ទីក្រុងគូឡាឡាំពួរ: បើយោងតាមសម្តីអនុប្រធានក្រុមហ៊ុនរបស់ AirAsia លោក Lim Kian Onn បានឲ្យដឹងថា “ក្រុមហ៊ុនអាកាសចរណ៍ (Long-haul budget carrier) AirAsia X Bhd របស់ខ្លួន បានប្រើប្រាស់កញ្ចប់ថវិកាអស់ហើយ ហើយពេលនេះ ក៏ត្រូវការប្រាក់ជំនួយប្រមាណ 500 លានរីងហ្គីដ (ប្រមាណ 120 លានដុល្លារអាមេរិក) ដើម្បីចាប់ផ្តើមស្តារដំណើរការក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនឡើងវិញ។
បន្ថែមពីនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលជាផ្នែកសម្ព័ន្ធមួយរបស់ AirAsia Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បាននិយាយនៅក្នុងខែនេះថា ខ្លួនចង់រៀបចំប្រាក់បំរុងក្នុងការរៀបចំរចនាសម្ព័ន្ធចំនួន 63.5 ពាន់លានរីងហ្គីដ (15.3 ពាន់លានដុល្លារអាមេរិក) និងបន្តកាត់បន្ថយប្រាក់ទុនរបស់ខ្លួនប្រមាណ 90% ខណៈក្តីកង្វល់នៃការខាតបង់នៅតែមាន ក្នុងក្រុមហ៊ុន។
លោក Lim បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹង The Star newspaper របស់ប្រទេសម៉ាឡេស៊ីថា “យើងអស់លុយហើយ។ ជាក់ស្តែងធនាគារនឹងមិនផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុន ដោយគ្មានម្ចាស់ភាគហ៊ុនទាំងចាស់និងថ្មី ដាក់ប្រាក់តំកល់ ឬវិនិយោគថ្មីឡើយ។ ដូច្នេះតម្រូវការចំបងជាមុនរបស់យើង គឺជាប្រាក់វិនិយោគ ឬភាគហ៊ុនថ្មី (Fresh equity)។
លោកបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះ កំពុងជាប់បំណុលជាក់ស្តែងចំនួន 2 ពាន់លានរីងហ្គីត ជាមួយនឹងតួលេខធំជាង 63.5 ពាន់លានរីងហ្គីដ រួមទាំងការបង់ថ្លៃជួលទាំងអស់ សម្រាប់រយៈពេល 8 ទៅ 10 ឆ្នាំខាងមុខ និងការបញ្ជាទិញដ៏ធំ របស់យន្តហោះ Airbus មួយចំនួន និងកិច្ចសន្យាថែទាំម៉ាស៊ីនជាមួយក្រុមហ៊ុន Rolls-Royce ទៀតផង។ លោកក៏បានបន្តថា “ប្រសិនបើយើងរកឃើញភាគហ៊ុនថ្មីចំនួន 300 លានរីងហ្គីត ពេលនោះមូលនិធិម្ចាស់ភាគហ៊ុនមានចំនួន 300 លាន នៅពេលចាប់ផ្តើមអាជីវកម្មឡើងវិញ ហើយប្រសិនបើយើងអាចខ្ចី 200 លានរីងហ្គីតទៀតនោះ យើងមានអារម្មណ៍ថាយើងនឹងមានវេទិកាល្អមួយ ដើម្បីចាប់ផ្តើមឡើងវិញ។” លោកបានបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍ AirAsia X ក៏ត្រូវការបញ្ចុះបញ្ចូលដៃគូតូចៗរបស់ខ្លួន ចំពោះផែនការអាជីវកម្មមួយនេះផងដែរ។ ក្នុងនោះមានដៃគូមួយ ដែលមិនបញ្ចេញឈ្មោះបានយកយន្តហោះមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ មកកែទៅជាយន្តហោះសម្រាប់ដឹកទំនិញវិញ។
ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏គ្រោងនឹងធ្វើប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍តូចមួយរបស់ខ្លួន ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី ហើយបានសរសេរចុះបញ្ជីភាគហ៊ុនរបស់ខ្លួនទាំងស្រុង នៅក្នុងក្រុមហ៊ុន Thai AirAsia X ដោយក្រុមហ៊ុនអាកាសចរណ៍ថៃ មិនមែនជាផ្នែកនៃគ្រោងការណ៍រៀបចំរចនាសម្ព័ន្ធឡើងវិញនោះទេ។
គូប្រជែងដែលជាក្រុមហ៊ុន Malaysia Airlines ក៏ជួបបញ្ហាហិរញ្ញវត្ថុដែរ ប៉ុន្តែលោក Lim បានលើកឡើងថា វានឹងមិនមានលទ្ធផលល្អទេ ពីការស្វែងរក ដំណើរនៃការរួមបញ្ចូលក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរចូលគ្នានោះ។ AirAsia X បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសពីព័ត៌មានលម្អិត ដែលបានចុះផ្សាយនៅក្នុងអត្ថបទកាសែតនោះទេ។ លោកលីមបាននិយាយនៅក្នុងបទសម្ភាសន៍ថា ការចរចាដំបូងជាមួយម្ចាស់បំណុល គឺពិបាកណាស់ ព្រោះពួកគេមិនសប្បាយចិត្តពីលទ្ធផលអាក្រក់នេះឡើយ។ លោកបានបន្ថែមថា ពួកគេបានស្នើសុំលក្ខខណ្ឌល្អប្រសើរ រាប់បញ្ចូលទាំងភាគហ៊ុនសេរី សម្រាប់បំណុលដែលត្រូវបានលើកលែង ដែលជាអ្វីដែលមិនអាចធ្វើទៅបាន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដើម្បីបំពេញតាមសំណើនេះ។ ទោះយ៉ាងណា ពួកគេទាំងអស់ពិតជាចង់ស្វែងរកមូលដ្ឋានរួមមួយ ដើម្បីនាំក្រុមហ៊ុនអាកាសចរណ៍ទៅមុខ។ លោក Lim បានប្រាប់កាសែតថា “គ្មាននរណា ឬម្ចាស់ភាគហ៊ុនណា អាចទទួលបានផលចំណេញ ឬប្រាក់ចំណូលទៀតឡើយ ពីការខាតបង់ដ៏ធ្ងន់ធ្ងររបស់យើងនេះ។
ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងនឹងចាប់ផ្តើមជើងហោះហើរឡើងវិញ នៅត្រីមាសទី 1 ឆ្នាំ 2021 ខាងមុខ ទោះបីជាដំណើរការនេះនៅតែស្ថិតនៅក្នុងកម្រិត “dynamic” ក៏ដោយ។ លោកបានមានប្រសាសន៍ថា ប្រសិនបើផែនការជួយសង្គ្រោះទទួលបានការយល់ព្រម ក្រុមហ៊ុននឹងត្រូវធ្វើការចរចាឡើងវិញ នូវរាល់កិច្ចសន្យានីមួយៗ ហើយនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីថែរក្សាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។