ដូចដែលយើងបានដឹងហើយ ថ្មីៗនេះ មានត្រីបបែលយក្សមួយក្បាល ដែលមានប្រវែងជាង ៤ម៉ែត្រ និងមានទម្ងន់ ៣០០ គីឡូក្រាម ត្រូវបានអ្នកនេសាទម្នាក់ចាប់បាន ស្ថិតនៅភាគខាងត្បូងក្រុងស្ទឹងត្រែង ក្នុងទន្លេមេគង្គ ដែលលាតសន្ធឹង និងហូរឆ្លងកាត់ភាគខាងជើង ប្រទេសកម្ពុជា។ តែដោយសារយល់ដឹងពី សារៈសំខាន់របស់ត្រីបបែលយក្ស ដែលគាត់ចាប់បាននេះ អ្នកនេសាទបានទាក់ទង ទៅក្រុមការងារស្រាវជ្រាវ របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ Wonders of the Mekong ដែលទទួលបានមូលនិធិ ពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីជួយលែងត្រីបបែលយក្ស ដែលជាប្រភេទរងគ្រោះជិតផុតពូជ ត្រឡប់ចូលទៅក្នុងទន្លេវិញ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ យើងឃើញថាមានសារព័ត៌មានអន្ដរជាតិ និងក្រុមអ្នកស្រាវជ្រាវជាច្រើន បានចុះផ្សាយអំពី ត្រីបបែលយក្សមួយនេះ ដោយសារតែទំហំរបស់ដ៏ធំរបស់វា។ ជាក់ស្ដែងនៅក្នុងនោះ មានដូចជាសារព័ត៌មាន CNN, News York Post, ABC, Washinonpost និងប៉ុស្ដ៍ទូរទស្សន៍អន្ដរជាតិ ជាច្រើនទៀត។ លើសពីនេះ ត្រីបបែលយក្សមួយនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ដ ចាត់ទុកថាជាត្រីបបែលដែលធំជាងគេ ហើយក្នុងក្នុងតំបន់ទឹកសាប ក្នុងពិភពលោកផងដែរ។ តែយ៉ាងណាមិញ ត្រីបបែលទឹកសាបយក្សនេះ ជាសត្វកម្រណាស់ វាត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN ថាជាប្រភេទសត្វជិតផុតពូជ។ ខណៈចំនួនត្រីបបែលទឹកសាប និងចំនួនត្រីធំៗផ្សេងទៀតកំពុងធ្លាក់ចុះ ដោយសាររងសម្ពាធនៃការនេសាទ ការបំពុល និងកំណើនហេដ្ឋារចនាសម្ព័ន្ធនៃទំនប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២០ មិថុនា នេះ ហ្វូងមនុស្ស រួមមានក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ មន្ត្រីជលផលកម្ពុជា និងសមាជិកសហគមន៍ បានប្រមូលផ្ដុំគ្នាកុះករ ដើម្បីលែងត្រីបបែលយក្សញីដ៏ធំមួយក្បាល។ ពួកគេបានដាក់ឈ្មោះត្រីបបែលយក្សនោះថា៖ «បូណ៌មី» ដែលមានន័យជាភាសាខ្មែរ «ព្រះច័ន្ទពេញវង់» ដោយសារតែត្រីបបែលយក្ស ដែលមានរាងមូលនេះ ត្រូវបានលែងចំថ្ងៃពេញបូណ៌មី ១៥កើត ដោយមានព្រះច័ន្ទបញ្ចាំងពន្លឺនាជើងមេឃ។ បន្ថែមពីនេះ មុនពេលប្រលែងត្រីបបែលយក្សមួយនេះ ក្រុមការងារស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ Wonders of the Mekong ក៏បានបំពាក់ឧបករណ៍ Acoustic ដើម្បីតាមដានការធ្វើចរាចរផ្លាស់ទីរបស់វាផងដែរ។