រមណីយដ្ឋាន Disney ប្រចាំនៅក្រុងសៀងហៃ បានប្រកាសបើកដំណើរការឡើងវិញទៅលើផ្នែកមួយចំនួន!

វីរុសផ្លូវដង្ហើមកូរ៉ូណា (Covid-19) អាចនិយាយបានថា ជាបញ្ហាយ៉ាងធំមួយសម្រាប់ពិភពលោក នៅក្នុងពេលបច្ចុប្បន្ន ដែលវាជាវីរុសមួយមានការឆ្លងរីករាលដាលយ៉ាងលឿន ហើយបានសម្លាប់មនុស្សអស់យ៉ាងច្រើន នៅតាមបណ្តាប្រទេសនានា មិនតែប៉ុណ្ណោះ វាក៏ជាមូលហេតុនៃការរាំងស្ទះ ប្រព័ន្ធធ្វើដំណើរទូទៅ ព្រមទាំងបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពិភពលោក តាមរយៈការបិទដំណើរការរបស់ក្រុមហ៊ុនធំៗមួយចំនួនផងដែរ។ 

ជាក់ស្តែងដូចជារមណីយដ្ឋាន Disney ប្រចាំនៅក្នុងទីក្រុងសៀងហៃរបស់ចិន (Shanghai Disney Resort) បានប្រកាសបិទទ្វារអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី 25 មករា កន្លងទៅ ជាការទប់ស្កាត់ និងការពារ ការរីករាលដាលបន្ថែមទៀត នៃវីរុសថ្មីនេះទៅកាន់ភ្ញៀវទេសចរ។ 

ដោយឡែកក្រោយពីបានបិទទ្វារ អស់រយៈពេលជាងមួយខែមក កាលពីថ្ងៃចន្ទកន្លងទៅ រមណីយដ្ឋានដដែលនេះ បានប្រកាសថា ខ្លួននឹងបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ទៅលើជម្រើសនៃការដើរទិញឥវ៉ាន់ ទំនិញ ម្ហូបអាហារ កន្លែងញ៉ាំអាហារពេលល្ងាច និងកន្លែងកម្សាន្តជុំវិញរមណីយដ្ឋាននេះ ខណៈដែលបរិវេណ Disneyland Park នៅតែបិទទ្វារនៅឡើយ។

ការចាប់ផ្តើមបើកដំណើរអាជីវកម្មឡើងវិញនេះ ត្រូវបានសម្គាល់ថាជាការបើកដោយផ្នែក រាប់ថាជា “ជំហ៊ានដំបូង នៃការបើកដំណើរការជាជំហ៊ានៗ របស់រមណីដ្ឋានរហូតដល់បើកពេញលេញឡើងវិញ ដោយផ្អែកលើស្ថានភាពនៅក្នុងតំបន់ ក៏ដូចជាភាពធូរស្រាលរបស់ពិភពលោកផងដែរ។”

ទីតាំងនីមួយៗនឹងដំណើរការ ស្ថិតនៅក្រោមការកំណត់រយៈពេល និងការកាត់បន្ថយម៉ោងប្រតិបត្តិការណ៍។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ និងចង់ទៅកម្សាន្តនៅទីនោះ អ្នកអាចរកមើល តារាងពេលវេលានៃការបើកដំណើរការជាក់លាក់ប្រចាំថ្ងៃ បានតាមរយៈវេបសាយផ្លូវការ និងគណនី WeChat ផ្លូវការរបស់រមណីយដ្ឋានបាន។

ជាក់ស្តែង ដូចជាបរិវេណ Disneytown នឹងចាប់បើកដំណើរការនៅចន្លោះម៉ោង 11 ព្រឹកដល់ម៉ោង 7 យប់ នៅថ្ងៃចន្ទ ខណៈដែលបរិវេណ Wishing Start Park នឹងបើកដំណើរការពីម៉ោង 10 ព្រឹក ដល់ 5 ល្ងាចនៅថ្ងៃដដែល។ 

ដោយមានការអនុលោមតាមបទបញ្ញត្តិពាក់ព័ន្ធនឹង ក្រសួងទេសចរណ៍ រមណីយដ្ឋានមួយនេះ ក៏នឹងតម្រូវឲ្យភ្ញៀវគ្រប់រូប ដែលមុននឹងចូលទៅកាន់រាល់បរិវេណនៃរមណីយដ្ឋាន Disney ប្រចាំនៅសៀងហៃនេះ ត្រូវឆ្លងកាត់ការពិនិត្យកំដៅជាមុនសិន នៅពេលមកដល់ ក៏ដូចជាការបង្ហាញបណ្ណពិនិត្យសុខភាព (Health QR Code) របស់ពួកគេនៅពេលចូលទៅកាន់ កន្លែងញ៉ាំអាហារពេលល្ងាច។ មិនតែប៉ុណ្ណោះ អ្នកទស្សនា ក៏ត្រូវពាក់ម៉ាស់ការពារ នៅក្នុងដំណើរកម្សាន្តរបស់ពួកគេ នៅទីនេះផងដែរ។