លទ្ធផលនៃការសិក្សា វិភាគ ស្រាវជ្រាវថ្មី៖ ត្រឹមឆ្នាំ ២០៣០ ប្រាសាទខ្មែរចំនួន ១៧ អាចប្រឈមនឹងផលប៉ះពាល់ខ្លាំង ដោយសារកំណើនមនុស្ស ដែលរស់នៅជុំវិញនោះ!


សៀមរាប៖ របាយការណ៍ថ្មីមួយ ត្រូវបានបង្ហាញ ក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោក អង្គរ” នៅខេត្តសៀមរាប កាលថ្ងៃទី១២ សីហា កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំ ដែនដីនគររូបនីយកម្ម និងសំណង់ និង ភាគីពាក់ព័ន្ធប្រមាណជិត ៨០០នាក់ បានបង្ហាញពី លទ្ធផលវិភាគសិក្សា របស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរង ផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័ស នៃចំនួនប្រជាពលរដ្ឋនៅក្នុង តំបន់រមណីយដ្ឋានអង្គរ។

ដូចគ្នានេះដែរ ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគ របស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញទិន្នាការ ដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពី កំណើនដ៏ឆាប់រហ័ស នៃចំនួនប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែម ដោយយោងលើការសិក្សាថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត ១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។

ជាក់ស្តែង តាមនិន្នាការនេះ ការសិក្សាខាងលើ ក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងពីប្រមាណ ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ នៅឆ្នាំ២០២៥ និង រហូតដល់ ១៧ប្រាសាទ នៅឆ្នាំ២០៣០។

ឯកឧត្តម បានគូសបញ្ជាក់ថា បញ្ហានេះត្រូវទាមទារ ឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់លើការងារអភិរក្ស និងត្រូវគិតគួរឱ្យបានដិតដល់ លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ ផងដែរ។

អង្គរវត្ត ជាប្រាសាទបុរាណខ្មែរ ហើយក៏ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាសម្បត្តិវប្បធម៌ របស់មនុស្សជាតិ ដែលមានតែមួយគត់ នៅលើផែនដីនេះ ជាតំណាងឱ្យវប្បធម៌អរិយធម៌ ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង ដូចនេះហើយ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចក្នុងការបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភមួយនេះ នេះបើតាមការលើកឡើង របស់តំណាងអង្គការយូណេស្កូ នៅកម្ពុជា នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោក អង្គរ” កន្លងទៅនេះ។