ជប៉ុននឹងជួយការផ្គត់ផ្គង់វត្ថុធាតុដើម អោយឧស្សាហកម្មនៅប្រទេសអាស៊ានដំណើរការប្រសើរ!

ប្រទេសជប៉ុន នឹងបញ្ចេញកញ្ចប់ឧបត្ថម្ភធនក្នុងរង្វង់ទឹកប្រាក់ ២៣.៥ ពាន់លានយ៉េន (ប្រហែល ២២០ លានដុល្លារ) ដែលស្ថិតនៅក្នុងកញ្ចប់ថវិកាជាតិទ្រទ្រង់ប្រទេសក្នុងភាពអាសន្ន ហើយកញ្ចប់ថវិកានោះនឹងប្រើដើម្បីជួយសម្រួលដល់ក្រុមហ៊ុនសង្វាក់ផលិតកម្មជប៉ុន នៅប្រទេសអាស៊ីអាគ្នេយ៍ដែលកំពុងបង្អាក់ដំណើរការ ដោយសារវិបត្តិកូវីដ-១៩ ហើយក៏លើកកម្ពស់ផលិតកម្មឡើងវិញផងដែរ ព្រោះតំបន់អាស៊ីអាគ្នេយ៍ជាប់គាំងផលិតកម្ម ពីការពឹងផ្អែកលើវត្ថុធាតុដើម ប្រទេសចិន។ 

ក្រសួងសេដ្ឋកិច្ចនៃប្រទេសជប៉ុន បានលើកឡើងថា បើទោះជាមុនពេលផ្ទុះឡើងនៃវិបត្តិកូវីដ-១៩ ក្ដី ប្រទេសនៅអាស៊ីអាគ្នេយ៍ពិតជាត្រូវការការវិនិយោគជាច្រើនពីក្រុមហ៊ុនជប៉ុន ដើម្បីលើកកម្ពស់ផលិតកម្មក្នុងតំបន់ បង្កើតការងារ កំណើនសេដ្ឋកិច្ចជាតិ និងរក្សាចំណងមិត្តភាពកាន់តែប្រសើររវាងជប៉ុន ជាមួយប្រទេសអាស៊ានផងដែរ។ ដើម្បីគេចចេញពីបញ្ហាដែលកំពុងកើតមានដូចក្រុមហ៊ុនផលិតផលចិននៅអាស៊ីអាគ្នេយ៍ ដូចជាកង្វះខាតវត្ថុធាតុដើម និងពន្ធដែលកើនឡើងជាលំដាប់ពីសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិចនោះ រាជរដ្ឋាភិបាលជប៉ុននឹងសម្រេចទាញប្រយោជន៍តាមរយៈយុទ្ធសាស្ត្រ «ចិនបូកមួយ» ជាមួយប្រទេសអាស៊ាន ហើយនឹងផ្ដោតសំខាន់ទៅលើផលិតកម្មសំខាន់ៗនៃសុខភាពឲ្យដំណើរការប្រសើរជាងមុន ដូចជាក្រុមហ៊ុនផលិតម៉ាសមុខ អាល់កុលសម្លាប់មេរោគ សាប៊ូ -ល- ដើម្បីចែកចាយដល់ពិភពលោក និងនាំចូលក្នុងប្រទេសជប៉ុន ហើយជំហ៊ានបន្ទាប់គឺពង្រឹងផលិតកម្មគ្រឿងយន្ដ ដូចជារថយន្ដ ម៉ូតូ និងផលិតផលពាក់កណ្ដាលសម្រេចជាច្រើនទៀត។

បើយោងតាម Japan Hygiene Products Industry Association បង្ហាញថា កាលពីឆ្្នាំ ២០១៨ ប្រទេសជប៉ុន បាននាំចូលម៉ាសពាក់ពីបរទេសរហូតដល់ ៨០% ឯណោះ ភាគច្រើននាំចូលពីប្រទេសចិន ហើយប្រជាជនជប៉ុនក៏ប្រើប្រាស់ម៉ាសច្រើនផងដែរ។ ចំណែកក្រោយការផ្ទុះមេរោគកូវីដ-១៩ នាយករដ្ឋមន្ត្រី Shinzo Abe ដាក់ផែនការពង្រឹងផលិតកម្មម៉ាសក្នុងស្រុក នឹងការចែកចាយម៉ាសដល់ប្រជាជនក្នុងប្រទេស តាមដែលអាចធ្វើបាន។ ចំណែកផលិតកម្មយានយន្ដវិញ ក្រសួងហិរញ្ញវត្ថុបានបង្ហាញរបាយការណ៍ពាណិជ្ជកម្មជប៉ុន-ចិន នៅឆ្នាំ ២០១៩ គ្រឿងម៉ាស៊ីនរថយន្ដជប៉ុននាំចូលពីប្រទេសចិន ៣៦.៩% ខណៈផលិតផលទូរសព្ទដៃវៃឆ្លាតជប៉ុនបាននាំចូលពីចិន កូរ៉េ និងប្រទេសនៅអាស៊ីផ្សេងទៀតរហូតដល់ ៨៥.៥% ឯណោះ។

លើសពីនេះទៀត រាជរដ្ឋាភិបាលជប៉ុន ក៏នឹងបញ្ចេញកញ្ចប់ថវិកា ២២០ លានយ៉េន (ប្រហែល ២ ពាន់លានដុល្លារ) បន្ថែមទៀត ដើម្បីជាកម្ចីជួយដល់ក្រុមហ៊ុនវិនិយោគិន ក្នុងនោះថវិកានឹងត្រូវបែងចែកដូចជា៖ ១/៤ សម្រាប់ប្រើប្រាស់ជួយក្រុមហ៊ុនកំពុងមានមូលដ្ឋានវិនិយោគនៅក្រៅប្រទេស ឲ្យបង្វែរផលិតកម្មមកនៅក្នុងស្រុកវិញ, ១/៤ ផ្សេងទៀតសម្រាប់ក្រុមហ៊ុនក្នុងស្រុកទំហំតូច និងមធ្យមដែលពង្រឹងផលិត និងការនាំចេញ, និងទឹកប្រាក់ ២/៤ នៅសល់គឺក្រុមហ៊ុនធំៗក្នុងប្រទេសដែលកំពុងជួបវិបត្តិ។

ជាសរុបមកវិញ ទាំងនេះគឺកញ្ចប់ថវិកាជាតិជប៉ុន ដែលត្រៀមជួយដល់ក្រុមហ៊ុនវិនិយោគជប៉ុន ដែលកំពុងវិនិយោគនៅក្រៅប្រទេស (ផ្ដោតសំខាន់នៅអាស៊ាន) និងក្នុងប្រទេស ដើម្បីពង្រឹកផលិតកម្មរបស់ខ្លួន ខណៈពេលដែលការនាំចូលមានសភាពពិបាក ពិសេសគឺប្រទេសចិនដែលជាក្បាលម៉ាស៊ីនចែកចាយធំនៅអាស៊ីកំពុងជាប់គាំង។ ចំណែកយុទ្ធសាស្ត្រនេះទៀតសោត នឹងជួយដល់ផលិតកម្មជប៉ុននៅអាស៊ាន ដំណើរការល្អ សេដ្ឋកិច្ចមានសកម្មភាព កាត់បន្ថយការនាំចូលពីក្រុមហ៊ុនបរទេស ពង្រឹងសេដ្ឋកិច្ចជប៉ុន ខណៈពេលដែលសេដ្ឋកិច្ចចិន និងសហរដ្ឋអាមេរិច កំពុងដាំក្បាលចុះ -ល-។