ការរីកដុះដាលយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជុំវិញពិភពលោក បានធើ្វឲ្យមានការកើនឡើងនូវតម្រូវការការិយាល័យយ៉ាងខ្លាំង ដែលជាទីតាំងចាំបាច់មិនអាចខ្វះបានសម្រាប់បំពេញការងារប្រចាំថ្ងៃរបស់បុគ្គលិក។ ហេតុដូចនេះ ទីក្រុង សិនជិន របស់ប្រទេសចិន ដែលជាទីក្រុងធំមួយក្នុងការធ្វើជំនួញទាំងក្នុង និងក្រៅស្រុក មួយនេះបានទទួលនូវការចាប់អារម្មណ៍ខ្ពស់ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជុំវិញតំបន់ និងអន្តរជាតិ។
បន្ទាប់ពីការពង្រីកសេដ្ឋកិច្ចអស់រយៈពេលជាង 4 ទស្សវត្សមក ទីក្រុង សិនជិន ត្រូវបានអន្តរជាតិទទួលស្គាល់ថាជា ទីក្រុងឈានមុខខាងផ្នែកបច្ចេកវិជ្ជា និងភាពច្នៃប្រឌិតរបស់ប្រទេសចិន។ ភាពរីកចម្រើន លូតលាស់នៃឧស្សាហកម្មបច្ចេកវិជ្ជានេះ ញុំាងឱ្យក្រុមហ៊ុនជាច្រើនងាកមកជ្រើសរើសការិយល័យរបស់ខ្លួនក្នុងទីក្រុងបច្ចេកវិជ្ជាឈានមុខមួយនេះ ដែលធ្វើអោយតម្រូវការការិយល័យមានការកើនឡើង ហើយតម្លៃកំពុងកើនឡើងឥតឈប់ឈរ ធ្វើឲ្យម្ចាស់ដី ម្ចាស់អាគារត្រូវប៉ាន់តែម្ដង នេះយោងតាមការសារព័ត៌មានអន្តរជាតិ JLL News Paper ដែលបានចេញផ្សាយកាលពីពេលកន្លងទៅ។
ទីក្រុង សិនជិន បានប្រែក្លាយខ្លួនពី ភូមិនេសាទមួយ ទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដោយសារតែរដ្ឋាភិបាល ប្រើយុទ្ធសាស្ត្រកែទម្រង់សេដ្ឋកិច្ច ការលើកទឹកចិត្តមូលធនលើក្រុមហ៊ុនបង្កើតថ្មី ការប្រមូលផ្តុំពាណិជ្ជកម្មក្នុងតំបន់ និងសមត្ថភាពក្នុងការទាក់ទាញធនធានមនុស្ស។ ទាំងអស់នេះជា កតាលីករជម្រុញឲ្យទីក្រុងមួយនេះ រីកចម្រើនយ៉ាងឆាប់រហ័ស ហើយនឹងបន្តពង្រីកខ្លួនកាន់តែធំ និងមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញឡើងនាពេលអនាគត។ ការរីកចម្រើនឥតឈប់ឈររបស់ទីក្រុងមួយនេះ ធ្វើអោយមានកំណើនលំហូរចូលបុគ្គលិក ការពង្រីកនិងផ្លាស់ប្តូរការិយាល័យកណ្តាលរបស់ក្រុមហ៊ុនខ្នាតអន្តរជាតិ នាំអោយមានតម្រូវការអភិវឌ្ឍន៍អគារខ្ពស់ៗ និងតម្រូវការជួលការិយាល័យលក្ខណៈស៊ីវិល័យ។ ដូច្នេះទីក្រុង សិនជិន បានត្រៀមគម្រោងធំៗ ដើម្បីអភិវឌ្ឍន៍សំណង់អគារខ្ពស់ៗ នៅលើផ្ទៃដីចំនួន ៧.៦ លានម៉ែត្រក្រឡាផ្ទៃក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត ដើម្បីបំពេញតម្រូវការការិយល័យសំរាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅសួនឧស្សាហកម្មបច្ចេកវិជ្ជាទំនើប សិន ជិន និងជុំវិញមជ្ឈមណ្ឌលសេដ្ឋកិច្ច ណានសាន (Nanshan Business District) ផងដែរ។
ការរីកចំរើនក្នុងពេលនេះ បើទោះបីជាធ្វើឲ្យតម្លៃជូលការិយាល័យមានការកើនឡើងក៏ពិតមែន តែទីក្រុងសេដ្ឋកិច្ចមួយនេះ នៅតែទទួលបានការវិនិយោគតទៅមុខឥតស្រាក់ស្រាន រហូតមានតម្លៃដីថ្លៃពេកបានជម្រុញឲ្យការផលិតមួយចំនួន ដោយរួមបញ្ចូលផ្នែកបច្ចេកវិទ្យាធំៗ ផ្លាស់ប្ដូរទីតាំងទីជាយក្រុងទៀតផង ដែលនេះនឹងជម្រុញឲ្យមានការអភិវឌ្ឍន៍បន្ថែមនៅតាមតំបន់ផ្សេងៗទៀតផងដែរ។ សម្រាប់អនាគតរបស់ទិក្រុងសេដ្ឋកិច្ចមួយនេះ នឹងកាន់តែភ្លឺស្វាង បើការរីកដុះដាលនេះបន្តទៅមុខទៀត ព្រោះថាមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន បានបោះដើមទុនរកស៊ីនៅទីនោះ ហើយនឹងមកជាបន្តបន្ទាប់ទៀត។