ភាពល្បីល្បាញនៃម្រេចកំពត លើឆាកអន្តរជាតិ!

ស្ថិតនៅភាគខាងត្បូងឈាងនិរតីនៃប្រទេសកម្ពុជា ខេត្តកំពតត្រូវបានចាត់ទុកជាតំបន់ឈូងសមុទ្រដែលមានសណ្ឋានដីល្អជាងគេសម្រាប់វិស័យកសិកម្ម ក្នុងនោះដំណាំល្បីល្បាញប្រចាំខេត្តរួមមាន៖ ធុរេន ម្រេច តែ កាហ្វេ កៅស៊ូ ជាដើម។ ម្រេចកំពត មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ដោយត្រូវបានចុងភៅលំដាប់អន្តរជាតិលោក Olivier Rœllinger និង Anthony Bourdain ឲ្យពិន្ទុខ្ពស់ជាងគេ ដោយសារតែភាពអំណោយផលនៃទីតាំងដាំ រួមបញ្ជូលទាំងដំណាំតំបន់ក្បែរសមុទ្រនិងតំបន់ភ្នំ គុណភាពដី និងអាកាសធាតុ ដែលធ្វើឲ្យរសជាតិម្រេចកំពតប្លែកពីគេ ជាម្រេចកម្រនិងមានតម្លៃខ្ពស់។ 

លោកស្រី Nathalie Chaboche ម្ចាស់កសិដ្ឋានម្រេច La Plantation ទំហំ ៩៩ ហិចតានៅភាគខាងត្បូងខេត្តកំពត បានបង្ហាញថាការដាំម្រេចក្នុងខេត្តកំពត គឺផ្ដល់នូវរសជាតិ និងក្លិនតំណាងសណ្ឋានដីដ៏មានជីជាតិនៅប្រទេសកម្ពុជាតែម្ដង ដោយរសជាតិមិនហិរពេក តែក៏មិនស្រាលពេកដែរ ពោលគឺរសជាតិប្រហើរល្អ។ លោកស្រីបានប្រៀបធៀបវាដូចជា ស្រាអញ្ចឹងដែរ គេមិនសូវចង់បានរសជាតិខ្លាំងពេក ឬស្រាលពេកនោះទេ ប៉ុន្តែត្រូវការរសជាតិដែលជាប់មាត់រយៈពេលវែង។ លោកស្រី Chaboche ជាជនជាតិបារាំង បានដំណើរការកសិដ្ឋានម្រេចនេះរយៈពេល ៧ ឆ្នាំមកហើយ ដែលអាចនាំចេញម្រេច ២៥ តោនក្នុងមួយឆ្នាំ និងបង្កើតការងារពេញម៉ោង ១៥០ នាក់ និងផ្នែកប្រមូលផលប្រចាំថ្ងៃ ១៥០ នាក់ផ្សេងទៀត (ក្នុងរដូវប្រមូលផល) វាក៏ជាចំការម្រេចធំជាងគេក្នុងខេត្តកំពតផងដែរ។

បើនិយាយឲ្យចំទៅ ប្រជាជនកម្ពុជាបានដាំម្រេចជាច្រើនប្រភេទយូរណាស់មកហើយក្នុងខេត្តកំពតនេះ ដូចជាម្រេចកំចាយ និងឡាំផុង ដែលគេស្គាល់ថាជាម្រេចកំពត ប៉ុន្តែគេពុំបានទទួលបានចំណូលពីការនាំចេញធំដុំ ឬទទួលស្គាល់នោះទេ រហូតដល់កំឡុងទសវត្ស ១៩០០ ក្នុងសម័យអាណានិគមបារាំង ទើបការផលិតដំណាំម្រេចមានសន្ទុះឡើង ដែលអាចផលិតម្រេចបានដល់ ៨,០០០ តោនក្នុងមួយឆ្នាំ ហើយម្រេចដែលនាំចូលប្រទេសបារាំងទាំងស្រុងពេលនោះ គឺមានប្រភពចេញពីខេត្តកំពត និងត្រូវបានគេដាក់ឈ្មោះថា Poivre Indochine ឬម្រេចឥណ្ឌូចិន។

លោក ហន ថុន ម្ចាស់កសិដ្ឋានចំការម្រេចដែលស្ថិតនៅចំងាយ ៤០ គីឡូម៉ែត្រពីចំការ La Plantation ខាងលើនេះ គាត់មានឪពុកម្ដាយជាកសិករក្នុងដំណាំម្រេចតាំងពីដើមមក ប៉ុន្តែក្នុងរបបខ្មែរក្រហម គេមិនអនុញ្ញាតិឲ្យដាំដំណាំម្រេចនេះទេ ដោយសារតែម្នាក់ៗត្រូវចូលបម្រើយោធា ហើយស្រីៗត្រូវធ្វើស្រែចំការ ដែលពេលនោះម្រេចកំពតស្ទើរតែបាត់បង់ទៅហើយ។ ម្យ៉ាងទៀតប្រសិនបើធៀបទៅ ២០ ឆ្នាំមុនម្រេចកំពតអាចផលិតបានត្រឹមតែប៉ុន្មានតោនប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយសារមានអ្នកដាំតិចតួច ប៉ុន្តែបច្ចុប្បន្នគាត់ត្រលប់មកធ្វើការដាំឡើងវិញបន្ដរពីឪពុក ដែលអាចរកចំណូលបានដល់ ១៣,០០០ ដុល្លារក្នុងមួយឆ្នាំ ជាទឹកប្រាក់ដ៏ច្រើនគួរសមមួយក្នុងប្រទេសដែលមាន GPD per capita ត្រឹម ២,០០០ ដុល្លារក្នុងមួយឆ្នាំ។ កាលពីឆ្នាំមុនសមាគម Kampot Pepper Promotion Association មានសមាជិកជាង ៤០០ នាក់អាចផលិតម្រេចបានដល់ ១០០ តោន និងទទួលស្គាល់នាំចេញច្រើនបំផុតទៅសហភាពអឺរ៉ុប។ យ៉ាងណាមិញ បច្ចុប្បន្នខេត្តកំពតមិនមែនជាតំបន់ដំណាំម្រេចធំជាងគេទៀតនោះទេ ព្រោះប្រទេសវៀតណាមអាចផលិតបានដល់ ១៨០,០០០ តោនកាលពីឆ្នាំមុន ជាចំនួនធំជាងគេនៅអាស៊ីអាគ្នេយ៍។ 

ចុងភៅល្បីៗ តែងតែប្រើប្រាស់ម្រេចខ្មៅ និងម្រេចក្រហម ដោយម្រេចខ្មៅមានរសជាតិហិរជាងក្រហម ភាគច្រើនប្រើវាជាមួយសាច់ ត្រី និងគ្រឿងសមុទ្រជាដើម ចំណែកម្រេចក្រហមគេប្រើវាសម្រាប់រោយពីលើម្ហូបដូចជាជីក្លិននិងរសជាតិអញ្ចឹង។ ចំណែកឯម្រេចថ្លៃបំផុតគឺម្រេចស ដែលគេដាក់លក់នៅអឺរ៉ុប និងអាមេរិចក្នុងតម្លៃខ្ទង់ ១០០ ក្នុងមួយអោន (២៨ ក្រាម)។ ដូចនេះហើយទើបម្រេចកំពត ត្រូវបានគេទទួលស្គាល់និងមានភាពល្បីល្បាញខ្លាំងមួយលើឆាកអន្តរជាតិ។