ភ្នំពេញ៖ ស្ថានភាពគ្រោះទឹកជំនន់ ដោយសារតែទឹកភ្លៀង កើតចេញពីឥទ្ធិពលព្យុះ នៅមិនទាន់ស្ងប់ស្ងាត់ទៅវិញនោះទេ។ តាមបណ្ដាខេត្តជាច្រើននៅទូទាំងផ្ទៃប្រទេស រួមទាំងរាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ នៅតែបន្តធ្លាក់ភ្លៀងតិច ឬច្រើន ទៅតាមតំបន់ ដោយអាជ្ញាធរ នៅតែបន្តឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។
យោងតាមប្រភពព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសចេញមុននេះ បានឱ្យដឹងថាស្ថានភាពទឹកជំនន់ នៅរាជធានីភ្នំពេញ បានធូស្បើយខ្លះប៉ុណ្ណោះ។ ក្នុងនោះ ស្ថានភាពទឹក នៅតាមដងស្ទឹងព្រែកត្នោត គិតត្រឹមថ្ងៃទី១៦ ខែតុលា នេះ ឃើញថា មានការស្រកចុះបានខ្លះផងដែរ ដោយកំណត់ជា ៣ ចំណុចសំខាន់ៗរួមមាន៖
១. កម្ពស់ទឹក នៅលើ សំណង់បង្ហៀរកម្ពស់ទឹក ៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។
២. ស្ថានភាពទឹកនៅតាមដងស្ទឹងគឺ ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ហើយទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)។
៣. សកម្មភាពការងារៈ ចុះតាមដានសភាពទឹកតាមដងស្ទឹង។ ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ ម៉ែត្រ។ ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើងកម្ពស់សណ្តរលើតួលទំនប់ចាស់។
តាមការបញ្ជាក់របស់ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ឱ្យដឹងទៀតថា បើទោះបីជាកំពស់ទឹកនៅស្ទឹងព្រែកត្នោតមានការស្រកចុះបន្តិចក្ដី តែជំនាន់ទឹកភ្លៀងឆ្នាំ ២០២០ នេះ គឺឈនៅក្នុងលំដាប់លេខ ២ បើធៀបទៅនឹងជំនន់នាឆ្នាំ ២០០០។ យ៉ាងណាក៏ដោយ តាមការសន្និដ្ឋាន ជំនន់ស្ទឹងព្រែកត្នោតឆ្នាំ ២០២០ នេះ មានសភាពធំធេងមិនចាញ់ជំនន់កាលពី ២០ ឆ្នាំមុននោះទេ។
គួររំលឹកថា បើទោះបីជាស្ថានភាពជំនន់នៅតាមដងស្ទឹងព្រែកត្នោតមានការស្រកចុះបន្តិចមែន តែកម្ពុជា នៅតែបន្តរងគ្រោះដោយឥទ្ធិពលព្យុះ ហេតុនេះភ្លៀងធ្លាក់អាចនឹងបន្តធ្លាក់ នៅតាមខេត្តក្រុង តិច ឬច្រើន បន្ថែមទៀត៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម