សង្វាក់ផលិតកម្ម រោងចក្រចិនធ្លាក់ចុះយ៉ាងលឿន ក្រោយការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ ទ្រង់ទ្រាយធំ!


ប៉េកាំង៖ រដ្ឋាភិបាលចិន បានកំពុងចាត់វិធានការណ៍ទ្រង់ទ្រាយធំ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ថ្មី ដែលកំពុងផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំ ដែលបានធ្វើឱ្យមាន ការបិទខ្ទប់នៅតាមទីក្រុង និងតំបន់ជាច្រើន។ សកម្មភាពនេះ បានកំពុងធ្វើឱ្យចង្វាក់ផលិតកម្ម របស់រោងចក្រជាច្រើន នៅចិនប្រឈមមុខនឹង ការខាតបង់ជាច្រើន ក៏ដូចជាប៉ះពាល់ទៅដល់ ដៃគូអាជីវកម្មជាតិ និងអន្តរជាតិផងដែរ។

ប្រភពព័ត៌មានអន្តរជាតិ ចេញផ្សាយនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នេះបានឱ្យដឹងថា ផលិតកម្មជាច្រើន នៅតាមរោងចក្រឧស្សាហកម្មរបស់ចិន កំពុងប្រឈមមុខនឹង ភាពអវិជ្ជមាន ដោយសារតែការរាតត្បាត សាជាថ្មីម្ដងទៀត នៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ នៅ Guangzhou និង Chongqing។ ការរាតត្បាតនេះ បានធ្វើឱ្យមានការបិទខ្ទប់ជាថ្មី និងត្រូវបង្ខំឱ្យប្រតិបត្តិការអាជីវកម្ម របស់រោងចក្រទាំងនោះ ផ្អាកជាបណ្ដោះអាសន្ន ស្របពេលកម្លាំងពលកម្ម របស់ពលរដ្ឋចិន ត្រូវផ្អាកដូចគ្នាផងដែរ។

ទិន្នន័យបូកសរុប នាថ្ងៃពុធ បានឱ្យដឹងថា ការធ្លាក់ចុះនៃផលិតកម្ម របស់រោងចក្រឧស្សាហកម្មទាំងនោះ គឺជាការបន្តធ្លាក់ជាប់ៗគ្នាឥតដាច់ អស់រយៈពេល ៧ខែ មកហើយ។ ការធ្លាក់ចុះត្រូវបាន ពន្យាករណ៍ថា ត្រីមាសទី៤ ឆ្នាំ២០២២ នេះ សេដ្ឋកិច្ចរបស់ចិន នឹងពុំមានការកើនឡើងឡើយ ដោយអាចបន្តដល់ឆ្នាំ២០២៣ ផងដែរ ស្របពេលដែល តម្រូវការពីទីផ្សារអន្តរជាតិ ក៏ពុំមានខ្ពស់ដូចសព្វមុនដង ដោយសារតែស្ថានភាពពិភពលោក និងការកើនឡើងនៃតម្លៃទំនិញ ថាមពល និងប្រេងជាដើម។

ដើម្បីដោះស្រាយវិបត្តិមួយនេះ ចិនត្រូវមានគោលនយោបាយ ដើម្បីជួយសម្រួលទៅដល់ ទុក្ខលំបាកនេះជាបន្ទាន់ ពិសេសជួយសង្គ្រោះ ទៅដល់ទីផ្សារការងារ របស់ប្រជាពលរដ្ឋ ក្នុងការធានាឱ្យបាន នូវតម្រូវការក្នុងស្រុក នេះបើយោងតាម ការបញ្ជាក់របស់ លោក Wang Zhe អ្នកវិភាគសេដ្ឋកិច្ចនៃស្ថាប័ន Caixin Insight Group។ លោកបានស្នើឱ្យ អ្នកបង្កើតគោលនយោបាយ សម្របសម្រួលបន្ថែមទៀត ទៅដល់គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីពង្រីកតម្រូវការក្នុងស្រុក និងបង្កើនប្រាក់ចំណូល របស់ប្រជាជនក្រីក្រ។

ទោះបីជាបច្ចុប្បន្នចិន កំពុងប្រឈមមុខជាមួយបញ្ហាជំងឺកូវីដ ក៏ដោយ តែចិនជឿជាក់ថា នឹងអាចវិលត្រឡប់ មកកាន់សភាពដើមវិញ ជាមួយលទ្ធភាពអាចផលិត និងនាំចេញក្នុង ចំនួនច្រើនជាងមុន ស្របពេលអាជ្ញាធរ សុខភាពសាធារណរបស់ចិន បញ្ជាក់ថា នឹងបង្កើនល្បឿន ក្នុងការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនទៅដល់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋ ដែលមានវ័យចំណាស់។ គួរបញ្ជាក់ថា ចិនបានបន្ត នឹងកំពុងប្រឈមមុខ ជាមួយនឹងជំងឺរាតត្បាតមួយនេះ អស់រយៈពេល ៣ឆ្នាំមកហើយ គិតចាប់ពីដើមឆ្នាំ២០២០ មក៕