ស្វែងយល់អំពីប្រវត្តិសង្ខេបខ្លះៗនៃទីក្រុងកែប

ក្រុងកែប ឬបច្ចុប្បន្នគឺជាខេត្តកែបបានផ្ដាច់ខ្លួនចេញពីខេត្តកំពត ជាតំបន់រមនីយដ្ឋានទេសចរណ៍ដ៏ល្អប្រពៃមួយខុសពីតំបន់សមុទ្រដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខេត្តកែបមិនមែនជាទិសដៅអភិវឌ្ឍន៍ខ្លាំងដូចក្រុងព្រះសីហនុទេ មិនមានកោះស្អាតៗ និងឆ្នេរសមុទ្រសក្បុសដូចព្រះសីហនុ ឬកោះដ៏ទៃទៀតឡើយ ប៉ុន្តែខេត្តកែបទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងលក្ខណៈជាតំបន់ទេសចរណ៍ឆ្នេរ ដែលពោពេញទៅដោយភាពសុខុដុម អមដោយធម្មជាតិតំបន់ភ្នំ ឬរីសតលំហែកាយល្អៗ និងជាតំបន់នេសាទសមុទ្រដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជា។ 

ថ្ងៃនេះ យើងនិងមកស្វែងយល់អំពីប្រវត្តិសង្ខេបខ្លះៗនៃទីក្រុងកែប។ 

ប្រសិនបើយើងចង់ស្វែងយល់ពីប្រវត្តិនៃក្រុងកែប យើងត្រូវត្រលប់ទៅកាលពី ៦០ ឆ្នាំមុន ក្នុងសម័យសង្គមរាស្ត្រនិយម ដែលព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ខ្លាំងបំផុត និងមានការបែងចែកតំបន់អភិវឌ្ឍន៍ តំបន់អភិរក្ស និងឧទ្យានជាតិយ៉ាងច្បាស់លាស់។ នៅក្នុងសម័យសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាមានការបង្កើតខេត្តចំនួន ៥ បន្ថែមទៀតដូចជា៖ ខេត្តព្រះវិហារ (បានកាត់ដីចេញពីខេត្តកំពង់ធំ ស្ទឹងត្រែង និងសៀមរាប បង្កើតជាខេត្តមួយ), ខេត្តរតនគីរី (កាត់ចេញពីខេត្តស្ទឹងត្រែង), មណ្ឌលគីរី (បានកាត់ចេញពីក្រចេះ), ឧត្តរមានជ័យ (កាត់ចេញពីខេត្តសៀមរាប), និងខេត្តកោះកុង (បានកាត់ចេញពីខេត្តកំពត) ដើម្បីបង្កើតរដ្ឋបាលខេត្តរៀងៗខ្លួន។ លើសពីនេះ កម្ពុជាក៏មានក្រុងចំនួន ៣ ផ្សេងទៀតផងដែរ ដែលជាទិសដៅឧទ្យានទេសចរណ៍រួមមាន ក្រុងព្រះសីហនុ, ក្រុងគីរីរម្យ, និងក្រុងកែបនេះតែម្ដង។  

តាមពិតទៅ ក្រុងកែប ត្រូវបានកសាងឡើងតាំងពីសម័យអណានិគមបារាំងកំឡុងឆ្នាំ ១៩០៨ ដែលគេបានយកជាតំបន់សម្រាប់លំហែរកាយវិស្សមកាល ដែលគេអាចឃើញអគារសម័យអាណានិគមមួយចំនួនបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ ហើយវាត្រូវបានដាក់ឈ្មោះថា ឡឺកាប (Le Cap) ប្រែថា «ជ្រោយ» ជាដីដែលបានលយទៅក្នុងសមុទ្រ។ រហូតមកដល់ឆ្នាំ ១៩៥៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រុងកែបត្រូវបានបង្កើតជាផ្លូវការ ត្រូវបានកែលម្អក្លាយជាក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណិតមួយក្នុងប្រទេសកម្ពុជា ប្រចាំទសវត្សទី ៦០ និងជាទីមនោរម្យសម្រាប់មកកំសាន្ដរបស់ឥស្សរជនបារាំងនិងខ្មែរនាសម័យនោះ។ 

