រចនាសម្ព័ន្ធរបស់ប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលរងការខូចខាតខ្លាំង កំពុងត្រូវបានជួសជុល ឲ្យរឹងមាំឡើងវិញ ដើម្បីអាចឈរជើងបន្តទៀត សម្រាប់កូនខ្មែរជំនាន់ក្រោយ!


សៀមរាប៖ បើយោងតាមព័ត៌មាន ដែលទទួលបានពីហ្វេសបុកផេក អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនៅថ្ងៃ ៤ កញ្ញានេះ បានឲ្យដឹងថា ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលកំពុងរងការខូចខាត រចនាសម្ពន្ធមួយចំនួន ឱ្យបានរឹងមាំឡើងវិញ។

គួរឲ្យដឹងដែរថា ប្រាសាទអូរផ្អុង ដែលកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែក កាន់តែធំធ្វើឱ្យដុំឥដ្ឋជាច្រើន ប្រឈមនឹងការជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះ ក៏កំពុងជ្រុះធ្លាក់ដែលឈាន ទៅរកបាត់ទម្រង់ដើមនៃប្រាសាទ ផងដែរ។

ក្នុងការងារនោះដែរ លោក ពុទ្ធ សុទ្ធ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល បានឱ្យដឹងថា ក្រុមការងារកំពុងរៀបចំជួសជុល ប្រាសាទអូរផ្អុងនេះ ជាច្រើនផ្នែក ដូចជា ពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងឥដ្ឋលើស៊ុមទ្វារ ជើងជញ្ជាំងដែល ពុកផុយទាំងបួនជ្រុង ដំបូលរបស់រួតទី៣ ជួសជុលស្នាមប្រេះ លុបថ្នក់ទឹក ព្រមទាំងទល់ទ្រប្រាង្គ និងសម្អាតដោយដក កូនរុក្ខជាតិដែលដុះលើ ជញ្ជាំងប្រាសាទចេញផង។

មន្ត្រីទទួលបន្ទុកការដ្ឋានរូបនេះ បានបន្តទៀតថា ប្រាសាទនេះ រងការខូចខាតខ្លាំង ដោយកត្តាទឹកភ្លៀង និងរុក្ខជាតិ ដែលដុះចាក់ឬស ធ្វើឱ្យគ្រឹះស្រុត បណ្តាលឱ្យមាន ស្នាមប្រេះតូចធំជាច្រើនកន្លែង។ បញ្ហាសំណើមក៏ធ្វើឱ្យខឿន របស់ប្រាសាទពុកផុយ។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការជួសជុល ប្រាសាទអូរផ្អុងម្ដងមកហើយ ដោយការជួសជុលកាលណោះ គឺពង្រឹងផ្នែកខាងក្រៅ នៃជញ្ជាំងទាំង៤ជ្រុង និងជួសជុលរួតទី១និងទី២។

អូរផ្អុង គឺជាក្រុមប្រាសាទមួយ ក្នុងចំណោមប្រាសាទផ្សេងទៀត នៅលើភ្នំគូលែន ដូចជា ប្រាសាទដំរីក្រាប ប្រាសាទរោងចិនអ្នកតា និងប្រាសាទខ្ទីងស្លាប់។ ប្រាសាទនេះ បានកសាងឡើង នៅលើទីខ្ពស់ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ អំឡុងសតវត្សរ៍ទី៨ នៃគ្រីស្ដសករាជ។

ប្រភពពី អាជ្ញាធរជាតិអប្សរា