នៅពេលដែលពិភពលោកកំពុងចាប់អារម្មណ៍ទៅលើសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមេរិចនិងមហាយក្សចិននោះ នៅតំបន់អាស៊ីចុងបូព៌ាឯណោះវិញក៏មានសង្គ្រាមពាណិជ្ជកម្មថ្មីមួយទៀតកើតឡើងផងដែរ រវាងប្រទេសជប៉ុននិងកូរ៉េខាងត្បូង ដែលសុទ្ធសឹងជាមហាអំណាចសេដ្ឋកិច្ចប្រចាំអាស៊ីបាស៊ីហ្វិច។ ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី ៣ និងទី ៤ នៅក្នុងទ្វីបអាស៊ី ស្ថិតនៅពីក្រោយតែប្រទេសចិននិងឥណ្ឌាប៉ុណ្ណោះ ហើយក៏ជាប្រទេសដែលផ្គត់ផ្គង់នូវផលិតផលពាក់កណ្ដាលសម្រេច និងវត្ថុធាតុដើមខាងផ្នែកអេឡិចត្រូនិចធំបំផុតនៅលើលោកផងដែរ។ ដូចនេះតើសង្គ្រាមពាណិជ្ជកម្មរវាងជប៉ុននិងកូរ៉េខាងត្បូង កើតឡើងដោយរបៀបណា? ហើយផលប៉ះពាល់អ្វីខ្លះកំពុងកើតមាន?
មុននឹងនិយាយដល់សង្គ្រាមពាណិជ្ជកម្ម យើងគប្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរនេះបន្ដិចសិន ព្រោះវាមានទំនាក់ទំនងយ៉ាងសំខាន់ទៅលើរឿងនេះ។ ជាការពិត ជប៉ុនគឺជាប្រទេសមហាអំណាចនៅអាស៊ីតាំងពីដើមសតវត្សទី ២០ ដែលបានចូលគ្រប់គ្រង ដាក់អាណានិគមប្រទេសជាច្រើននៅទ្វីបអាស៊ី រាប់ទាំងប្រទេសកម្ពុជាផងដែរ។ ជប៉ុនបានដាក់អាណានិគមឧបទ្វីបកូរ៉េនៅឆ្នាំ ១៩១០ ហើយបានបង្ខំឲ្យប្រជាជនកូរ៉េធ្វើការនៅក្នុងរោងចក្រឧស្សាហកម្មនិងផ្នែកថាមពលរបស់ខ្លួន នៅក្នុងស្ថានភាពយ៉ាងលំបាក ដូចជារោងចក្រដែក NIPPON Steel & Sumitomo Metal និងរោងចក្រគ្រឿងយន្ដ Mitsubishi Heavy Industies, Ltd។ លើសពីនេះ ស្ត្រីជនជាតិកូរ៉េរាប់សែននាក់ ត្រូវបានចាប់បង្ខំយកទៅបម្រើដល់ខាងកងទ័ពជប៉ុនផងដែរ ហើយវប្បធម៌ ភាសា និងប្រវត្តិសាស្ត្រកូរ៉េស្ទើតែបាត់បង់ក្នុងរយៈពេលនោះ។
នៅឆ្នាំ ១៩៤៥ ក្រោយពីប្រទេសជប៉ុនបានចាញ់សង្គ្រាមលោកលើកទី ២ ជប៉ុនបានដកខ្លួនចេញពីឧបទ្វីបកូរ៉េ និងផ្ដល់ឯករាជ្យភាព ប៉ុន្តែពេលនោះក៏ជាពេលដែលឧបទ្វីបកូរ៉េត្រូវបែកចេញជា ២ ផងដែរ។ ប្រទេសជប៉ុនត្រូវផ្ដល់ជំនួយសេដ្ឋកិច្ចដល់កូរ៉េខាងត្បូង ៨០០ លានដុល្លារ ដើម្បីជាការជួសជុលនូវវិបត្តិកន្លងមក។ លើសពីនេះ នៅឆ្នាំ ២០១៥ ជប៉ុនត្រូវផ្ដល់មូលនិធិ ១០ លានដុល្លារ សម្រាប់ជួយដល់ស្ត្រីដែលបានចាប់យកទៅបម្រើកងទ័ពក្នុងសម័យសង្គ្រាមផងដែរ។
ងាកមកបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងវិញ យើងអាចនិយាយឲ្យខ្លីបានថា វាទើបតែកើតឡើងចាប់ពីខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅប៉ុណ្ណោះ នៅក្រោយពេលដែលជប៉ុនបានដាក់សម្ពាធទៅលើក្រុមហ៊ុនកូរ៉េខាងត្បូង ដែលបានទិញយកវត្ថុធាតុដើមជាសារធាតុគីមីដើម្បីយកទៅផលិតជាផលិតផលពាក់កណ្ដាលសម្រេច ដូចជាបន្ទះឈីប អេក្រង់បង្ហាញ និងឧបករណ៍អេឡិចត្រូនិចនានា។ ដោយភាគីជប៉ុន បានចោតប្រកាន់អំពីការលួចយកសារធាតុគីមីទាំងនោះទៅលក់ដល់ប្រទេសកូរ៉េខាងជើងនិងអ៊ីរ៉ង់ដោយមិនមានការអនុញ្ញាតិ។ គួរបញ្ជាក់ផងដែរថា ជប៉ុនជាប្រទេសដែលបាននាំចេញសារធាតុគីមីនិងវត្ថុធាតុដើមទាំងនេះ ៩០% ទៅកាន់ពិភពលោក ដោយមួយភាគធំគឺទៅកាន់ប្រទេសកូរ៉េខាងត្បូង ជាប្រទេសធំបំផុតនៃផលិតផលពាក់កណ្ដាលសម្រេច ដើម្បីផលិតចេញជាបន្ទះឈីបសម្រាប់ទូរសព្ទដៃ, ឈីប DRAM សម្រាប់មេម៉ូរី, Processor ខួរក្បាលកុំព្យូទ័រ, Board ដំណើរការនៅលើឧបករណ៍អេឡិចត្រូនិចទូទៅ, និងសារធាតុសម្រាប់ផលិតអេក្រង់បង្ហាញ -ល-។ ក្រុមហ៊ុនកូរ៉េដែលបានទិញយកវត្ថុធាតុដើមច្រើនបំផុតគឺ Samsung និង SK Hynix ដែលក្រុមហ៊ុនទាំង ២ នេះក៏ជាអ្នកផលិតបន្ទះឈីបធំជាងគេដែលផ្គត់ផ្គង់ឈីបដល់គ្រឿងអេឡិចត្រូនិចទូទាំងពិភពលោកជាង ៦១% ឯណោះ ហើយនៅឆ្នាំ ២០១៨ ការនាំចេញរបស់កូរ៉េខាងត្បូងគឺពឹងផ្នែកលើផលិតផលពាក់កណ្ដាលសម្រេចជាង ៩២%។ ដូចនេះ បញ្ហានាំចេញរបស់កូរ៉េខាងត្បូងអាចនឹងធ្លាក់ចុះខ្លាំងជាងមុននៅឆ្នាំ ២០១៩ នេះ។
សង្គ្រាមពាណិជ្ជកម្មកូរ៉េខាងត្បូងនិងជប៉ុន វាទើបតែកើតនៅខែកក្កដាឆ្នាំ ២០១៩ នេះមែន ប៉ុន្តែបើមែនទែនទៅ បញ្ហានេះលយចេញមកតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ នៅពេលដែលលោកប្រធាធិបតី Moon Jae In ជាប់ឆ្នោត និងបានច្រានចោលនូវមូលនិធិ ១០ លានដុល្លាររបស់ជប៉ុនកាលពីឆ្នាំ ២០១៥ កន្លងទៅ សម្រាប់ជួយដល់ស្ត្រីមានវិបត្តិដែលធ្លាប់បានចាប់យកទៅបម្រើកងទ័ពកាលពីសម័យសង្គ្រាម ហើយឲ្យភាគីខាងជប៉ុន ទទួលខុសត្រូវខ្ពស់បន្ថែមទៅដល់កម្លាំងពលកម្មកូរ៉េ ដែលជប៉ុនបានចាប់ទៅបម្រើផ្នែកកងទ័ពនិងឧស្សាហកម្មកាលពីសង្គ្រាមលោកលើកទី ២។
