ជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច ប្រវែង ៣៦ ម៉ែត្រ ដែលរងការខូចខាតដោយ កត្តាអាយុកាលនិងធម្មជាតិ កំពុងស្ថិតក្នុងការជួសជុល ឲ្យបានរឹងមាំឡើងវិញ!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយ នៅថ្ងៃទី ៥ កញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច ប្រវែង៣៦ម៉ែត្រ កំពុងបន្តស្ថិតក្នុងការងារជួសជុល ពង្រឹងឡើងវិញ ដោយក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយអង្គការមូលនិធិ ប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក។

ជាក់ស្តែង ក្នុងនោះដែរ ស្ថាបត្យករ នៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង លោក ជីវ ភារម្យ បានឱ្យដឹងថា ជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង រងការខូចខាតស្ទើរតែ ៩០% ទៅហើយ។ ពិសេស នៅត្រង់ចំណុចកាច់ជ្រុង ធ្វើឱ្យប្រាសាទរណប បាត់បង់ថ្មស្ទើរតែទាំងស្រុង ហើយកម្រាល និងជញ្ជាំងបានខូចខាតបាត់បង់ថ្មមួយផ្នែកធំ។

ស្ថាបត្យកររូបនេះ បានបន្ថែមឲ្យដឹងថា ការខូចខាតគឺបណ្តាលមកពី អាយុកាល និងធម្មជាតិ បណ្ដាលឱ្យឬសឈើដុះចាក់ តាមកន្លៀតថ្មភ្នំនិងថ្មជញ្ជាំង ទឹកភ្លៀងហូរច្រោះ ថ្មភ្នំពុកផុយ ព្រមទាំង ថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។ យ៉ាងណា ការងារជួសជុលផ្នែករួតទី២នេះ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤ខាងមុខនេះ។

លោក ជីវ ភារម្យ ក៏បញ្ជាក់ទៀតថា ការងារជួសជុល រចនាសម្ពន្ធប្រាសាទភ្នំបាខែង ជ្រុងខាងត្បូងឆៀងខាងលិច គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ មកម៉្លេះ ដែលជួសជុលសម្រេចនូវ ប្រាសាទរណបចំនួន៤ និង ជួសជុលជណ្តើរទាំង៥ថ្នាក់ សម្រេចបាន ៩០%។

ជាមួយគ្នានោះដែរ ក្រុមការងារ ក៏បានជួសជុលកម្រាល នៅតាមរួតទី៣ និងទី៤ សម្រេចបាន ៣០%។ ដោយឡែក ក៏បានជួសជុលជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ សម្រេចបាន ៨០% ផងដែរ។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា