អាស៊ី គឺជាទ្វីបដែលមានទំហំធំ ជាងគេបំផុត ដែលក្ដោបយកប្រមាណ ៣០% នៃផ្ទៃដីគោកលើពិភពលោក មានផ្ទៃដីសរុបជាង ៤៤ លានគីឡូម៉ែត្រការ៉េ បែងចែកចេញចំនួន ៤៨ ប្រទេសប៉ុណ្ណោះ ប៉ុន្តែជាទ្វីបមានប្រជាជនរស់នៅ ច្រើនបំផុត ក្ដោបយកប្រមាណ ៦០% នៃចំនួនមនុស្សជាតិសរុប ៨,២ ពាន់លាននាក់ គិតត្រឹមឆ្នាំ២០២៤ ស្មើនឹងមនុស្សជាតិ ៤,៥ ពាន់លាននាក់ រស់នៅទ្វីបអាស៊ី។ អត្ថបទនេះ យើងនឹងមកស្គាល់ ប្រទេសមានផ្ទៃដីធំបំផុត ទាំង ១០ នៅទ្វីបអាស៊ី។
សូមបញ្ជាក់ថា អាស៊ីត្រូវបានបែងចែកភូមិសាស្ត្រចេញជា ៥ តំបន់ គឺអាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីខាងត្បូង អាស៊ីកណ្ដាល និងអាស៊ីអាគ្នេយ៍។
១. ប្រទេសរុស្ស៊ី
រុស្ស៊ីមិនត្រឹមតែជាប្រទេសធំបំផុត នៅអាស៊ីប៉ុណ្ណោះទេ ថែមទាំងជាប្រទេសធំបំផុត នៅលើពិភពលោកទាំងមូល ដែលមានផ្ទៃដីសរុប ១៧,១ លានគីឡូម៉ែត្រការ៉េ។ ទឹកដីប្រទេសរុស្ស៊ី ស្ថិតនៅទ្វីបអាស៊ី ៧៥% ស្មើនឹងទំហំ ១៣ លានគីឡូម៉ែត្រការ៉េ ហើយប្រទេសនេះ លាតសន្ធឹងពីទ្វីបអាស៊ីខាងកើត រហូតដល់អឺរ៉ុបខាងកើត និងត្រូវបែងចែកចេញជា ១១ ល្វែងម៉ោង និងមានរដ្ឋធានីនៅអឺរ៉ុបខាងកើត គឺទីក្រុងម៉ូស្គូ។
២. ប្រទេសចិន
ប្រទេសចិន មានផ្ទៃដីធំបំផុតទី២ នៅអាស៊ី និងមានប្រជាជនច្រើនបំផុតលំដាប់ទី១ លើពិភពលោក។ ប្រទេសចិន ជាផ្ទះនៃប្រជាជនសរុប ១,៤ ពាន់លាននាក់ មានផ្ទៃដីសរុប ៩,៥ លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងពីអាស៊ីខាងកើត មហាសមុទ្រប៉ាស៊ីហ្វិក រហូតទៅដល់អាស៊ីកណ្តាល។ ទឹកដីប្រទេសចិន បែងចែកចេញជា ២២ ខេត្ត ទីក្រុងគោលចំនួន ៤ តំបន់ស្វយ័តចំនួន ៥ និងតំបន់រដ្ឋបាលពិសេសចំនួន ២។
៣. ប្រទេសឥណ្ឌា
ឥណ្ឌា មានផ្ទៃដីសរុប ៣,២ លានគីឡូម៉ែត្រការ៉េ ជាផ្ទះនៃប្រជាជនសរុប ១,៣២ ពាន់លាននាក់ និងជាប្រទេសមាន ប្រជាជនច្រើនបំផុតទី២ លើពិភពលោក។ ឧបទ្វីបឥណ្ឌា ជាប្រទេសមានផ្ទៃដីធំបំផុត នៅអាស៊ីខាងត្បូង មួយភាគធំហ៊ុមព័ន្ធដោយឆ្នេរសមុទ្រ អាចភ្ជាប់ទៅកាន់សមុទ្រអារ៉ាប់ ឈូងសមុទ្រ Bengal និងមហាសមុទ្រឥណ្ឌា។
៤. ប្រទេសកាហ្គាក់ស្ថាន
កាហ្គាក់ស្ថាន ជាប្រទេសធំបំផុតនៅអាស៊ីកណ្ដាល មានផ្ទៃដីសរុប ២,៧ លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជិត ១៨ លាននាក់។ កាហ្គាក់ស្ថាន ជាប្រទេសគ្មានផ្លូវភ្ជាប់ទៅមហាសមុទ្រ ឬហៅថាប្រទេស Landlocked ធំជាងគេបង្អស់លើពិភពលោក មានព្រំដែនជាប់ទៅនឹងប្រទេសរុស្ស៊ី ប្រទេសចិន ប្រទេសអ៊ូសបេគីស្ថាន ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសតួកមិននីស្ថាន និងសមុទ្រកាសព្យែន។ កាហ្គាក់ស្ថាន មានតំបន់វាលស្មៅធំជាងគេបំផុត លើពិភពលោក ឈ្មោះ Kazakh Steppe មានផ្ទៃដីសរុបជាង ៨០៤ ៤៥០ គីឡូម៉ែត្រការ៉េ។
៥. ប្រទេសអារ៉ាប៊ី សាអ៊ូឌីត