បញ្ហាខាងលើនេះ បានធ្វើឲ្យរដ្ឋាភិបាលជប៉ុនដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Shinzo Abe មានទំនាស់យ៉ាងខ្លាំងជាមួយភាគីកូរ៉េខាងត្បូង ហើយត្រឹមតែ ១ ខែប៉ុណ្ណោះនៃឆាកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺនៅខែសីហាឆ្នាំ ២០១៩ ជប៉ុនបានលុបប្រទេសកូរ៉េខាងត្បូងចេញពីបញ្ជី White List របស់ខ្លួន (White List: ជាបញ្ជីឈ្មោះនៃប្រទេសទាំង ២៧ របស់ជប៉ុន ដែលគេចាត់ទុកជាប្រទេសដៃគូពាណិជ្ជកម្មជិតស្និត ដោយភាគច្រើនគឺសុទ្ធសឹងជាប្រទេសនៅសហភាពអឺរ៉ុប និងរួមមានទាំងសហរដ្ឋអាមេរិច អូស្ត្រាលី ហើយកូរ៉េខាងត្បូងផងដែរ)។ ដូចនេះផលិតផលសំខាន់ ដែលនាំចេញពីប្រទេសជប៉ុនទៅកូរ៉េខាងត្បូងនឹងត្រូវប្រើប្រាស់រយៈពេលយូរ និងត្រូវត្រួតពិនិត្យច្រើនតង់ ហើយផលិតផលអេឡិចត្រូនិចក៏មិនងាយស្រួលដូចមុនទៀតដែរ។ គេជឿជាក់ថា នៅឆ្នាំបន្ទាប់ៗទៀត ផលិតផលពាក់កណ្ដាលសម្រេចរបស់កូរ៉េខាងត្បូង និងមានការធ្លាក់ចុះនៃការនាំចេញ ហើយផលិតផលអេឡិចត្រូនិចមួយចំនួនក៏នឹងឡើងថ្លៃខ្ពស់ជាងមុនផងដែរ ជាក់ស្ដែងគេសង្កេតឃើញផលិត Memory សម្រាប់កុំព្យូទ័រនិងទូរសព្ទដៃបានចាប់ផ្ដើមឡើងថ្លៃបន្ដិចម្ដងៗហើយ។
ជាសរុបមកវិញ បញ្ហានេះទើបតែចាប់ផ្ដើមប៉ុណ្ណោះ ប៉ុន្តែរយៈពេលត្រឹមតែប្រហែល ៤ ខែកន្លងទៅនេះគេសង្កេតឃើញក្រុមហ៊ុនអេឡិចត្រូនិចមួយចំនួនរបស់កូរ៉េខាងត្បូងដូចជា Samsung និង SK Hynix បានចាប់ផ្ដើមមានបញ្ហាឡើងថ្លៃនូវការនាំចេញផលិតផលពាក់កណ្ដាលសម្រេចរបស់ខ្លួនទៅហើយ ដូចនេះវានឹងអាចប៉ះពាល់តម្លៃគ្រឿងអេឡិចត្រូនិចជាច្រើន ជាពិសេសទូរសព្ទវៃឆ្លាតដែលយើងកំពុងប្រើប្រាស់ប្រចាំថ្ងៃ ដោយគ្រឿងម៉ាស៊ីនមួយភាគធំដូចជាបន្ទះឈីប កាមេរ៉ា អង្គផ្ទុកទិន្នន័យ អេក្រង់ សុទ្ធសឹងមានប្រភពចេញមកពីប្រទេសកូរ៉េខាងត្បូង។ ដូចនេះបញ្ហានៅខាងមុខនឹងទៅជាយ៉ាងណាទៀត?