ចំណែកឯរឿងនិទានតៗគ្នារបស់ខ្មែរយើងវិញ បានតំណាលថា កាលពីដើមឡើយមានស្តេចមួយអង្គ ព្រះនាម សាគររាជ ដែលជាស្ដេចមានមន្តអាគមខ្លាំងពូកែ បានប្រើល្បិចសេពមន្តអាគមគាថាសណ្ដំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះស របស់មេទ័ពនោះមកជាមួយពលសេនាខ្លួនមួយចំនួន។ ពេលមេទ័ពផ្អើលឆោឡោដេញតាមចាប់ស្ដេចសាគររាជ និងពលសេនា ក៏បានភៀសខ្លួនមកដល់ភូមិភាគនិរតីតំបន់ឆ្នេរសមុទ្រ។ ពេលឈប់សម្រាក នៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏មកដល់។ ដោយមានការភិតភ័យស្តេចសាគររាជក៏បានភៀសខ្លួនជាបន្ដទៀត។ ពេលព្រះអង្គសាគររាជឡើងផាយសេះ សេះសនោះក៏កញ្ជ្រោលឡើងធ្វើឲ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញតាមកាន់តែកៀក ព្រះអង្គក៏ភិតភ័យឡើងផាយសេះរត់ភៀសខ្លួនជាបន្ដទៀត ដោយចោលកែបសេះនៅទីនោះ។ តំណមកគេក៏បានហៅទីនោះឈ្មោះថា «កែបសេះ» ហើយហៅកាត់ខ្លីមកត្រឹមពាក្យ «កែប» រហូតដល់សព្វថ្ងៃ។

ដើម្បីអាចទៅដល់ក្រុងកែបបាន គេអាចធ្វើដំណើរពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៣ កាត់តាមខេត្តកំពត មានចម្ងាយផ្លូវប្រមាណ ១៧៣ គីឡូម៉ែត្រ ឬតាមផ្លូវជាតិលេខ ២ កាត់តាមខេត្តតាកែវ ឬក៏អាចធ្វើដំណើរតាមរថភ្លើងមកចុះនៅស្ថានីយ៍ដំណាក់ចង្អើរដែលមានចម្ងាយពីក្រុងកែប ៧ គីឡូមែត្រ។ ភ្ញៀវទេសចរបរទេសអាចធ្វើដំណើរពីប្រទេសវៀតណាម មកក្រុងកែបតាមច្រកហាទៀង ព្រែកចាក ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ។ តាមផ្លូវសមុទ្រ ភ្ញៀវទេសចរអាចជិះទូកកប៉ាល់ ពីក្រុងព្រះសីហនុ និងពីប្រទេសវៀតណាមមកកំពង់ផែក្រុងកែបផងដែរ។

កែបជាទីក្រុងមួយតូចចង្អៀតសម្រាប់អ្នកទេសចរគ្រប់ប្រភេទ ជាក់ស្ដែងកែបមានតែឆ្នេរសមុទ្រសម្រាប់ងូតទឹកប្រវែងត្រឹមតែ ១,០០០ ម៉ែត្រប៉ុណ្ណោះ ហើយឆ្នេរខ្សាច់ក៏មិនសស្អាតដូចនៅព្រះសីហនុដែរ ពោលគឺជាឆ្នេរមានពណ៌ត្នោត ដែលត្រូវបានចាក់បំពេញ និងសម្បូរទៅដោយផ្ទាំងថ្មខ្មៅៗ និងដើមកោងកាងដែលដុះនៅតាមមាត់សមុទ្រ។ ប៉ុន្តែក្រុងកែបជាតំបន់ពិសេសដែលមានទីតាំងអំណោយផលសម្រាប់ការអភិវឌ្ឍន៍សណ្ឋាគារ រីសត ដែលនៅខាងមុខសមុទ្រគឺជាតំបន់ភ្នំប្រកបដោយទិដ្ឋភាពស្រស់ត្រកាល និងមានហេដ្ឋារចនាសម្ព័ន្ធល្អ ម្យ៉ាងវិញទៀត វាក៏មានភាពល្បីល្បាញផ្នែកអាហារសមុទ្រផងដែរ ដូចជាផ្សារក្តាម គឺជាទីផ្សារនៃសត្វសមុទ្រសម្រាប់អ្នកទេសចរណ៍អាចទិញដូចជាក្ដាម ខ្យង បង្គារ និងមឹកស្រស់ៗដែលអ្នកនេសាទរកបាននៅតំបន់នោះ។