ការចរាចរណ៍ប្រាក់រៀល នៅលើប្រព័ន្ធធនាគារបាគង សម្រេចបាន ៧៥,៥លានប្រតិបត្តិការ នៅក្នុងឆមាសទី១ នៃឆ្នាំនេះ កើនឡើងប្រមាណ ១៨០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំមុន!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៧ កក្កដា បានឲ្យដឹងថា ការទូទាត់ប្រាក់រៀល តាមប្រព័ន្ធទូទាត់បាគង បានកើនឡើងដល់ ៧៥,៥លានប្រតិបត្តិការ នៅក្នុងឆមាសទី១ នៃឆ្នាំនេះ កើនឡើង ១៨០% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការបញ្ជាក់ នៅក្នុងរបាយការណ៍ដដែល ផងដែរថា ប្រព័ន្ធទូទាត់បាគងបាននឹងកំពុងផ្តល់នូវ មុខងារកាន់តែអស្ចារ្យ ជាមួយនឹងភាពបត់បែន កាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាកំណើនប្រជាប្រិយភាព របស់ខ្លួនជាបន្តបន្ទាប់ ដែលរួមចំណែកជម្រុញ បរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។

ជាក់ស្តែង ក្នុងរយៈពេល៦ខែដំបូងនៃឆ្ នាំ២០២៤ នេះ ចំនួនប្រតិបត្តិការប្រាក់រៀល តាមប្រព័ន្ធបាគង មានចំនួន ៧៥,៥ លានដង កើនឡើង១៨០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ដូចគ្នានេះដែរ ប្រតិបត្តិការសរុបស្មើនឹង ៦៤,៩ ទ្រីលានរៀល កើនឡើង ១៤០% បើធៀបនឹងឆមាសទីមួយនៃឆ្នាំ២០២៣ ខណៈដែលការទូទាត់តាមឌីជីថល ជាប្រាក់ដុល្លារអាមេរិក បានឈានដល់ ៩៩,៨ លានប្រតិបត្តិការ ស្មើនឹង ៣៨,៨ ពាន់លានដុល្លារ ដែលបង្ហាញពីអត្រាកំណើន ១៣០% បើធៀបនឹង រយៈពេលដូចគ្នា កាលពីឆ្នាំមុន។

គួររម្លឹកដែរថា កាលពីថ្ងៃទី ២៤ កក្កដាកន្លងទៅ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំអភិវឌ្ឍកម្មវិធី “Bakong Tourists App” ដែលមានការចូលរួមពី ក្រុមធុរកិច្ចទេសចរណ៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីប្រមូលធាតុចូល និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណង បង្កើតកម្មវិធីលើទូរស័ព្ទ សម្រាប់ភ្ញៀវទេសចរ រួមចំណែកលើកកម្ពស់ ឧស្សាហកម្មទេសចរណ៍ តាមរយៈការសម្រួលដល់ ភ្ញៀវអន្តរជាតិនៅកម្ពុជា ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល អោយកាន់តែងាយស្រួល ចំណេញពេលវេលា និងដោយគ្មានការខាតបង់។

ក្នុងកិច្ចពិភាក្សានោះ លោកជំទាវ ជា សិរី បានរៀបរាប់អំពី អត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទបាគង សម្រាប់ភ្ញៀវទេសចរ ដោយរាប់ថាវាជា ផលិតផលទេសចរណ៍ថ្មីមួយ ដែលអាចលើកកម្ពស់ ភាពទាក់ទាញរបស់កម្ពុជា ក្រៅពីវិស័យវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិដែលមានស្រាប់។

លោកជំទាវ ទេសាភិបាលធនាគារជាតិ ក៏បានបន្ថែមថា “កម្មវិធីថ្មីនេះក៏នឹងលើកកម្ពស់ កិត្យានុភាពជាតិដោយ ផ្តល់ឱ្យអ្នកដំណើរបរទេស នូវបទពិសោធន៍ទូទាត់ឌីជីថលថ្មី ទំនើប និងជឿនលឿន ដែលមិនធ្លាប់មានពីមុនមក។”

 

ប្រភពពី ធនាគារជាតិនៃកម្ពុជា