៧ខែនៃឆ្នាំនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស មានតម្លៃ ១៤,៧៦ ពាន់លានដុល្លារ កើនឡើងខ្ទង់ ១៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន!


ភ្នំពេញ៖ យោងតាមរបាយការណ៍ពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញកាលពីថ្ងៃ ១១សីហា កន្លងទៅថ្មីៗនេះថា កម្ពុជាបាននាំចេញទំនិញ មានតម្លៃ ១៤,៧៦ ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤។

ជាក់ស្តែង តួលេខនេះតំណាងឱ្យ ការកើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣ នៅពេលដែលការនាំចេញសរុប មានតម្លៃ ១២,៩ ពាន់លានដុល្លារ។

ក្នុងនោះដែរ សហរដ្ឋអាមេរិក នៅតែជាទីផ្សារដ៏ធំបំផុត សម្រាប់ផលិតផលរបស់កម្ពុជា ជាមួយនឹងការនាំចេញសរុបចំនួន ៥,៥១ ពាន់លានដុល្លារ កើនឡើង ៦៤% ធៀបនឹងឆ្នាំមុន។

សម្រាប់ វៀតណាម និងចិន ជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ ជាមួយនឹងការនាំចេញសរុប របស់កម្ពុជាចំនួន ២,២ ពាន់លានដុល្លារ កើនឡើង ៣៧,៧% និង ០,៩៧ ពាន់លានដុល្លារ កើនឡើង ១៩,៧%រៀងគ្នា។

ដោយឡែក សម្រាប់ការនាំចូលវិញ កម្ពុជាបាននាំចូលទំនិញមានតម្លៃ ១៦,៤២ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៤ នេះ កើនឡើង ១៥,៩% ពីតម្លៃ ១៥,១៩ ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

លទ្ធផលនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិ របស់កម្ពុជា មានរហូតដល់ទៅ ៣១,១៨ ពាន់លានដុល្លារ កើនឡើង ១៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ចំពោះ ផលិតផលនាំចេញសំខាន់ៗ របស់កម្ពុជាមានដូចជា សម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ ជាដើម។

សម្រាប់ ការនាំចូលសំខាន់របស់កម្ពុជា រួមមានថ្នាំ និងថ្នាំបំប៉ន គ្រឿងប្រើប្រាស់ អាហារ និងភេសជ្ជៈ។

ក្រសួងពាណិជ្ជកម្ម បានចាត់ទុកការកើនឡើង នៃការនាំចេញនេះ គឺយោងលើកត្តារួមផ្សំ រួមទាំងការកើនឡើង នៃតម្រូវការសកល និងគំនិតផ្តួចផ្តើម សម្របសម្រួលពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាល ដោយសង្កត់ធ្ងន់លើតួនាទី នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន កូរ៉េ និងកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែឡបើកឱកាសទីផ្សារថ្មី សម្រាប់ផលិតផលកម្ពុជា មានវត្តមាននៅលើទីផ្សារក្រៅប្រទេស។