នៅក្នុងប្រវត្តិសាស្ដ្រដ៏រុងរឿងរបស់កម្ពុជា «អាណាចក្រខ្មែរ» នូវរាល់ការកសាងរាជធានីមួយ ព្រះមហាក្សត្រស្ទើរគ្រប់អង្គ តែងតែផ្ដោតសំខាន់បំផុតទៅលើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងអាងស្ដុកទឹក។ នេះមិនមែនចៃដន្យឡើយ ដែលក្សត្រខ្មែរសម័យនោះបានតាំងរាជធានីនៅអង្គរ ជាតំបន់នៅក្បែរបឹងទន្លេរសាបស្រាប់ គួបផ្សំជាមួយការស្ថាបនានូវប្រព័ន្ធធារាសាស្ត្រ អាងស្ដុកទឹក និងស្ទឹងជាច្រើនទៀត ដូចជាបារាយណ៍ខាងលិច បារាយណ៍ខាងកើត ស្ទឹងសៀមរាប -ល- ដូចនេះរាជធានីមានធនធានទឹកប្រើប្រាស់គ្រប់គ្រាន់ និងធ្វើកសិកម្មបានទិន្នផលខ្ពស់ ហើយក៏សម្រាប់ទ្រទ្រង់ដល់ព្រហ្មញសាសនាផងដែរ ជាមួយការសាងសង់ប្រាសាទដែលព័ទ្ធជុំវិញដោយទឹក។ លើសពីនេះទៀត យោងតាមការស្រាវជ្រាវរបស់បណ្ឌិត Ian Moffat មកពីសកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្ត្រាលី ការផ្លាស់ប្ដូររាជធានីពីកោះកេរ្តិ៍មកកាន់ក្រុងអង្គរ «យសោធបុរៈ» វិញ ក៏ដោយសារតែបញ្ហាវិស្វកម្មខុសទៅលើប្រព័ន្ធគ្រប់គ្រងទឹកនេះឯង។
បារាយណ៍ ដែលក្សត្រខ្មែរបានសាងសង់ឡើងមានចំនួន ២ ធំៗនៅសៀមរាប គឺបារាយណ៍ខាងកើត និងបារាយណ៍ខាងលិច។ បច្ចុប្បន្ននេះ បារាយណ៍ខាងកើត គោករីងទឹកក្លាយជាទីវាលទៅហើយ បន្សល់ទុកនូវប្រាសាទមេបុណ្យខាងកើត និងការស្ថាបនាផ្លូវសម្រាប់ជិះកាត់ទៅប្រាសាទផ្សេងទៀតប៉ុណ្ណោះ។ នៅសល់តែបារាយណ៍ខាងលិច ដែលយើងនិយមហៅថា «បារាយណ៍ទឹកថ្លា» ដែលកំពុងស្ថិតក្នុងស្ថានភាពរីកស្ងួតបន្ដិចម្ដងៗ ហើយសូម្បីតែស្រះស្រង់ ក៏ត្រូវរីងទឹកអស់ផងដែរនាពេលនេះ។
គូសបញ្ជាក់ផងដែរថា នៅចំណុចកណ្ដាលបារាយណ៍ ២ ទាំងខាងកើតនិងខាងលិច សុទ្ធសឹងតែត្រូវបានសាងសង់ «ប្រាសាទមេបុណ្យ» ទាំងអស់ ដោយនៅខាងកើតគេហៅថាប្រាសាទមេបុណ្យខាងកើត មានរចនាបថដូចគ្នាទាំងស្រុងទៅនិងប្រាសាទប្រែរូប ចំណែកឯនៅបារាយណ៍ខាងលិចវិញ មានប្រាសាទមេបុណ្យខាងលិច ធ្លាប់តែជាប្រាសាទដែលមានទឹកព័ន្ធជុំវិញដូចប្រាសាទអណ្ដែតលើទឹកអញ្ចឹង។ ប៉ុន្តែពេលនេះប្រាសាទមេបុណ្យខាងលិច កំពុងស្ថិតនៅក្នុងជួសជុលឡើងវិញពីស្ថានទូតបារាំង ហើយគេហទំព័រ Cambodia Property Report យើងនឹងរៀបរាប់នៅអត្ថបទក្រោយ ប៉ុន្តែអត្ថបទនេះ យើងនឹងស្វែងយល់ពីព័ត៌មានមួយចំនួននៃបារាយខាងលិច។
