កម្ពុជា ដាក់ចេញគោលដៅ ផលិតថាមពលស្អាត អោយបាន ៧០% នៅត្រឹមឆ្នាំ២០៣០


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញដល់ ការអភិវឌ្ឍន៍ថាមពលស្អាត អោយបានដល់ ៧០% នៃប្រភពថាមពលអគ្គិសនី ប្រើប្រាស់សរុបនៅក្នុងប្រទេស នៅត្រឹមឆ្នាំ២០៣០ ដែលផែនការនេះ គឺលើសពីផែនការអភិវឌ្ឍន៍ ថាមពលស្អាតនៅក្នុង ប្រទេសអាស៊ានរហូតដល់ ២ ដង ដែលថាមពលស្អាតនៅអាស៊ាន មានគោលដៅសម្រេចបានត្រឹម ៣៦% ប៉ុណ្ណោះត្រឹមឆ្នាំ២០៣០។

នៅក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំទៀតប៉ុណ្ណោះ ចន្លោះពីឆ្នាំ២០២៤-២០២៩ គោលនយោបាយថាមពលកម្ពុជា ព្យាយាមជំរុញការអភិវឌ្ឍន៍ ថាមពលអគ្គិសនី គ្របដណ្ដប់ទូទាំងប្រទេស ជាមួយតម្លៃទាបសមរម្យ និងបន្ថែមដោយការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ឬថាមពលស្អាត អោយបានយ៉ាងតិច ៧០% នៃចំនួនថាមពលសរុប។ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ថាមពលស្អាត នឹងជួយការពារដល់បរិស្ថាន ធានាបាននូវ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព បំពេញការប្រើប្រាស់ ប្រកបដោយបរិយាប័ន្ន។ យ៉ាងណាមិញ កម្ពុជាប្រកាន់ជំហរច្បាស់លាស់ នឹងមិនសាងសង់ ទំនប់វារីអគ្គិសនីនៅតាម ដងទន្លេមេគង្គទៀតទេ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៤០ ខណៈដែលថាមពលដើរដោយធ្យូងថ្ម ក៏ត្រូវបានផ្អាក ការសាងសង់បន្ថែមផងដែរ។

គិតត្រឹមឆ្នាំ២០២៣ ថាមពលអគ្គិសនីប្រើប្រាស់សរុប នៅកម្ពុជា មានប្រភពផ្សេងៗគ្នាដូចជា៖

• ការទិញថាមពល មកពីប្រទេសជិតខាង រួមមាន ឡាវ ថៃ និងវៀតណាម សរុបចំនួន ៣៣%
• ការប្រើប្រាស់ថាមពលនាំចូល ដើរដោយធ្យូងថ្ម និងឥន្ធនៈផូស៊ីល មានចំនួន ២៥,៦%
• និងការប្រើប្រាស់ធនធានក្នុងប្រទេសមានចំនួនសរុប ៤៤%។\

ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល លើកឡើងថា ថាមពលពន្លឺព្រះអាទិត្យ ជាថាមពលអាទិភាព សម្រាប់ការអភិវឌ្ឍន៍ ព្រោះវាជាថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន។ គិតត្រឹមឆ្នាំ២០២៣ ថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានត្រឹម ៦,៧% នៃចំនួនថាមពលអគ្គិសនីសរុប ដោយរំពឹងថា អាចកើនឡើងដល់ ១ ០០០ មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០៣០ និងឡើងដល់ ៣ ១៥៥ មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០៤០ ដែលរួមចំណែកលើសពី ៤៥% នៃថាមពលប្រើប្រាស់សរុប។

រយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័ត នូវគម្រោងវិនិយោគ ថាមពលអគ្គិសនីចំនួន ២៣ គម្រោង ស្មើនឹងទឹកប្រាក់វិនិយោគសរុប ៥,៧៩ ពាន់លានដុល្លារ ដោយក្នុងនោះរួមមាន គម្រោងថាមពល ដើរដោយពន្លឺព្រះអាទិត្យចំនួន ១២ គម្រោង ថាមពលដើរដោយខ្យល់ ចំនួន ៦ គម្រោង និងគម្រោងថាមពល កកើតឡើងវិញផ្សេងៗទៀត ចំនួន ៥ គម្រោង បូករួមជាមួយស្ថានីយ៍ និងអនុស្ថានីយ៍សរុបចំនួន ២១ ដែលអាចផ្គត់ផ្គង់ អគ្គិសនីបន្ថែមបានដល់ ៣ ៩៥០ មេហ្គាវ៉ាត់។

ការអភិវឌ្ឍន៍ថាមពលអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោម វិស័យអាទិភាពគន្លឹះទាំង ៥ ក្នុងយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលរួមមាន ការអភិវឌ្ឍន៍ធនធាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ ការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ប្រកបដោយតម្លៃសមរម្យ និងការអភិវឌ្ឍន៍ ថាមពលអគ្គិសនីកកើតឡើងវិញ មិនត្រឹមតែបម្រើដល់ ការប្រើប្រាស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបម្រើ ការផ្គត់ផ្គង់ឧស្សាហកម្មធំៗ ទាក់ទាញនូវគម្រោងវិនិយោគ កាត់បន្ថយថ្លៃផលិត ព្រមទាំងរួមចំណែកដល់ ផែនការប្រែក្លាយទៅជា ប្រទេសអាព្យាក្រឹតកាបូន និងជាប្រទេស មានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។

 

ប្រភព៖ ហ្វេសបុកផេកផ្លូវការ​ សម្តេចធិបតី នាយករដ្ឋមន្ត្រី