បរទេស៖ អាស៊ាន ត្រូវបានគេចាត់ទុកថាជា ទីផ្សារដែលមានស្ថេភាព និងរីកចម្រើនយ៉ាងឆាប់រហ័ស និងទទួលបាន ការជម្រុញលំហូរ នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានពីមុនមក ដោយទទួលបានលំហូរ គិតជាទំហំសាច់ប្រាក់ប្រមាណ ២២៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កន្លងទៅ។
ដោយឡែក ការរីកចម្រើននៅលំហូរនេះ នៅតែហក់ឡើងខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងតំបន់អាស៊ាន និងបានស្រូបទុនវិនិយោគពីបរទេស បានរហូតដល់ ១៥៩,៦៧ពាន់លានដុល្លារ ខណៈកម្ពុជាបានស្រូបទាញ ទុនវិនិយោគពីបរទេស បានប្រមាណ ៣,៩៦ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៧ នៅអាស៊ាន នេះបើយោងតាម Manila Times ចុះផ្សាយថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៤។
បន្ថែមពីនេះ ប្រភពដដែលបានឱ្យដឹងទៀតថា ការកើនឡើងនៃការវិនិយោគនេះ បានជម្រុញឡើងដោយ ចំនួនប្រជាជននៅអាស៊ាន ដែលកំពុងមានការកើនឡើងខ្លាំង និងកម្រិតប្រាក់ចំណូលរបស់ពួកគេ ក៏កើនឡើងដែរ ពិសេសប្រទេសអាស៊ានទាំងអស់ កំពុងទទួលបានអត្ថប្រយោជន៍ ជាអ្នកបន្តដ៏សំខាន់ នៃខ្សែច្រវាក់ផ្គត់ផ្គង់ របស់ពិភពលោក ដែលកំពុងហៀរចេញ ពីប្រទេសចិន។
តួយ៉ាងដូចជាប្រទេសសិង្ហបុរី ក្នុងឆ្នំា២០២៣កន្លងទៅនេះ បាននាំមុខគេនៅអាស៊ាន ក្នុងនាមជាអ្នកទទួលបាន FDI ដ៏ធំបំផុត ក្នុងទំហំដល់ ១៥៩,៦៧ពាន់លានដុល្លារ ដោយបានពង្រឹងជំហររបស់ខ្លួន ជាមជ្ឈមណ្ឌលវិនិយោគសកល។
បន្តពីនេះ គឺឥណ្ឌូនេស៊ី បានដេញតាមពីក្រោយ ដោយបានទាក់ទាញ FDI បាន ២១,៦៣ ពាន់លានដុល្លារ ដែលភាគច្រើន នៃការវិនិយោគទាំងនោះ បានផ្តោតទៅលើវិស័យរថយន្តអគ្គិសនី អាគុយ ដំណើរការនីកែល និងថាមពលកកើតឡើងវិញ ពីសហគ្រាសចិន។
ចំណែកឯវៀតណាម និងម៉ាឡេស៊ី ក៏បានជាប់ក្នុងកំណត់ត្រាលំហូរ FDI បន្តបន្ទាប់គ្នាផងដែរ ដោយមានលំហូរទឹកប្រាក់សរុបប្រមាណ ១៨,៥ ពាន់លានដុល្លារ និង៨,៦៥ ពាន់លានដុល្លារ រៀងៗខ្លួន។
យ៉ាងណាមិញ ប្រទេសកម្ពុជាយើង ដែលជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ក៏ប្រមូលបានទឹកប្រាក់ចំនួន ៣,៩៦ ពាន់លានដុល្លារ ក្នុងការវិនិយោគផ្ទាល់ពីបរទេស ដែលនេះជាការសម្គាល់ឱ្យឃើញពី កំណើនរបស់ខ្លួន ក្នុងទិសដៅវិនិយោគដ៏សំខាន់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺច្រើនជាងប្រទេសចំនួន ០៤ទៀតផងដែរ។
ទន្ទឹមនឹងនេះ ឡាវ និងមីយ៉ាន់ម៉ា ទទួលបាន ១,៦៧ ពាន់លានដុល្លារ និង ១,៥២ ពាន់លានដុល្លាររៀងៗខ្លួន។
ចំណែកចំណាត់ថ្នាក់លេខ ១០ និងលេខ ១១ គឺបានទៅលើ ទីម័រ និង ប្រទេសព្រុយណេ សម្រាប់ទំហំ FDI ១៣ លានដុល្លារ និង -៥១ លានដុល្លារ បើយោងតាមតារាងចំណាត់ថ្នាក់។