នេះជាឧបករណ៍ Roller Coaster លឿនជាងគេ ខ្ពស់ជាងគេ និងវែងជាងគេបង្អស់លើលោក!

ឧបករណ៍រំអិល roller coaster ឬយើងអាចហៅថារថភ្លើងអាកាសរំអិល ជាឧបករណ៍ជិះដ៏ពេញនិយមបំផុតមួយនៅតាមសួនកម្សាន្ដខ្នាតអន្តរជាតិ ដែលផ្ដល់ឲ្យអ្នកជិះនូវអារម្មណ៍រំភើបសម្រាប់ការកម្សាន្ដ ទទួលបទពិសោធន៍ជិះរថភ្លើងល្បឿនលឿនដោយផ្ទាល់ ផ្លូវបត់ក្រឡាប់ចាក់ និងជិះទម្លាក់ពីទីខ្ពស់ក្នុងទំនាញខ្លាំង -ល-។ នៅសហរដ្ឋអាមេរិច ការសាងសង់ roller coaster មានវិវត្តន៍ប្លែកៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីទាក់ទាញភ្ញៀវទេសចរកម្សាន្ដឲ្យប្លែកអារម្មណ៍ រំភើបខ្លាំងជាងមុនផងដែរ។

ជាក់ស្ដែង ឧទ្យានកម្សាន្ដ Six Flags Great Adventure រដ្ឋ New Jersey ទើបតែដាក់សម្ពោធរថភ្លើងអាកាសរំអិលឈ្មោះថា Jersey Devil Coaster កាលពីថ្ងៃទី១៣ ខែមិថុនា ដែលវាគឺជារថភ្លើងអាកាសរំអិលខ្ពស់ជាងគេ លឿនជាងគេ និងវែងជាងគេបង្អស់នៅលើលោកក្នុងពេលនេះ។ Jersey Devil នេះមានកម្ពស់ទម្លាក់ដល់ ៤០ ម៉ែត្រប្រហែលអគារកម្ពស់ ១៣ ជាន់ នៅក្នុងកម្រិតទម្លាក់ ៨៧ ដឺក្រេដែលមានទំនាញខ្លាំង, រត់ដោយរថភ្លើង ១២ កៅអីមានល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង, សាងសង់លើផ្ទៃដីលាតសន្ទឹងជាង ៩០០ ម៉ែត្រ ដោយមានផ្លូវដែកជិះទៅមកឡើងចុះប្រវែងជិត ៥ ពាន់ម៉ែត្រ តំបន់បត់បែន ១៨០ កន្លែង និងតំបន់ជិះក្រឡាប់ ៣ កន្លែង អាចផ្ដល់លោកអ្នកនូវបទពិសោធន៍ផ្ទុះអារម្មណ៍ជាមួយសន្ទុះដ៏លឿនរបស់វា។

គម្រោងនេះ បានប្រតិបត្តិការសាងសង់តាំងពីខែសីហា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន Rocky Mountain Construction គម្រោងសម្ពោធក្នុងឆ្នាំ២០២០ ប៉ុន្តែបានពន្យាពេលសម្ពោធដោយសារតែវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំទៅ ពន្យាពេលសាងសង់ និងត្រូវបានសាកល្បងរយៈពេលវែងផងដែរ។ ប៉ុន្តែគេរំពឹងថា ក្រោយការបើកដំណើរការ Jersey Devil នៅរដូវក្ដៅនេះ វានឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដនៅឧទ្យាន Six Flags Great Adventure កាន់តែច្រើននៅវិស្សមកាលរដូវក្ដៅ នាពេលខាងមុខ ខណៈដែលឧទ្យាននេះត្រៀមនឹងបើកដំណើរការពេញលេញឡើងវិញនៅពេលខាងមុខ។