អាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងអភិរក្សនិងជួសជុលប្រាសាទដំរីក្រាប នៅលើភ្នំគូលែន!

កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខសម្រើនក្នុងការអភិរក្សនិងជួសជុលប្រាសាទដំរីក្រាប នៅលើភ្នំគូលែនឲ្យមានស្ថានភាពល្អប្រសើរឡើងវិញ។ 

គម្រោងនៃការអភិរក្ស និងជួសជុលប្រាសាទនេះ មានរយៈពេល ០៤ ខែដោយចាប់ផ្ដើមពីថ្ងៃទី ២០ ខែកក្កដា និងបញ្ជប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា និងអនុវត្តផ្ទាល់ដោយ ពុទ្ធ សុទ្ធ និងមន្ត្រីបុគ្គលិកជំនាញនៃអគ្គនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។ 

សព្វថ្ងៃនេះ ប្រាសាទដំរីក្រាប រងការខូចខាតខ្លាំងដោយកត្តាទឺកភ្លៀង និងរុក្ខជាតិ ដែលធ្វើឲ្យគ្រឹះស្រុតផ្នែកខាងលិច មានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឬសឈើចាក់ចូលជញ្ជាំងបណ្ដាលឲ្យស្នាមប្រេះកាន់តែរីកធំឡើង។ បញ្ហាសំណើម ក៏ធ្វើឲ្យផ្នែកខឿនប្រាសាទពុកផុយខ្លាំង និងផ្នែកកណ្ដាលមធ្យម។ រួមទាំងកត្ដាមនុស្សដែលបានលួចបំផ្លិចបំផ្លាញក្បាច់ក្រឡោតខ្ពស់នៅលើជញ្ជាំង ហោជាង ផ្ដែរ និងជីកកកាយគ្រឹះក្នុងប្រាសាទ ធ្វើឲ្យលំនឹងប្រាសាទមានការប្រែប្រួល។ 

ដើម្បីរក្សាតម្លៃ និងលើកកម្ពស់ប្រាសាទដំរីក្រាប ឲ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានសម្រេចពង្រឹងខឿន ដែលពុកផុយនៅជុំវិញតួប៉ម ជួសជុលខ្លោងទ្វារខាងកើត រៀបផ្ជិតពង្រីងស្នាមប្រេះតូចធំនៅលើជញ្ជាំង ដំបូង និងជួសជុលដំបូលដែលពុកផុយ ដើម្បីរក្សាប្រាសាទនេះ ឲ្យឈរនៅបានរឹងមាំយូរអង្វែងបន្ដទៀត ទុកជាមរតកបេតិកភណ្ឌសម្រាប់ប្រទេសកម្ពុជា។ 

សូមបញ្ជាក់ផងដែរថា ប្រាសាទដំរីក្រាប មានទីតាំងស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលប្រាសាទនេះត្រូវបានសាងសង់ឡើងពីដីឥដ្ឋ មានតួប៉ម ៣ សង់លើខឿនតែមួយ មានកំពែងព័ទ្ធជុំវិញ ហើយក៏ជាប្រាសាទតែមួយក្នុងចំណោមប្រាសាទជាច្រើនដែលស្ថិតនៅក្នុងរចនាបថគូលែនក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ.ស ៨០២-៨៥០) ដែលជាការចាប់ផ្ដើមនៃអរិយធម៌អង្គរ។ ប្រាសាទដំរីក្រាប ក៏មិនខុសពីប្រាសាទផ្សេងៗសម័យមុនដែរ គឺបែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតចំនួន ៣ ហើយប្លង់បាតមានរាងការ៉េ។