ភ្នំពេញ៖ យោងតាមព័ត៌មាន ដែលទទួលបានពីរបាយការណ៍ នៃក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយ នាពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជា ធ្វើការនាំចេញ ទៅកាន់សហភាពអឺរ៉ុប (EU) បន្តមានកំណើនកើនឡើង ជាមួយនឹងទំហំនាំចេញ ទៅកាន់ប្លុកដែលមានចំនួន ២,៩ ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៤ នេះ។
ប្រភពដដែលបានបន្តថា ទំហំនៃការនាំចេញនេះ បានកើនឡើង ១៦,២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក សម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម (ការនាំចេញ និងការនាំចូល រួមគ្នា) បានកើនឡើង ៩,៦២% ឈានដល់ ៣,៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែ កន្លងមកនេះផងដែរ។
របាយការណ៍បានបញ្ជាក់ថា អេស្ប៉ាញ និងអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មធំបំផុត របស់កម្ពុជា នៅសហភាពអឺរ៉ុប ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៧០៦ លានដុល្លារ និង ៦៩២ លានដុល្លារ រៀងគ្នា។ គោលដៅផ្សេងទៀតរបស់កម្ពុជា នៅសហភាពអឺរ៉ុប មានដូចជា បារាំង បែលហ្សិក និងហូឡង់ ជាដើម។
សម្រាប់ផលិតផលនាំចេញវិញ គឺកម្ពុជានាំចេញជាចម្បងនូវ គ្រឿងវាយនភណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត ទៅកាន់សហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA (អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ)។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអនុញ្ញាតឱ្យ ផលិតផលកម្ពុជា ចូលទីផ្សារសហភាពអឺរ៉ុប ដោយមិនគិតពន្ធ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកំណើនមួយនេះ។
អ្នកឧកញ៉ា បានមានប្រសាសន៍ថា “ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះ ផលិតផលកម្ពុជា អាចចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ហើយការកើនឡើង នៃទំហំនាំចេញឆ្លុះបញ្ចាំងពី តម្រូវការផលិតផល ដែលបំពេញតាមស្តង់ដារគុណភាព។”
គួររម្លឹកផងថា កាលពីសប្តាហ៍មុន កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-អឺរ៉ុប លើកទី១ ត្រូវបានធ្វើឡើងនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីបង្កើតយន្តការដ៏រឹងមាំមួយ សម្រាប់ការការពារ ការវិនិយោគរបស់អឺរ៉ុបនៅកម្ពុជា និងការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព ផងដែរ។
ក្នុងនោះដែរ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក Igor Driesmans បានសង្កត់ធ្ងន់ លើការគាំទ្រឥតងាករេ របស់សហភាពអឺរ៉ុប សម្រាប់ដំណើរអភិវឌ្ឍន៍របស់កម្ពុជា។ លោកបានគូសបញ្ជាក់ពី យុទ្ធសាស្ត្រ ច្រកផ្លូវសកល (Global Gateway) ជាឧបករណ៍ដ៏មានតម្លៃ សម្រាប់ការទាក់ទាញការវិនិយោគរបស់ EU និងជម្រុញកំណើនប្រកបដោយចីរភាព។
លោក Driesmans មានប្រសាសន៍ថា “សហភាពអឺរ៉ុបប្តេជ្ញា ក្នុងភាពជាដៃគូរបស់ខ្លួន ជាមួយកម្ពុជា ក្នុងនាមក្រុមអឺរ៉ុប ដើម្បីលើកកម្ពស់ ការផ្លាស់ប្តូរបៃតង និងឌីជីថល និងរួមដំណើរជាមួយ ប្រទេសកម្ពុជាតាមរយៈការបញ្ចប់ពី ឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នាពេលខាងមុខ។ យុទ្ធសាស្ត្រវិនិយោគ Global Gateway នឹងក្លាយជាឧបករណ៍របស់ សហភាពអឺរ៉ុបដើម្បីជួយប្រទេសកម្ពុជា នៅដំណាក់កាលនេះ។”
ប្រភពពី ក្រសួងពាណិជ្ជកម្ម និង KhmerTimes