ទោះលោក Trump ស្រែក ក៏ធនាគារពិភពលោក សម្រេចផ្ដល់កម្ចីហិរញ្ញប្បទានដល់ចិនសម្រាប់រយៈពេល ៥ ឆ្នាំដដែល

ចិន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ចិន បានធ្វើសេចក្ដីប្រកាសជាសាធារណៈកាលពីថ្ងៃអង្គារ កន្លងទៅនេះ ជុំវិញកញ្ចី ហិរញ្ញប្បទាន ដែលផ្ដល់ដោយធនាគារពិភពលោក (World Bank) សម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀត បន្ទាប់ពីមានការស្នើសុំ និងបានអនុម័តជាផ្លូវការ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគាររួចរាល់។ ស្ថិតក្នុងការផ្ដល់ហិរញ្ញប្បទាននេះ ក៏មានការលូកដៃ ពីសំណាក់លោកប្រធានាធិបតី អាមេរិក ផងដែរគឺ លោក Donald Trump ដែលទទូចឲ្យធនាគារពិភពលោក ពិចារណា និងឈប់ផ្ដល់ជំនួយហិរញ្ញប្បទានទៅដល់ចិន ខណៈពេលចិនមានថវិការស្រាប់ហើយ តែយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ធនាគារបានធ្វើរួចរាល់ទៅហើយ។

ធនាគារពិភពលោក នឹងបន្តធ្វើការផ្ដល់នូវកម្ចីហិរញ្ញប្បទានដល់រដ្ឋាភិបាលចិន សម្រាប់រយៈពេល ៥ ឆ្នាំទៅមុខបន្ថែមទៀត សម្រាប់យកទៅប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍជាតិ ពិសេសទាក់ទងនឹងកិច្ចការពារបរិស្ថាននាពេលបច្ចុប្បន្ន គិតចាប់ពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៥ ខាងមុខ។ ការផ្ដល់ជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោកនេះ នឹងផ្ដល់ជូននូវចំនួនទឹកប្រាក់ចន្លោះពី ១ ពាន់លានដុល្លារ ទៅដល់ ១,៥ ពាន់លានដុល្លារអាមេរិក ខណៈទឹកប្រាក់ហិរញ្ញប្បទានចំនួន ៨០ លានដុល្លារ ទៅ ១,២ ពាន់លានដុល្លារផ្សេងទៀត នឹងផ្ដល់ជូនដោយអង្គការហិរញ្ញវត្ថុអន្តរជាតិហៅកាត់ថា IFC។ 

យោងតាមធនាគារពិភពលោក បានឲ្យដឹងដូច្នេះថា កម្មវិធីកម្ចីហិរញ្ញប្បទាននេះ គឺស្ថិតក្នុងក្របខណ្ឌភាពជាដៃគូ ដែលមានគោលបំណងជួយឲ្យប្រទេសចិន ប្រើប្រាស់សាច់ប្រាក់ទាំងនោះ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរបស់ខ្លួន ពិសេសគឺការផ្លាស់ប្ដូរទៅរកកំណើន ប្រកបដោយចារីភាព បរិស្ថានស្អាត ការពង្រឹងស្ថាប័នសំខាន់ៗរបស់ចិន ដែលរួមចំណែក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាកាត់បន្ថយនូវវិសមភាព នៅតាមតំបន់ជាច្រើនក្នុងទឹកដី។ ជាការឆ្លើយតបលោក Hua Chunying អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបានឲ្យដឹងថា ចិន គឺជាដៃគូសហការណ៍ដ៏សំខាន់របស់ធនាគារពិភពលោក ដោយភាគីទាំងពីរមានទំនាក់ទំនងជាយូណាស់មកហើយ ហើយគូភាគី នៅតែបន្តមានទំនាក់ទំនងល្អបន្តទៅមុខទៀត។

អស់រយៈពេល ៤០ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ចិន ជាមួយនឹងធនាគារពិភពលោក មានទំនាក់ទំនងល្អ និងប្រសើរច្រើន ពិសេសនៅក្នុងផ្នែកនៃកម្ចីសាច់ប្រាក់ និងការចែករំលែកមតិយោបល់។ ម្យ៉ាងចិន បានអះអាងថា ខ្លួនគឺជាប្រទេសកំពុងអភិវឌ្ឍ ដោយការអភិវឌ្ឍន៍នោះ ត្រូវមានចំនួយពីខាងធនាគារពិភពលោក សម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុ ខណៈពេលដែលការអភិវឌ្ឍរបស់ធនាគារ ក៏តម្រូវឲ្យមានការបរិចាកផ្សេងៗទៀតពីប្រទេសចិនផងដែរ។ ហេតុផលទាំងនេះ បានបានធ្វើឲ្យធនាគារពិភពលោក នៅតែបន្តទំនាក់ទំនងផ្ទៃក្នុងល្អជាមួយរដ្ឋាភិបាលចិន ដោយមិនបានខ្វាយខ្វល់អំពីការប្រកាសរបស់លោក Trump ឡើយ។