ស្ទឹងត្រែង៖ បើយោងតាមព័ត៌មាន ដែលទទួលបានពីហ្វេសបុកផេកផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៧ កញ្ញាបានលើកឡើងពី សារៈសំខាន់នៃ ផ្លូវជាតិលេខ៧៨ ដែលជាផ្លូវយុទ្ធសាស្ត្រ ក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា។
គួរឲ្យដឹងដែរថា កំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចស្រុកសេសាន ខេត្តស្ទឹងត្រែង ទៅកាន់ស្រុកកូនមុំ ខេត្តរតនគិរី នេះមានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជា ប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC។ នាពេលកន្លងមក ផ្លូវនេះ ក៏ត្រូវបានប្រើប្រាស់ សម្រាប់បម្រើដល់ យុទ្ធសាស្ត្រយោធាផងដែរ គឺតាំងតែពីផ្លូវ នៅដីក្រហមមកម្ល៉េះ។
ដោយឡែក សម្រាប់ពេលបច្ចុប្បន្ន ផ្លូវជាតិលេខ៧៨ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ ដែលបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ពលរដ្ឋ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ច នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងរីកចម្រើន។
បន្ថែមពីនេះដែរ ផ្លូវជាតិលេខ៧៨ ក៏ត្រូវប្រើប្រាស់ នៅក្នុងការដឹកកសិផលរបស់កម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុកបាន កាន់តែលឿន សន្សំសំចៃ ប្រកបដោយប្រសិទ្ធភាព ដែលរក្សាបាន នូវគុណភាពកសិផល ផងដែរ។
រម្លឹកផងដែរថា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។