កម្ពុជា នាំចេញអង្ករជាង ៣៧ ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ ២៨០ លានដុល្លារ ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២៤ នេះ


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ច្បាស់ការ ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការនាំចេញក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២៤ កម្ពុជា បាននាំចេញអង្ករចំនួន ៣៧ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ២៨០លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ។

ជាក់ស្តែង ៧ ខែមកនេះ កម្ពុជាបាននាំចេញអង្ករបានចំនួនប្រមាណ ៣៧៩ ៥៤៦ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៤ ដែលក្នុងនោះទៅកាន់ បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៨៦ ៣៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៤៤,៩២ លានដុល្លារ, ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ២០៤ តោន គិតជាទឹកប្រាក់ចំនួន ៤៨,២៨ លានដុល្លារ និងទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៧ ៩៣៣ តោន គិតជាទឹកប្រាក់ចំនួន ៥៣,៥៨ លានដុល្លារ  និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ជាដើម បានចំនួន ៣៨ ០៣២ តោន គិតជាទឹកប្រាក់ចំនួន ៣៣,១៩ លានដុល្លារ ។

ក្នុងនោះដែរ សម្រាប់ប្រភេទអង្ករ ដែលបាននាំចេញ មានដូចជា អង្ករក្រអូបចំនួន ៧០,៥២% ប្រភេទអង្ករស ធម្មតា ២៤,៣០% អង្ករចំហ៊ុយ ៣,១៦% អង្ករសរីរាង្គចំនួន ១,៧៤% និងអង្ករផ្សេងៗចំនួន ០,២៨% ជាដើម។

ដោយឡែក កម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៧១១ ១៧៩តោនស្រូវសើម ដែលគិតជាទឹកប្រាក់បាន ប្រមាណជាង ៧៨៤,៦០ លានដុល្លារ ដែលក្នុងនោះ ៨០,៥០% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច ផងដែរ។