ប៉េកាំងផ្ទុះករណីឆ្លងវីរុសកូវីដ ១៩ ថ្មីបន្ថែមទៀត ជាចំនួនច្រើនជាងគេគិតចាប់តាំងពីថ្ងៃផ្ទុះលើកដំបូង

ប៉េកាំង៖ បន្ទាប់ពីករណីផ្ទុះឡើងវិញនូវករណីឆ្លងវីរុសកូវីដ ១៩ ថ្មី នៅផ្សារលក់ទំនិញធំមួយ កាលពីពេលថ្មីៗកន្លងទៅនេះ ការឆ្លងជាបន្តបន្ទាប់ បានបន្តកើតមានឡើងបន្ថែម ធ្វើឱ្យមានការភ័យខ្លាច នូវរលកទីពីរថ្មី ដែលអាចនឹងកើតមានឡើងក្នុងរយៈពេលដ៏ខ្លី។ ជុំវិញបញ្ហានេះ អាជ្ញាធរចិន បានដុតដៃដុតជើងយ៉ាងសកម្មផងដែរ តែជាលទ្ធផល ករណីវិជ្ជមាននៃអ្នកឆ្លង នៅតែបន្តកើតមានឡើង។

ប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឱ្យដឹងថា ករណីឆ្លងថ្មី នៃវីរុសកូវីដ ១៩ បានកំពុងផ្ទុះឡើង នៅទីក្រុងប៉េកាំងប្រទេសចិន ដោយគិតមកដល់ត្រឹមថ្ងៃទី២៧ ខែមិថុនា ម្សិលមិញនេះ អ្នកឆ្លងវីរុសកូវីដ ១៩ ត្រូវបានរាយការណ៍មកថា ឆ្លងចំនួន ២១ នាក់បន្ថែមទៀត។ យោងតាមរយៈរបាយការណ៍ ចេញផ្សាយជាផ្លូវការ របស់គណៈកម្មការសុខភាពចិន (The National Health Commission) កាលពីព្រឹកម្សិលមិញ បានប្រកាសឱ្យដឹងអំពីករណីវិជ្ជមាន នៃអ្នកផ្ទុកវីរុសកូវីដ ១៩ ថ្មី នៅទីក្រុងប៉េកាំង ដែលផ្ទុះឡើងចំនួន ២១ នាក់ថ្មីបន្ថែមទៀត បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ០៤ ថ្ងៃ ពុំរកឃើញមុខសញ្ញាថ្មីៗបន្ថែមទៀត ដែលចំនួននេះត្រូវបានកំណត់ថា ជាចំនួនកើនឡើងច្រើនជាងគេក្នុងរយៈពេល ១៣ ថ្ងៃកន្លងទៅក្នុងខែនេះ។

ករណីផ្ទុះការឆ្លង វីរុសកូវីដ ១៩ ថ្មីនេះ ត្រូវបានបញ្ជាក់ថា ជាការឆ្លងបន្តគ្នានៅក្នុងតំបន់ ដែលនៅក្នុងទីក្រុងប៉េកាំងទាំងមូល ករណីអ្នកឆ្លងនេះមាន ២៩៧ នាក់ហើយ។ ក្នុងនោះ ប៉េកាំង ក៏មានករណីវិជ្ជមាន នៃវីរុសកូវីដ ១៩ ចំនួន ៤ ករណីផ្សេងទៀតផងដែរ តាមរយៈអ្នកធ្វើដំណើរពីបរទេស ហើយបានធ្វើតេស្ដរកឃើញ និងបានកំពុងចាត់វិធានការដាក់ឱ្យនៅដាច់ដោយឡែក និងទទួលការព្យាបាលយ៉ាងតឹងរឹងបំផុត។ អាជ្ញាធរចិន ទទួលបន្ទុកផ្នែកសុខាភិបាល បានកំពុងបើកការធ្វើតេស្ដ ស្វែងរកអ្នកផ្ទុះវីរុសនេះ នៅតាមតំបន់ និងទីប្រជុំជនសំខាន់ៗ ក្នុងទីក្រុងប៉េកាំង ដើម្បីឱ្យពលរដ្ឋមកធ្វើតេស្ដ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជាបន្តបន្ទាប់ រហូតមិនអាចគ្រប់គ្រងបាន ដែលអាចឈានទៅដល់ការបិទទីក្រុងទាំងមូល។

ការឆ្លង និងរីលរាលដាលនៅក្នុងទីក្រុងប៉េកាំងនេះ អាចនឹងបន្តកើតមានឡើងបន្ថែមទៀត បើទោះបីជាអាជ្ញាធរចិនបានកំពុងចាត់វិធានការតឹងរឹងក៏ដោយ ដោយសង្ឃឹមថានឹងអាចទប់ស្កាត់ និងគ្រប់គ្រងស្ថានការបាន។ គួររំលឹកឡើងវិញផងដែរថា ករណីផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ ១៩ នៅទីក្រុងប៉េកាំង បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១១ ខែមិថុនា កន្លងទៅ ដែលកើតចេញពីផ្សារលក់ទំនិញបោះដុំមួយ ស្ថិតនៅភាគខាងត្បូង ឈាងខាងលិចនៃទីក្រុង។ មកដល់ថ្ងៃទី២៧ ម្សិលមិញនេះ ករណីអ្នកផ្ទុកវីរុសកូវីដ ១៩ នៅចិនមានចំនួនសរុប ៨៣,៥០៤ នាក់ហើយ ដោយចំនួនអ្នកជាសះស្បើយមានចំនួន ៧៨,៤៤៤ នាក់ និងចំនួនស្លាប់កើនឡើងដល់ ៤,៦៣៤ នាក់។