យើងដឹងយ៉ាងច្បាស់ថា ស្ពាន ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ព្រោះប្រទេសយើងសម្បូរទៅដោយទន្លេច្រើនហូរកាត់ខ្វាត់ខ្វែង ជាពិសេសបើយើងក្រលេកមើលទីក្រុងភ្នំពេញ នៅមុខព្រះបរមរាជវាំង គឺជាចំណុចប្រសព្វនៃទន្លេ ៣ បញ្ចូលគ្នា គឺទន្លេរមេគង្គ ទន្លេរបាសាក់ និងទន្លេរសាប បង្ហាញថាភ្នំពេញជារាជធានីមួយ ដែលអំណោយផលបំផុតទៅលើការអភិវឌ្ឍន៍ ហើយយើងក៏បានឃើញច្បាស់ផងដែរ នូវទីក្រុងថ្មីៗកំពុងសាងសង់យ៉ាងគគ្រឹកគគ្រេងនៅមុខទន្លេរនៃទីក្រុងភ្នំពេញនេះ ហើយបើធៀបនឹងកាលពីទសវត្សឆ្នាំ ៩០ យើងស្ទើរតែនឹងស្មានមិនដល់។
និយាយអំពីស្ពានវិញ ស្ពាន គឺជាអ្នកសម្របសម្រួលភ្ជាប់ផ្លូវថ្នល់ ឆ្លងពីលើទន្លេរ ជាពិសេសនៅពេលដែលប្រទេសមួយចង់សាងសង់ផ្លូវល្បឿនលឿន កាត់ភ្នំ កាត់ទឹក ឆ្លងផ្លូវកាត់នានា ស្ពានជាដំណោះស្រាយដ៏រហ័សបំផុត ប៉ុន្តែក៏ត្រូវចំណាយពេល និងថវិការយ៉ាងច្រើនផងដែរ។ អញ្ចឹងថ្ងៃនេះ យើងនឹងមកមើលសមិទ្ធិផលស្ពានធំៗជាងគេក្នុងប្រទេសកម្ពុជាទាំង ១០ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូននិងសម្រួលដល់ការធ្វើដំណើរនៃប្រជាជនខ្មែរយើងទាំងអស់គ្នា។
- ស្ពានត្សឹបាសា
ស្ពានត្សឹបាសា ឬយើងស្គាល់ថាជាស្ពានអ្នកលឿង ជាស្ពានវែងបំផុតនៅក្នុងប្រទេសកម្ពុជាមានប្រវែងសរុប ២,២១៥ ម៉ែត្រឆ្លងកាត់ទន្លេមេគង្គ (ទី៣) ស្ថិតនៅក្នុងខេត្តព្រៃវែង ត្រូវបានសាងសង់នៅក្នុងឆ្នាំ ២០១០ សម្ពោធនៅឆ្នាំ ២០១៥ ចំណាយទឹកប្រាក់អស់ ១២៧ លានដុល្លារអាមេរិច ក្នុងនោះ ៩០ លានដុល្លារជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។
- ស្ពានកោះកុង
ស្ពានកោះកុង ឬស្ពានមិត្តភាពកម្ពុជា-ថៃ ជាស្ពានដែលត្រូវសម្ពោធនៅក្នុងឆ្នាំ ២០០២ ដែលមានប្រវែង ១,៩០០ ម៉ែត្រ ឆ្លងកាត់ទន្លេរកោះពៅ ស្ថិតនៅក្នុងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ ស្ពាននេះត្រូវបានវិនិយោគទៅអោយក្រុមហ៊ុនលីយ៉ុងផាត់ រយៈពេល ៣០ ឆ្នាំ ដោយកាលពីមុនយើងត្រូវបង់ប្រាក់ដើម្បីឆ្លងកាត់ម្ដងៗ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលកម្ពុជាបានសម្រេចទិញវាយកមកធ្វើជាសម្បត្តិរដ្ឋវិញ ដូចនេះយើងអាចឆ្លងកាត់ ដោយមិនបាច់បង់ប្រាក់ទៀតទេ។
- ស្ពានស្ទឹងត្រែង