បារាយណ៍ខាងលិច គឺជាអាងស្ដុកទឹកធំបំផុតនៅលើពិភពលោក ដែលបានស្ថាបនាឡើងដោយមនុស្ស (មិនមែនកើតឡើងឯងៗពីធម្មជាតិ) វាមានទំហំធំជាងបារាយណ៍ខាងកើតបន្ដិច ដោយមានបណ្ដោយទំហំដល់ទៅ ៨ គីឡូម៉ែត្រ និងទទឹង ២.២ គីឡូម៉ែត្រ ដែលមានសមត្ថភាពអាចស្ដុកទឹកបានដល់ទំហំ ៤០ លានម៉ែត្រគូបឯណោះ។ បារាយណ៍ខាងលិច និងត្រូវបានចាប់ផ្ដើមកសាងឡើងនៅសតវស្សទី ១១ (ចាប់ពីគ.ស ១០០២ ដល់គ.ស ១០០៦) ក្នុងរជ្ជកាលក្សត្រ ២ ព្រះអង្គ គឺផ្ដើមកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី ១ (ពីគ.ស ១០០២ ដល់គ.ស ១០៥០) ហើយបានបញ្ចប់ជាស្ថាពរ នៅក្នុងរជ្ជកាល ព្រះបាទឧទ័យាទិត្យវរ័្មនទី២ដែលត្រូវជាព្រះរាជបុត្រព្រះអង្គ (ពីគ.ស ១០៥០ ដល់គ.ស ១០៦៦)។
បារាយណ៍ខាងលិច មានទីតាំប្រហែល ៨ គីឡូម៉ែត្រពីក្រុងសៀមរាប ស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបារាយណ៍នេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបម្រើវិស័យកសិកម្មសម័យមុន ដោយវាគឺជាប្រភពទឹកដ៏ធំសម្រាប់ចែកចាយរាជធានីអង្គរមកដល់សព្វថ្ងៃ ហើយផ្គត់ផ្គង់ទឹកតាមរយៈស្ទឹងចំនួន ២ គឺស្ទឹងសៀមរាប និងស្ទឹងពួក (ភ្ជាប់ដោយអូរខ្លូត)។ លើសពីនេះទៀត បារាយណ៍ក៏បានក្លាយទៅជារម្មណីយដ្ឋានមួយផងដែរ ដោយគេនិយមហៅថាបារាយណ៍ទឹកថ្លា មានភ្ញៀវទេសចរណ៍ជាតិអន្ដរជាតិជាច្រើន មកកម្សាន្ដជាមួយមិត្តភក្តិ ក្រុមគ្រួសារញ៉ាំអាហារ និងងូតទឹកលេង ឬក៏អាចជិះកាណូតដើម្បីទៅទស្សនាប្រាសាទមេបុណ្យខាងលិចផងដែរ។
ដោយសារតែបញ្ហាបម្រែបម្រួលនៃអាកាសធាតុ រួមជាមួយអាកាសធាតុក្ដៅខ្លាំងក្នុងតំបន់ត្រូពិច ប្រទេសកម្ពុជាយើងក៏ទទួលឥទ្ធិពលអាក្រក់មួយចំនួនផងដែរ ដោយវាបានធ្វើឲ្យអាងស្តុកទឹកមួយចំនួនកំពុងស្ថិតនៅក្នុងស្ថានភាពគួរឲ្យបារម្ភ។ ជាក់ស្ដែង បារាយណ៍ខាងកើតគ្មានទឹកទៀតនោះទេ ចំណែកស្រះស្រង់ស្ទើតែរីងស្ងួតអស់ទៅហើយ រីឯបារាយណ៍ខាងលិចវិញ ក៏កំពុងរីងបន្ដិចម្ដងៗ គេអាចធ្វើដំណើរទៅប្រាសាទមេបុណ្យខាងលិច ដោយថ្មើរជើងបាន មិនបាច់ជិះកាណូតទៀតនោះទេ។ ដូចនេះ ស្ថានភាពនៃអាងស្ដុកទឹកដ៏ធំបំផុតលើលោក ដែលបុព្វបុរសខ្មែរបានកសាងឡើង មានអាយុកាលជិត ១០០០ ឆ្នាំនេះ នឹងក្លាយទៅជាយ៉ាងណានៅពេលខាងមុខ?