គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា បានទាញទុនវិនិយោគ បង្កើតរោងចក្រនិងសហគ្រាស ៧៤៥ គម្រោង ក្នុងតម្លៃសរុប ៨,៩ ពាន់លានដុល្លារ


គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស នៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលមានសរុប ៤៩ បានទាញទុនវិនិយោគ បង្កើតរោងចក្រសរុបចំនួន ៧៤៥ គម្រោង សរុបជាទឹកប្រាក់ប្រមាណ ៨,៩ ពាន់លានដុល្លារ ដែលអាចបង្កើតការងារ ជូនប្រជាពលរដ្ឋសរុបចំនួន ១៨ ម៉ឺនកន្លែង។ ក្នុងនោះ តំបន់សេដ្ឋកិច្ចដែលមានទុនវិនិយោគធំៗមានដូចជា នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង បន្ទាយមានជ័យ ព្រះសីហនុ និងកោះកុង ជាដើម។

យោងតាមទិន្នន័យពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ៤៩ ក្នុងនោះមាន ២៦ កំពុងដំណើរការ និង ២៣ ទៀតបានចុះបញ្ជី និងបានកំពុងសាងសង់ -ល- ដោយសរុបទាំងអស់ មានគម្រោងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៧៤៥ គម្រោង រួមមាន ក្រុមហ៊ុន រោងចក្រ ឧស្សាហកម្មតូចធំ ដូចជា ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មយានយន្ដ គ្រឿងអេឡិចត្រូនិច អគ្គិសនី រោងចក្រសំបកកង់យានយន្ដ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរជាដើម។ ទីតាំងដែលប្រមូលផ្ដុំ មានតំបន់សេដ្ឋកិច្ចពិសេសច្រើនបំផុត គឺខេត្តស្វាយរៀង មានចំនួន ៩ ទីតាំង, រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានចំនួន ៥ ទីតាំងដូចគ្នា, បន្ទាយមានជ័យ ៣ ទីតាំង, កំពត ១ ទីតាំង, កោះកុង ១ ទីតាំង, កំពង់ចាម ១ ទីតាំង, និងក្រចេះ ១ ទីតាំង ហើយតំបន់សេដ្ឋកិច្ចពិសេស ទាំងអស់នេះ បានផ្ដល់ការងារជូន ប្រជាពលរដ្ឋសរុបចំនួន ១៨ ម៉ឺនកន្លែង។

តើអ្វីទៅជាតំបន់សេដ្ឋកិច្ចពិសេស? តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សំដៅទៅដល់មជ្ឈមណ្ឌលពិសេស សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ដែលអាចមាន តំបន់ឧស្សាហកម្មទូទៅ ឬតំបន់ផលិតកែច្នៃ សម្រាប់ការនាំចេញ។ បើយោងតាមអនុក្រឹតលេខ ១៤៨ អនក្រ.បក ស្ដីពីការបង្កើត និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស បញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ តម្រូវអោយមានមជ្ឈមណ្ឌលផលិតកម្ម (អាចមានមណ្ឌលពាណិជ្ជកម្មសេរី) មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។ សម្រាប់ទីតាំងវិនិយោគ តំបន់សេដ្ឋកិច្ចពិសេស ត្រូវបានលើកទឹកចិត្ត ជ្រើសរើសនូវទីតាំងស្របតាម យុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាល ដូចជា ជាប់នឹងកំពង់ផែ ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្ដហោះ និងនៅតាមតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិជាដើម។

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកផលិតផលក្នុងស្រុក សម្រាប់នាំចេញទាញទុន វិនិយោគផ្ទាល់ពីបរទេស និងជំរុញដល់កំណើនសេដ្ឋកិច្ចជាវិជ្ជមាន ដោយសារតែតំបន់សេដ្ឋកិច្ចពិសេស មានបទប្បញ្ញត្តិអំណោយផល ទៅលើរនាំងពន្ធគយ និងរដ្ឋករ ព្រមទាំងមានទីតាំង នៅតំបន់អំណោយផលដល់ការនាំចេញ ដែលទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI)។