គម្រោងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងដំណាក់កាលទី១ សម្រេចការងារបានប្រមាណ ៤០% មកហើយ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បន្ទាប់ពីឯកឧត្តមបានចុះដោះស្រាយជូនពលរដ្ឋ ១៧១ គ្រួសារដែលមានគេហដ្ឋាន និងប៉ះពាល់ពីគម្រោងសាងសង់ព្រលានយន្ដហោះនេះ។ ឯកឧត្តម បានបង្ហាញថា វិបត្តិជំងឺកូវីដ-១៩ មិនបានបង្អាក់ដំណើរការនៃគម្រោងសាងសង់ព្រលានយន្ដនេះទេ ពោលគម្រោងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ យ៉ាងរលូន។
ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី មានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ខេត្តកណ្ដាល ឈានចូលស្រុកបាទី ខេត្តតាកែវ ដែលគម្រោងបានអនុម័តកាលពីឆ្នាំ២០១៨ សាងសង់នៅលើផ្ទៃដីសរុប ២,៦០០ ហិកតា បែងចែកចេញជា ៣ ដំណាក់កាល ហើយដំណាក់កាលទី១ នឹងបញ្ចប់នៅឆ្នាំ២០២៣ ដោយចំណាយទឹកប្រាក់ប្រមាណ ១.៥ ពាន់លានដុល្លារ ជាមួយការងារដែលសម្រេចឲ្យបានរួមមាន៖
១. ស្ថានីយ៍អ្នកដំណើរដែលមានផ្ទៃក្រឡា ២៤៣,០០០ ការ៉េ កម្ពស់ ៥ ជាន់ ឬ ៤៥ ម៉ែត្រ ដោយមានអគារក្រោមដី ១ ជាន់
២. ផ្លូវរត់យន្ដហោះចំនួន ៤ ខ្សែមានប្រវែង ៤,០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ
៣. ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ជាង ១០៨ ម៉ែត្រ
៤. អគាររដ្ឋបាលផ្សេងៗទៀត និងទីតាំងសម្រាប់បម្រើប្រតិបត្តិការហោះហើរ ដូចជា ទីតាំងស្ដុកប្រេង, កន្លែងជួសជុលយានយន្ដ, ឃ្លាំងស្ដុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យជាដើម។
គូសបញ្ជាក់ផងដែរថា គម្រោងសាងសង់ព្រលានយន្ដហោះនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC ក្នុងរង្វង់ ៩០% និង ១០% ទៀតជារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា និងត្រូវបានជ្រើសរើសរចនាដោយក្រុមហ៊ុន Foster & Partners របស់ប្រទេសអង់គ្លេស សាងសង់ដោយក្រុមហ៊ុន China Construction Devotions។ ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ជាអាកាសយាន្ដដ្ឋានកម្រិត 4F ដែលអាចចុះចតយន្ដហោះប្រភេទធំៗគ្រប់ប្រភេទចាប់ពី Airbus A380 ដល់ A800 ឬ Boeing 747 ដល់ 800 ហើយរំពឹងស្រូបទាញអ្នកដំណើរយ៉ាងតិច ៩ លាននាក់ត្រឹមឆ្នាំ២០២៥, ចំណែកដំណាក់កាលទី២ នឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០៣០ រំពឹងទទួលបានអ្នកដំណើរ ៣០ លាននាក់, និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ ២០៥០ ដោយរំពឹងទទួលបានអ្នកដំណើរ ៣០ លាននាក់។
លើសពីនេះទៀត ក្រុមហ៊ុន OCIC ក៏កំពុងសិក្សាលើគម្រោងសាងសង់ផ្លូវអាកាសផ្លូវហាយវ៉េ ប្រវែងប្រហែល ២១.៥ គីឡូម៉ែត្រដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញ ពីតំបន់ផ្លូវលេខ២៧១ ទៅកាន់គម្រោងព្រលានយន្ដហោះភ្នំពេញអន្តរជាតិតែម្ដង ដើម្បីសម្រួលដល់ការធ្វើដំណើររហ័ស ចំណាយពេលត្រឹម ១៥ នាទីប៉ុណ្ណោះ ដោយគម្រោងនេះអាចចំណាយថវិកាប្រមាណ ៤០០ លានដុល្លារផ្សេងទៀត និងចាប់ផ្ដើមនៅដើមឆ្នាំក្រោយ។