សៀមរាប៖ បើយោងតាមព័ត៌មានដែលទទួលបាន ពីអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ៣១ តុលាឆ្នាំ២០២៤ នេះ បានឲ្យដឹងថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា មានការមមាញឹក ក្នុងការដឹកជញ្ជូន ថ្មភក់ថ្មីចំនួនប្រមាណជាង ៦០ដុំ ដើម្បីយកទៅជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទអង្គរវត្ត។
គួរឲ្យដឹងដែរថា ថ្មភក់១ដុំៗ មានទម្ងន់ចាប់ពីជាង ៩០គីឡូក្រាម រហូតទៅដល់ជាង២តោននេះ និងមានប្រវែងជាង ៣ម៉ែត្រផង គឺប្រើឧបករណ៍កៅឡាក់ លើកដាក់លើរន្ទារឡូរី ហើយអូសឆ្លងកាត់ថែវទី១និងទី២ នៅទិសខាងកើតនៃ ប្រាសាទអង្គរវត្ត។ បន្ទាប់មកលើកដាក់រទេះ អូសចម្ងាយជាង ១០០ម៉ែត្រ ថែមទៀត ទើបដល់ការដ្ឋានជួសជុល ស្ថិតនៅខាងលិចរួតបាកាន។
ក្នុងនោះដែរ ស្ថាបត្យករ និងគ្រប់គ្រងការដ្ឋាន ជួសជុលបណ្ណាល័យខាងត្បូង រួតទី២ប្រាសាទអង្ករវត្ត លោក ឃាម មុនី បានឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធបណ្ណាល័យ និងស្ពានហាលបណ្ណាល័យ ត្រូវការថ្មភក់ថ្មីចំនួន៦៥ដុំ ដើម្បីបំពេញបន្ថែម នៅតាមទីតាំងចាំបាច់មួយចំនួន ដែលថ្មចាស់បានបាត់ និងខូចខាត ស្របតាមអនុសាសន៍ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា ទីតាំងដែលត្រូវជំនួសថ្មថ្មី ទាំងនោះ មានសសរស្ពានហាលនៃបណ្ណាល័យ ថ្មកម្រាលស្ពានហាល ថ្មជើងទម្របង្កាន់ដៃនាគ ថ្មបង្កាន់ដៃនាគ ថ្មកម្រាលបណ្ណាល័យ ថ្មសម្រាប់តភ្ជាប់និងសសរ ថ្មសសរពេជ្រ ថ្មទម្រសសរពេជ្រជាដើម។
យ៉ាងណា ដើម្បីអាចដឹកជញ្ជូនថ្ម ដែលមានទម្ងន់ធ្ងន់ទាំងនោះ ទៅដល់ទីតាំងការដ្ឋានជួសជុលបាន គឺក្រុមការងារបាន ខិតខំយកចិត្តទុកដាក់ ត្រូវចំណាយពេលប្រមាណជាង២ខែ រៀបចំធ្វើរន្ទារឡូរីនៅរួតទី១ និងទី២ ប្រវែងជាង៦០ម៉ែត្រ ព្រមទាំងដំឡើង កៅឡាក់សម្រាប់លើកថ្មផង ព្រោះការលើកដាក់ថ្មពីរួតទី១ ឡើងមករួតទី២ មានកម្ពស់ប្រមាណ១២ម៉ែត្រ។
ចំណែកថ្មទាំង៦៥ដុំ ត្រូវយកមកជួសជុល បានដឹកជញ្ជូនតាមរថយន្ត មកដាក់នៅច្រកចូល ខាងកើតរួតទី១ ដើម្បីឱ្យក្រុមការងារលើកម្តងមួយដុំៗ តាមបច្ចេកទេស ដែលបានរៀបចំ។
សូមបញ្ជាក់ដែរថា ការងារដឹកជញ្ជូនថ្ម សម្រាប់ជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទអង្គរវត្ត ចាប់ផ្ដើមតាំងពីដើមខែតុលា ហើយគ្រោងនឹងបញ្ចប់នៅចុងខែតុលានេះ ផងដែរ ដោយចំណាយពេលពេញ ១ខែតែម្តង សម្រាប់ការងារនេះ។
ប្រភព៖ អាជ្ញាធរជាតិអប្សរា