ប្រទេសថៃ គ្រោងនឹងសាងសង់ ព្រលានយន្ដហោះបន្ថែមចំនួន ៦ ទៀត ដើម្បីប្រែក្លាយខ្លួន ជាមជ្ឈមណ្ឌលដឹកជញ្ជូន ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក!


ក្នុងសន្និសីទលើកទី៥៩ នៃអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DGCA) ក្រោមមូលបទ "ការបង្កើតអនាគត វិស័យដឹកជញ្ជូនតាមផ្លូវអាកាស៖ និរន្តរភាព ភាពធន់ និងរួមបញ្ចូល" ដែលបានប្រារព្ធឡើង នៅប្រទេសហ្វីលីពីន មានអ្នកចូលរួមតំណាងមកពី ៤៨ ប្រទេសជុំវិញពិភពលោក រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Manaporn Charoensri បានបង្ហាញថា រាជរដ្ឋាភិបាលថៃ ជម្រុញគម្រោងសាងសង់ ព្រលានយន្ដហោះបន្ថែមចំនួន ៦ ទៀត នៅក្នុងប្រទេស ដើម្បីក្លាយខ្លួនជា មជ្ឈមណ្ឌលដឹកជញ្ជូន តាមផ្លូវអាកាសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ប្រទេសថៃ មានមហិច្ឆតាបង្កើនចំនួន អ្នកដំណើរតាមផ្លូវអាកាស អោយបានលើសបច្ចុប្បន្ន ២ ដង នៅក្នុងរយៈពេល ២០ ឆ្នាំទៅមុខ មិនថាការតភ្ជាប់ជើងហោះហើរក្នុងស្រុក ឬជើងហោះហើរអន្តរជាតិឡើយ នឹងក្ដីរំពឹងក្លាយខ្លួនទៅជា មជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកតែម្ដង សម្រាប់ទទួលយន្ដហោះមកពីគ្រប់ទិសទី និងមជ្ឈមណ្ឌលផ្លាស់ប្ដូរ ជើងហោះហើរឆ្លងទ្វីបជាដើម។

ដើម្បីសម្រេចផែនការនេះ ប្រទេសថៃ មានគម្រោងសាងសង់ ព្រលានយន្ដហោះថ្មីៗបន្ថែមចំនួន ៦ ដោយលោករដ្ឋមន្ត្រីដឹកជញ្ជូនថៃ បញ្ជាក់ថា ព្រលានយន្ដហោះទាំងនោះ នឹងត្រូវសាង់សង់ក្នុងខេត្ត Mukdahan, ខេត្ត Beung Kan, ខេត្ត Satun, ខេត្ត Phayao, ខេត្ត Kalasin, និងខេត្ត Phatthalung បូករួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តបន្ថែមទៀត មិនត្រឹមតែសម្របសម្រួល ដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជម្រុញ ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ផងដែរ។

គិតមកទល់ពេលនេះ វឌ្ឍនភាពនៃព្រលានយន្ដហោះទាំង ៦ ត្រូវសាងសង់បន្ថែម ក្នុងប្រទេសថៃ មានដូចខាងក្រោម៖

•    ព្រលានយន្ដហោះ Phayao Airport បានទទួលកញ្ចប់ថវិការួចរាល់ ត្រៀមនឹងសាងសង់នៅដើមឆ្នាំ២០២៥
•    ព្រលានយន្ដហោះ Kalasin និង Phatthalung Airport ទើបបញ្ចប់ការសិក្សាលទ្ធភាពសាងសង់
•    ព្រលានយន្ដហោះ Mukdahan Airport និង Beung Kan Airport ស្ថិតក្នុងដំណាក់កាលសិក្សា និងវាយតម្លៃលើបរិស្ថាន
•    ព្រលាយន្ដហោះ Satun Airport កំពុងជ្រើសរើសក្រុមហ៊ុនរចនា និងសិក្សាផលប៉ះពាល់ ស្របទៅតាមស្ដង់ដា និងបទដ្ឋានអន្តរជាតិ។

 

ប្រភព៖ Bangkok Post