ប្រសិនបើនិយាយអំពី KFC វាគឺជាក្រុមហ៊ុនផ្នែកម្ហូបអាហាររហ័ស (Fast Food) ល្បីល្បាញខ្លាំងណាស់របស់សហរដ្ឋអាមេរិច ជាពិសេសគឺផ្នែកមាន់បំពង។ ប្រហែល ៧០ ឆ្នាំមកនេះ KFC ទទួលលបានការគាំទ្រនិងបានបើកដំណើរការ ១៣៦ ប្រទេសស្ទើរជុំវិញពិភពលោក សូម្បីតែប្រទេសកម្ពុជាយើងក៏ KFC ទទួលបានជោគជ័យខ្លាំងផងដែរ។ ផ្ទុយទៅវិញ នៅក្នុងប្រទេសម៉ាឡេស៊ី ថ្វីបើប្រតិបត្តិការណ៍របស់ KFC ច្រើនក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន QSR Brands (M) Holding Bhd ដែលជាក្រុមហ៊ុនគ្រប់គ្រង KFC ប្រចាំប្រទេសម៉ាឡេស៊ីនិង Pizza Hut នៅអាស៊ីអាគ្នេយ៍នោះ នៅតែមានបំណងចង់លក់ភាគហ៊ុន KFC Malaysia ដោយមិនមានលក្ខខ័ណ្ឌ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន QSR Brands បានបើកដំណើរការហាងអាហាររហ័ស KFC ជាង ៨៣០ សាខានៅក្នុងប្រទេសចំនួន ៤ មានដូចជាប្រទេសម៉ាឡេស៊ី, កម្ពុជា, សិង្ហបុរី និងព្រុយណេ ម្យ៉ាងទៀត QSR ក៏ដំណើរការ Pizza Hut ចំនួន ៤៧០ សាខានៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរីផងដែរ ដែលជាទំហំច្រើនជាងគេធៀបជាមួយប្រទេសដទៃទៀតតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែហេតុអ្វីបានជាង QSR Brands ចង់លក់ភាគហ៊ុន KFC Malaysia ចោលទៅវិញ?
តាមការចុះផ្សាយរបស់គេហទំព័រ Bloomberg បង្ហាញថាប្រសិនបើមើលទៅលើតួរលេខនៃការបើកសាខារបស់ KFC Malaysia ពិតជាច្រើន ប៉ុន្តែនៅក្នុងឆ្នាំ ២០១៩ នេះ KFC Malaysia ទទួលបានប្រាក់ចំណូលធ្លាក់ចុះប្រមាណ ៥.៧% ដោយទទួលបានត្រឹមតែ ៣.៨៥ លានដុល្លារប៉ុណ្ណោះ បើទោះជាមានសាខាច្រើនក៏ដោយ។ នេះក៏ព្រោះតែប្រទេសម៉ាឡេស៊ីជាប្រទេសសាសនាអ៊ីស្លាម និងមានប្រជាជនចម្រុះជាតិសាសន៍ ដូចនេះធ្វើឲ្យសាច់មាន់ជាសាច់គោល និងមានភាពពេញនិយមបំផុត ហើយក៏មានការប្រកួតប្រជែងច្រើនផងដែរ ទើបធ្វើឲ្យចំណូលរបស់ KFC Malaysia ដែលមានតែមាន់បំពងធ្លាក់ចុះ ចំណែកតម្លៃផ្សារភាគហ៊ុន (IPOs) របស់ក្រុមហ៊ុន KFC Malaysia វិញមានតម្លៃត្រឹមតែ ៤៥២ លានដុល្លារប៉ុណ្ណោះ ខណៈពេលដែលក្រុមហ៊ុនរំពឹងទទួលបាន ៦០០ លានដុល្លារ។
យ៉ាងណាមិញក្រុមហ៊ុន QSR កំពុងតែពិចារណាលក់ក្រុមហ៊ុន KFC Malaysia ទាំងមូលតែម្ដង ដោយកំពុងទាក់ទងជាមួយក្រុមហ៊ុនឯកជន CVC Capital និងក្រុមហ៊ុនរដ្ឋ Johor Corp ដែលគេក៏អាចមានផលចំណេញទៅលើការផ្ដល់ប្រាក់សោធននិវត្តន៍ដល់បុគ្គលិកផងដែរ។ តាមការវាយតម្លៃគេឃើញថាក្រុមហ៊ុន KFC Malaysia អាចមានតម្លៃ ១,៤០០ លានដុល្លារ ប៉ុន្តែសម្រាប់តម្លៃពិតប្រាកដ ក្រុមហ៊ុន QSR Brands មិនអាចបញ្ជាក់ប្រាប់ច្បាស់នោះទេ ព្រោះជារឿងផ្ទៃក្នុងក្រុមហ៊ុន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន QSR បានបង្ហាញថា KFC មានភាពជោគជ័យនៅប្រទេសជាច្រើនក្នុងអាស៊ី តួយ៉ាងប្រទេសឡាវ និងម៉ុងហ្គោលី ប៉ុន្តែប្រហែលជាមិនសាកសមសម្រាប់ម៉ាឡេស៊ី។