សៀមរាប៖ បើយោងតាមព័ត៌មាន ដែលទទួលបានដោយអាជ្ញាធរជាតិអប្សរា ដែលបានចុះផ្សាយលើហ្វេសបុកផេកផ្លូវការ របស់ខ្លួន នៅថ្ងៃទី ៩ កញ្ញានេះ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័ន ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បន្តជួសជុល កំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មី មកជំនួសថ្មចាស់ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមាន រូបរាងពេញលេញឡើងវិញ។
ជាក់ស្តែង ក្នុងនោះដែរ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុល នៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម គឺសម្រេចបាន តួខ្លោងទ្វារ រួមទាំងស្លាបសងខាង និងរចនាសម្ពន្ធដំបូល។
បច្ចុប្បន្នក្រុមការងារជួសជុល បន្តចាប់ពីរចនាសម្ពន្ធ ចង្ការនៃផ្ទៃមុខព្រហ្មឡើង ទៅលើបន្ថែមទៀត តាមថ្មចាស់ដែលនៅសេសសល់ ដើម្បីឱ្យខ្លោងទ្វារនេះ មានរូបរាងដូចដើមឡើងវិញ។ ក្រុមការងារមានការត្រេកអរ ដែលអ្នកជំនាញអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានអនុញ្ញាត ហើយខ្លោងទ្វារទាំងមូល នឹងបង្ហាញរូបរាងពេញលេញ តាមលំនាំដើ មក្នុងពេលឆាប់ៗខាងមុខនេះ។
គួររម្លឹកផងដែរថា គម្រោងជួសជុល ខ្លោងទ្វារខាងកើតនៃ ប្រាសាទតាព្រហ្មនេះ បានចាប់ផ្ដើមជួសជុល កាលពីដើមឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤ខាងមុខ។
នៅមុនពេលជួសជុល ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោមខ្លាំង គឺប្រាង្គកណ្ដាលផ្នែកខាងលើ និងថ្មដំបូលរលុះទាំងស្រុង គឺនៅសល់ផ្នែកខ្លះ នៃស្លាបសងខាងប៉ុណ្ណោះ តែគ្មានលំនឹង ហែក ក្រៀកចេញពីគ្នាក្នុង ស្ថានភាពហានិភ័យខ្ពស់ផងដែរ។
ប្រភពពី អាជ្ញាធរជាតិអប្សរា