ស្ពានស្ទឹងត្រែង ជាស្ពានស្ថិតនៅព្រំប្រទល់ខេត្ត ដែលឆ្លងពីខេត្តស្ទឹងត្រែង ទៅខេត្តព្រះវិហារ មានប្រវែងសរុប ១,៧៣១ ម៉ែត្រឆ្លងកាត់ទន្លេមេគង្គ ត្រូវបានចំណាយថវិកាសរុប ១១៦.៥ លានដុល្លារ ដែលជាប្រាក់កម្ចីឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ ស្ពាននេះត្រូវបានចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ ២០១២ និងសម្ពោធដំណើរការនៅក្នុងឆ្នាំ ២០១៥។
- ស្ពានគីហ្សូណា
ស្ពានគីហ្សូណា ត្រូវបានចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ ១៩៩៩ និងសម្ពោធបើកដំណើការក្នុងឆ្នាំ ២០០២ ស្ពាននេះមានប្រវែងសរុប ១,៥០០ ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកកំពង់ចាម ខេត្តកំពង់ចាម និងចំណាយទឹកប្រាក់សរុប ៥៦ លានដុល្លារ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។ យើងក៏បានឃើញស្ពាននេះ នៅលើក្រដាសប្រាក់ ៥០០ រៀលផងដែរ។
- ស្ពានព្រែកតាមាក់
ស្ពានព្រែកតាមាក់ ចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ ២០០៧ និងបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ ២០១១។ ស្ពាននេះមានប្រវែងសរុប ១,០៦០ ម៉ែត្រ ដោយចំណាយថវិការអស់ខ្ទង់ ៤៤ លានដុល្លារក្នុងនោះជាប្រាក់កម្ចីពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ៤២ លានដុល្លារ និងប្រាក់បដិភាគរបស់រដ្ឋាភិបាល ២.២ លានដុល្លារ។
- ស្ពានសេកុង
ស្ពានសេកុងត្រូវបានចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ ២០០៤ និងសម្ពោធប្រើប្រាស់នៅឆ្នាំ ២០០៨ ក្រោមការសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group General Co, Ltd ដែលចំណាយទឹកប្រាក់សរុប ៧០ លានដុល្លារ ក្នុងនោះមានបដិភាគរបស់រដ្ឋាភិបាល ៤.៣ លានដុល្លារ ក្រៅពីនោះគឺជាកម្ចីគ្មានការប្រាក់ពីរដ្ឋាភិបាលចិន។ ស្ពានសេកុង មានប្រវែងសរុប ១,០៥៧ ម៉ែត្រឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។
- ស្ពានព្រែកព្នៅ
ស្ពានព្រែកព្នៅ ចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ ២០០៨ និងដាក់សម្ពោធប្រើប្រាស់នៅក្នុងឆ្នាំ ២០១០ វិនិយោគដោយក្រុមហ៊ុន លីយ៉ុងផាត់ ដែលចំណាយទឹកប្រាក់ប្រមាណ ៤៣ លានដុល្លារ។ ស្ពានព្រែកព្នៅ មានប្រវែងសរុប ៩៩៦ ម៉ែត្រ ឆ្លងកាត់ទន្លេរសាប និងស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។
- ស្ពានព្រែកក្ដាម
