ទេទឹកពុះ ជារមណីយដ្ឋានទឹកក្ដៅធម្មជាតិដ៏កម្រមួយក្នុងប្រទេសកម្ពុជា ដែលប្រជាជនខ្មែរមានជំនឿថា ទឹកពុះនេះមានទឹកក្ដៅបែបធម្មជាតិ អាចព្យាបាលជំងឺជាច្រើនមុខ ដូចជាជំងឺសើស្បែក កន្ដួលរមាស់ ជំងឺលើសឈាម ទឹកនោមផ្អែម ជាដើម។ ប៉ុន្តែកន្លងមក រមណីយដ្ឋានដ៏កម្រមួយនេះ មានតែកញ្ចុះសម្រាប់អង្គុយលេង បរិភោគអាហារ និងទីតាំងទឹកក្ដៅធម្មជាតិប៉ុណ្ណោះ ដែលការរៀបចំសេវាកម្មរមណីយដ្ឋាននៅមានកម្រិតនៅឡើយ ហើយក៏ធ្វើឲ្យភ្ញៀវទេសចរតិចផងដែរ។
ថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានរៀបចំគម្រោងបង្កើតផ្ទះស្នាក់ (Home Stay) នៅតំបន់រមណីយដ្ឋានទេទឹកពុះ ដើម្បីទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិពីចម្ងាយអាចស្នាក់នៅបានត្រឹមត្រូវ ក្នុងតម្លៃសមរម្យ ហើយគម្រោងនេះនឹងចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត ដោយបែកចែកទៅតាមជំនាញនីមួយៗ។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ការរៀបចំផ្ទះស្នាក់នៅ ក្នុងរមណីយដ្ឋានទេទឹកពុំនេះ ជាយុទ្ធសាស្ត្រមួយសម្រាប់លើកម្ពស់ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកំពង់ស្ពឹមួយកម្រិតទៀត លើសពីនេះមន្ទីរក៏មានគម្រោងរៀបចំសហគមន៍នេះមាន Home Stay ស្អាតៗ និងកន្លែងហូបឆ្ងាញ់ៗ ដែលនឹងត្រូវសហការជាមួយមន្ទីបរិស្ថាន និងមន្ទីអភិវឌ្ឍន៍ជនបទ ដើម្បីឲ្យរៀបចំបង្គន់អនាម័យបន្ថែម និងការអភិវឌ្ឍន៍ផ្លូវចូលឲ្យបានធំជាងមុន ស្អាតមិនមានដីហុយ។
សូមបញ្ជាក់ថា រមណីដ្ឋាន ទេទឹកពុះ មានទីតាំងស្ថិតនៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាកន្លែងទេសចរណ៍មួយមានប្រវត្តិរឿងព្រេងដំណាលថា សេដ្ឋីម្នាក់មានទ្រព្យសម្បត្តិស្ដុកស្តម្ភ តែបែជាខ្លាចបែងចែកទ្រព្យខ្លួន ដូចនេះក៏បានឲ្យកូនបង្កើតទាំង ២ របស់ខ្លួន យកគ្នាធ្វើជាប្ដីប្រពន្ធ ហើយត្រូវព្រះធរណីស្រូបចូលក្នុងដី ក្រោយមកតំបន់នោះក៏ក្លាយទៅជាទឹពុះ រហូតមកដល់សព្វថ្ងៃ។