ខេត្តព្រះសីហនុ បន្ដអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ៖ ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស!

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្វែរទិសដៅការអភិវឌ្ឍន៍ខ្លាំងទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងខេត្តព្រះសីហនុ រួមមានទាំងផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក និងផ្លូវដែក ហើយនឹងប្រែក្លាយបន្ដិចម្ដងៗទៅជាទីក្រុងទំនើបវៃឆ្លាត ជាប៉ូលសេដ្ឋកិច្ចពហុបំណង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមផែនការមេឆ្នាំ២០៣០ ដោយខេត្តព្រះសីហនុបានយកគម្រូអភិវឌ្ឍន៍តាមទីក្រុងស្ស៊ិនជិន ប្រទេសចិន។

យោងតាមប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងជំនួបជាមួយលោក Jiang Wei ប្រធានតំណាងការិល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ, ឯកឧត្តមបានលើកឡើងជាអាថ៌ថា ខេត្តព្រះសីហនុ ជាខេត្តមានសក្ដានុពលខ្ពស់បំផុតប្រចាំប្រទេសកម្ពុជា ប្រកបដោយអំណោយផលនៃទីតាំងភូមិសាស្ត្រ ដែលបាននិងកំពុងបន្ដទាក់ទាញដល់គម្រោងវិនិយោគតូចធំ មកបណ្ដាក់ទុនរកស៊ី មិនថាវិស័យសេវាកម្ម ឧស្សាហកម្ម ទេសចរណ៍ -ល- ធ្វើឲ្យខេត្តមួយនេះក្លាយជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្ដសហការជាមួយជាប្រទេសជាសម្ព័ន្ធមិត្តកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស បន្ថែមទៀត។

១. ផ្លូវទឹក

ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅធំជាងគេប្រចាំប្រទេស ដែលទំនិញតាមផ្លូវទឹកប្រមាណ ៧០% សុទ្ធតែបានចេញ-ចូល ឆ្លងកាត់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្ដកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ដើម្បីសាងសង់កំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣.៥ ម៉ែត្រ ចូលចត និងផ្ដល់ឱិកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រជាមួយប្រទេសក្នុងតំបន់ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ទៀតផង។ លើសពីនេះ រាជរដ្ឋាភិបាល គ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក ១៨ ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ហើយជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

២. ផ្លូវគោក

បច្ចុប្បន្ន ខេត្តព្រះសីហនុ បានប្រែមុខមាត់ស្ទើទាំងស្រុង និងកំពុងទទួលបានផ្លែផ្កាជាច្រើនជុំវិញការអភិវឌ្ឍន៍ផ្លូវគោកនេះ ទោះជាស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាបាន៖ 

១. បញ្ចេញកញ្ចប់ថវិកាជាតិ ៣០០ លានដុល្លារស្ថាបនាផ្លូវក្រុងចំនួន ៣៤ ខ្សែមានប្រវែងសរុប ៨២ គីឡូម៉ែត្រ ត្រៀមបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ។ 

២. បញ្ចេញកញ្ចប់ថវិកាជាតិ ១០០ លានដុល្លារ ស្ថាបនាផ្លូវក្រុងចំនួន ១១ ខ្សែបន្ថែមទៀតមានប្រវែង ១៦ គីឡូម៉ែត្រ ត្រៀមបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២១។ 

៣. ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន វិនិយោគទឺកប្រាក់ ២,០០០ លានដុល្លារ សម្រាប់សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រោមលក្ខខណ្ឌ BOT (Build-Operate-Transfer) មានប្រវែងសរុប ១៩០ គីឡូម៉ែត្រ សម្រេចបាន ៣០% គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២។

៣. ផ្លូវអាកាស

ខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ ដែលមានផ្លូវរត់ ៣,៤០០ម៉ែត្រ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការជាមួយក្រុមហ៊ុនបារាំង ដើម្បីពង្រីកវិសាលភាពអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តាមរយៈការពង្រីកផ្លូវរត់ឲ្យបានវែងជាងមុនចំនួន ៨០០ ម៉ែត្របន្ថែម និងការសាងសង់ស្ថានីយអ្នកដំណើរថ្មី ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខនេះ សម្រាប់អាចចុះចតប្រភេទយន្ដហោះធន់ធំ និងទទួលអ្នកដំណើរទាំងវិស័យទេសចរណ៍ ធុរកិច្ច និងវិនិយោគិនជាដើម។ 

៤. ផ្លូវដែក

ចំពោះផ្លូវដែក បច្ចុប្បន្ននេះយើងមានផ្លូវដែកភាគនិរតីតែមួយខ្សែប៉ុណ្ណោះ ប៉ុន្តែបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញពីកំពង់ផែខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ។ ជុំវិញការអភិវឌ្ឍន៍ផ្លូវដែកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមថាការិយាល័យកុងស៊ុលចិន នឹងជួយស្វែងរកដៃគូរជាជំនួយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ត្បិតប្រទេសចិន ជាប្រទេសឈរនៅលំដាប់ទី១ លើពិភពលោកក្នុងវិស័យអភិវឌ្ឍន៍ផ្លូវដែក មិនថាផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន ផ្លូវដែកសម្រាប់ដឹកជញ្ជូនទំនិញ ដែលបានអភិវឌ្ឍន៍ក្នុងប្រទេសចិន និងបណ្ដាប្រទេសជាច្រើនទៀតជុំវិញពិភពលោក។