ស្ពានព្រែកក្ដាម ចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ ២០០៧ និងសម្ពោធប្រើប្រាស់ក្នុងឆ្នាំ ២០១០ ដែលវាត្រូវបានវិនិយោគដោយក្រុមហ៊ុនសៀងហៃ ចំណាយទឹកប្រាក់អស់ជិត ២៨,៨ លានដុល្លារ ជាកម្ចីសម្បទានរយៈពេលវែង ឥតមានការប្រាក់ពីប្រទេសចិន។ ស្ពាននេះមានប្រវែងសរុប ៩៨១ ម៉ែត្រឆ្លងទន្លេរសាប ស្ថិតនៅក្នុងខេត្តកណ្ដាល។
- ស្ពានតេជោមរកត
ស្ពានតេជោមរកត ឬហៅថាស្ពានកោះពស់ ចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ២០០៨ និងសម្ពោធនៅឆ្នាំ ២០១១ ដែលវិនិយោគដោយក្រុមហ៊ុនវិនិយោគកោះពស់ និងចំណាយទឹកប្រាក់ជិត ៣០០ លានអឺរ៉ូ។ ស្ពាននេះមានប្រវែងប្រហែល ៩០០ ម៉ែត្រ ដែលឆ្លងសមុទ្រ ស្ថិតនៅក្នុងខេត្តព្រះសីហនុ។
- ស្ពានព្រែកសំរោង
ស្ពានព្រែកសំរោង ឬស្ពានតាខ្មៅ ចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ ២០១១ និងសម្ពោធប្រើប្រាស់នៅក្នុងឆ្នាំ ២០១៤ ដោយស្ពាននេះគឺជាការវិនិយោគ និងផ្ដល់កម្ចីសម្បាទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយចំណាយអស់ ៣២.៨៩ លានដុល្លារ។ ស្ពានព្រែកសំរោងមានប្រវែង ៨៥៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកស្ពានចុងក្រោយ ដែលមិនស្ថិតក្នុងតារាងស្ពានវែងជាងគេទាំង ១០ ក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជាស្ពានសំខាន់ និងទើបតែបើសម្ពោធដំណើរការថ្មីៗផងដែរ នោះគឺស្ពានជ្រោយចង្វា។ ស្ពានជ្រោយចង្វាមាន ២ ដោយស្ពានជ្រោយចង្វាទីមួយ សាងសង់ដោយជប៉ុន ទើបបើកដំណើរការថ្មីៗនេះក្រោយពីបានជួសជុលរួចរយៈពេល ១៧ ខែកន្លងមកនេះចំណាយទឹកប្រាក់ជិត ៣០ លានដុល្លារ ហើយគេធានាគុណភាពថានឹងប្រើប្រាស់បាន ៥០ ទៀតដោយគ្មានបញ្ហា។ ស្ពានជ្រោយចង្វាមួយ បានសម្ពោធលើកដំបូង តាំងពីឆ្នាំ ១៩៦៥ វាមានប្រវែង ៧១០ ម៉ែត្រ ឆ្លងកាត់ទន្លេរសាបស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ចំណែកស្ពានជ្រោយចង្វាទី ២ គឺសាងសង់ដោយក្រុមហ៊ុនចិន ចាប់ពីឆ្នាំ ២០១១ និងសម្ពោធដំណើរការក្នុងឆ្នាំ ២០១៤ ដោយចំណាយប្រាក់អស់ ២៧.៥ លានដុល្លារ ហើយស្ពាននេះមានប្រវែង ៧១៩ ម៉ែត្រ។
ជាសរុបមក យើងឃើញថាស្ពានទាំងអស់ខាងលើនេះ សុទ្ធសឹងតែជាសមិទ្ធិផលសំខាន់ៗ និងត្រូវបានធ្វើដំណើរឆ្លងកាត់យ៉ាងសកម្ម ក្នុងការភ្ជាប់ផ្លូវគោលៗក្នុងប្រទេសកម្ពុជាយើង ប៉ុន្ដែយើងក៏ចាប់អារម្មណ៍ដែរថា សំណង់ធំៗទាំងនោះសុទ្ធតែត្រូវបានសាងសង់ដោយក្រុមហ៊ុនបរទេស ដូចជា ជប៉ុន ចិន និងក្រុមហ៊ុនថៃ លីយ៉ុងផាត់ ដែលថ្ងៃខាងមុខប្រហែលជាអាចឃើញក្រុមហ៊ុនខ្មែរ ហ៊ានបោះទុនធំវិនិយោគលើសំណង់ស្ពានថ្នល់ទាំងនេះជាក់ជាមិនខាន។