អារ៉ាប៊ី សាអ៊ូឌីត ជាប្រទេសធំបំផុតទី៥ នៅអាស៊ី និងធំជាងគេនៅឧបទ្វីបអារ៉ាប់ មានផ្ទៃដីសរុប ២,១ លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ៣៣ លាននាក់។ ប្រទេសនេះ មានឆ្នេរសមុទ្រខាងកើត និងខាងលិច ជាប់ឈូងសមុទ្រពែក្ស និងសមុទ្រក្រហម ខណៈដែលផ្ទៃដីភាគច្រើន សុទ្ធសឹងជាតំបន់ស្ងួត តំបន់វាល និងវាលខ្សាច់ ប៉ុន្តែជាប្រទេសស្ដេចអណ្ដូងប្រេង ធំលំដាប់ទី២ នៅលើពិភពលោក។
៦. ប្រទេសឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី ជាប្រទេសកោះធំបំផុតនៅអាស៊ី ជាប្រទេសមានផ្ទៃក្រឡាធំបំផុត និងប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានបញ្ចូលគ្នាដោយ កោះសរុបចំនួន ១៧ ០០០ កោះ មានផ្ទៃក្រឡាសរុប ១,៩ លានគីឡូម៉ែត្រការ៉េ និងមានមនុស្សរស់នៅជាង ២៨៥ លាននាក់ គឺជាប្រទេសមានប្រជាជន ច្រើនបំផុតលំដាប់ទី៤ លើពិភពលោក នៅពីក្រោយប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិច។ កោះធំៗបំផុតនៅឥណ្ឌូនេស៊ី មានកោះស៊ូម៉ាត្រា កោះជ្វា កោះបូណេអូ កោះស៊ូឡាវេស៊ី ជាដើម។
៧. ប្រទេសអ៊ីរ៉ង់
អ៊ីរ៉ង់ ជាប្រទេសធំទី៦ នៅអាស៊ី និងធំលំដាប់ទី២ នៅមជ្ឈឹមបូព៌ា ដោយមានផ្ទៃដីសរុប ១,៦ លានគីឡូម៉ែត្រការ៉េ ដែលមានប្រជាជនរស់នៅជាង ៨០ លាននាក់។ ប្រទេសនេះ មានប្រវត្តិសាស្ត្រចំណាស់ និងមានតំបន់សម្បត្តិបេតិកភ័ណ្ឌពិភពលោក ចុះបញ្ចីនៅអង្គការ UNESCO ច្រើនជាងគេបំផុត រហូតដល់ ២២ តំបន់។
៨. ប្រទេសម៉ុងហ្គោលី
ធ្លាប់ជាមហាអំណាចធំមួយ នៅអាស៊ីខាងជើង បច្ចុប្បន្នប្រទេសម៉ុងហ្គោលី ហ៊ុមព័ន្ធដោយប្រទេសរុស្ស៊ី និងប្រទេសចិន មិនមានដីជាប់សមុទ្រឡើយ ប៉ុន្តែមានផ្ទៃដីធំដល់ ១,៥ លានគីឡូម៉ែត្រការ៉េ មានឈ្មោះជាប្រទេស Landlocked ធំលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសកាហ្គាក់ស្ថាន និងមានប្រជាជនរស់នៅប្រមាណ ៣ លាននាក់។ ផ្ទៃដីប្រទេសនេះ ភាគច្រើនគឺជាតំបន់ខ្ពង់រាប តំបន់វាល និងវាលស្មៅ។
៩. ប្រទេសប៉ាគីស្ថាន
ស្ថិតភាគពាយ័ព្យ នៃប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន មានផ្ទៃដីសរុប ៨៨១ ៩១៣ គីឡូម៉ែត្រការ៉េ មានប្រជាជនសរុប ២២១ លាននាក់។ ផ្ទៃដីប្រទេសប៉ាគីស្ថាន មួយផ្នែកធំ សុទ្ធសឹងជាតំបន់ភ្នំ និងខ្ពង់រាប ជាក់ស្ដែងប្រទេសនេះ មានភ្នំខ្ពស់ៗចំនួន ៥ ដែលមានកម្ពស់លើសពី ៨ គីឡូម៉ែត្រ លើនេវ៉ូទឹកសមុទ្រ។
១០. ប្រទេសតួកគី
តួកគី ជាប្រទេសមានផ្ទៃដី មួយភាគធំនៅអាស៊ី និងមួយផ្នែកនៅអឺរ៉ុបអាគ្នេយ៍ ប្រទេសនេះ មានផ្ទៃក្រឡាសរុប ៧៨៣ ៣៥៦ គីឡូម៉ែត្រការ៉េ (៧៥៦ ៦៨៨ នៅអាស៊ី និង ២៣ ៧៦៤ នៅអឺរ៉ុប) និងមានប្រជាជនរស់នៅ ប្រមាណ ៨០ លាននាក់។ ប្រទេសតួកគី ភាគច្រើនមានព្រំដែន ជាប់ទៅនឹងផ្ទៃសមុទ្រ ដូចជា សមុទ្រខ្មៅ សមុទ្រម៉ាម៉ារ៉ា និងសមុទ្រ Aegean ជាដើម។ ប្រទេសនេះ មានសណ្ឋានដីចម្រុះ រាប់ចាប់ពីតំបន់ភ្នំ ខ្ពង់រាប ទៅតំបន់ទន្លេ និងជ្រលងឆ្នេសមុទ្រ ហើយជាផ្ទះនៃអម្បូរសត្វជាង ៨ ម៉ឺនប្រភេទ។
ប្រភព៖ World Atlas