ការងារជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើង នៃប្រាសាទនាគព័ន្ធ កំពុងបន្តដំណើរការ ខណៈទបង្ហូរទឹកផ្នែកខាងកើត ទើបបានបញ្ចប់ ការជួសជុលរួចរាល់!


សៀមរាប៖ យោងតាមរបាយការណ៍ព័ត៌មាន ដែលទទួលបាន តាមរយៈហ្វេសបុកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលទបង្ហូរទឹក ផ្នែកខាងកើត ប្រាសាទនាគព័ន្ធ ក្នុងរយៈពេលជិត២ខែកន្លងមក កិច្ចការងារនេះបានបញ្ចប់ដោយជោគជ័យ និងក្រុមអ្នកជំនាញកំពុងបន្ត ការងារជួសជុលទបង្ហូរទឹក ផ្នែកខាងជើងវិញម្តង។

ជាក់ស្តែង ក្នុងនោះដែរ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក អ៊ិច ស្រេង បានឱ្យដឹងថា ចាប់ផ្តើមពីដើមខែសីហា ឆ្នាំ២០២៤មក ក្រុមការងារជំនាញ បានបន្តការជួសជុល ទបង្ហូរទឹក នៅផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធ ដើម្បីពង្រឹងរចនាសម្ព័ន្ធ នៃទបង្ហូរទឹក ដែលប្រឈមនឹងគ្រោះថ្នាក់ ឱ្យវារឹងមាំគង់វង្សយូរអង្វែង បន្តទៅមុខទៀត។

ស្ថាបត្យកររូបនេះ បានបន្តថា មុននឹងចាប់ផ្តើមការជួសជុល អភិរក្ស ទបង្ហូរទឹកទាំងនោះ អ្នកជំនាញបានសិក្សាអំពីស្ថានភាពគ្រឹះ សម្រង់ប្លង់គោល របស់ទបង្ហូរទឹកនីមួយៗ ដើម្បីចង់ដឹងអំពីទំហំ នៃភាពខូចខាត ទើបចាប់ផ្តើមជួសជុល ដោយយកតាមលំនាំពីបុរាណ រក្សាអ្វីជាភាពដើមនៃសំណង់ ជ្រើសយកថ្មី មកជំនួសថ្មចាស់ ក្នុងកម្រិតទាបបំផុត រួចចាប់ផ្តើមជួសជុល ពង្រឹងគ្រឹះខាងក្រោម នៃទបង្ហូរទឹកជាមុន  ដោយសារមានសភាពទ្រុឌទ្រោមខ្លាំង ទើបបន្តទៅជួសជុល នៅផ្នែកជណ្តើរវិញម្តង។

សម្រាប់ជំហានបន្ទាប់ ក្រុមការងារនឹងបន្ត ទៅជួសជុលទបង្ហូរទឹក ផ្នែកខាងលិច នៃប្រាសាទនាគព័ន្ធនេះ ដើម្បីធ្វើយ៉ាងណាឱ្យ រចនាសម្ពន្ធរបស់ទបង្ហូរទឹក និងជណ្តើរ រួចផុតពីហានិភ័យ។

គួររម្លឹកដែរថា អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលពង្រឹង ជណ្តើរខាងលិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូល ទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូង នៃស្រះខាងជើង និងកម្រាលជុំវិញដំបូល ទបង្ហូរទឹកខាងជើង ជួសជុលជណ្តើរខាងកើត នៃស្រះខាងលិច និងកម្រាលជុំវិញ ដំបូលទបង្ហូរទឹកខាងលិច នៃប្រាសាទនាគព័ន្ធ ដោយបានចាប់ផ្តើមជួសជុល តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក។

កិច្ចការងារនេះ គឺជាបេសកកម្មដ៏យកចិត្តទុកដាក់បំផុត ដើម្បីសម្រេចបានលទ្ធផលដ៏ល្អ ក្នុងការថែរក្សា អភិរក្ស និងការពាររចនាសម្ព័ន្ធនៃ ស្នាដៃដូនតា ដែលជាប្រាសាទបុរាណ ដ៏ពិសិដ្ឋនេះ ឲ្យអាចបន្តឈរជើងបានយូរអង្វែង សម្រាប់កូនខ្មែរជំនាន់ក្រោយ។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា