វឌ្ឍនភាព គម្រោងផ្លូវជនបទ ក្នុងស្រុកព្រះរំកិល ខេត្តស្ទឹងត្រែង រហូតដល់ព្រំដែនឡាវ សម្រេចការសាងសង់បានចំនួន ៧០% ហើយ


ស្ទឹងត្រែង៖ បើយោងតាមព័ត៌មានដែលទទួលបាន តាមរយៈហ្វេសបុកផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា គម្រោងផ្លូវជនបទ ក្នុងស្រុកព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់ បានចំនួន ៧០% ហើយ។

គួរឲ្យដឹងដែរថា គម្រោងផ្លូវជនបទនេះ នឹងតភ្ជាប់ទៅកាន់ សហគមន៍ព្រះរំកិល រហូតដល់ព្រំដែនឡាវ និងស្ថិតក្នុងមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយក៏ជាគោលដៅទេសចរណ៍ ទាក់ទាញដ៏ល្បីល្បាញមួយ របស់ខេត្ត ជាមួយនឹងអន្លង់ផ្សោត ទឹកសាបនៃទន្លេមេគង្គ ដែលជាថនិកសត្វក៏កម្រ ផងដែរ។

ផ្លូវនេះ បាននឹងកំពុងសាងសង់ ដោយបែងចែកជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយមានប្រវែងសរុប ៧៣១០ម៉ែត្រ ក្នុងគោលដៅលើកកម្ពស់ គុណភាពផ្លូវ ក៏ដូចជាផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្តទៅកាន់ សហគមន៍ព្រះរំកិល។

គូសបញ្ជាក់ផងថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅ ក្នុងការអភិវឌ្ឍជនបទ ដោយបន្ត ជម្រុញការលើកកម្ពស់ ជីវភាពប្រជាជននៅជនបទ តាមរយៈ ការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានាបាននូវ ការប្រើប្រាស់យូរអង្វែង និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ផងដែរ។

 

ប្រភពពី ហ្វេសបុកផេកផ្លូវការ សម្តេចធិបតី នាយករដ្ឋមន្ត្រី