿន ទាំងខ្សែ រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ-ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម. មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្លង (២គន្លងទៅ២គន្លងមក) ទទឹង ៣,៧៥ម. សួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង ៣ម. គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម. និងចិញ្ចើមផ្លូវទទឹង ០,៧៥ម. ដោយបានសិក្សាល្បឿន ១០០ ទៅ១២០គ.ម ក្នុងមួយម៉ោង។

ក្រសួងសាធារណការ ក៏បានបញ្ជាក់ដែរថា គម្រោងនេះត្រូវបានចែកចេញ ជាពីរជំហាន ដោយគម្រោងជំហាន១ តភ្ជាប់ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ ២,៥ពាន់លានដុល្លារ និងជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១គ.ម ចំណាយថវិកាប្រមាណ ១,៧ពាន់លានដុល្លារផងដែរ។

ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន