រដ្ឋាភិបាល បានសម្រេចបង្កើតទីក្រុងបូកគោ!

នៅខែមីនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តនូវគម្រោងអភិវឌ្ឍទីក្រុងបូកគោ ជាផ្លូវការក្រោមចំណារដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយនឹងកាត់យកឃុំចំនួន ៣ ពីស្រុកទឹកឈូ រួមមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីដាក់ចូលក្រោមការគ្រប់គ្រងរបស់ក្រុងបូកគោវិញ ក្នុងចក្ខុវិស័យអភិវឌ្ឍទៅដល់ ឆ្នាំ២០៣៥ ក្រោមការសិក្សាស្រាវជ្រាវ និងរៀបចំប្លង់គោលដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអភិវឌ្ឍ រមណីយដ្ឋានប្រវត្តិសាស្ត្រ ទីក្រុងវ័យឆ្លាត តំបន់ទេសចរណ៍បៃតងធម្មជាតិជាប់សមុទ្រ នៅលើកំពូលភ្នំ តែមួយគ្មានពីរក្នុងប្រទេសកម្ពុជា។ 

ក្រុងបូកគោ នឹងត្រូវបែងចែកជា ៣ សង្កាត់ ដែលបានកាត់ចេញពីស្រុកទឹកឈូ រួមមាន៖ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ហើយទីតាំងរដ្ឋបាលក្រុងបូកគោ ស្ថិតនៅសង្កាត់បឹងទូក មានទំហំសរុប ២៧,៩៤៣ ហិកតា ស្មើនឹង ១៨% នៃផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស ជាមួយការបែងចែកចេញជា ៩ តំបន់៖ តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាលសាធារណៈ តំបន់លំហសាធារណៈ តំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងលំហបៃតង វប្បធម៌ និងសាសនា។ ប្លង់គោលប្រើប្រាស់ដីនេះ ត្រូវបានកសាងឡើងដោយការសិក្សាច្បាស់លាស់លើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម បរិស្ថាន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងគោលនយោបាយច្បាប់ និងថ្នាក់ជាតិ។ 

បើយោងតាមអនុក្រឹតលេខ ៨៨ អនក្រ.បក បានបង្ហាញថាប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ អាចធ្វើការកែសម្រួលក្នុងរយៈពេល ៥ ឆ្នាំម្ដង តាមសំណើរចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពោលក្នុងតម្រូវការចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ។ គម្រោងបង្កើតក្រុងថ្មីនេះ នឹងត្រូវទទួលប្រភពហិរញ្ញវត្ថុជាច្រើនមជ្ឈដ្ឋាន ដូចជា ប្រើប្រាស់ថវិកាជាតិអភិវឌ្ឍន៍ វិនិយោគដោយវិស័យឯកជន ថវិកាវិនិយោគរវាងរដ្ឋនិងឯកជន ថវិកាហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ -ល-។ 

សូមបញ្ជាក់ផងដែរថា យោងតាមការស្រាវជ្រាវរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ឧទ្យានជាតិព្រះមុនីវង្ស ជាអតីតទីក្រុងប្រវត្តិសាស្ត្រចាប់ពីឆ្នាំ ១៩២៥-១៩៦២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ នាសម័យអាណានិគមនិយមបារាំង រហូតមកដល់ព្រះបាទនរោត្តម សីហនុ។ ទីក្រុងបូកគោ បានក្លាយទៅជាគោលដៅទេសចរណ៍លំហែកម្រិតខ្ពស់មួយ ដែលមានទេសភាពធម្មជាតិពពកវិល តំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃប្រទេសកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធអតីតក្រុងបូកគោ បានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ រួមមាន អគាររដ្ឋបាល ព្រះរាជដំណាក់ លំនៅដ្ឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសនីយ៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក សណ្ឋាគារ ទំនប់ទឹកបារាំង ស្ថានីយអគ្គិសនី ស្ថានីយទឹកស្អាត -ល-។