ច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាលប្រវែង ២០ម៉ែត្រ កំពុងស្ថិតក្នុងការជួសជុល ដោយក្រុមអ្នកជំនាញ ខណៈការងារគ្រោងនឹងបញ្ចប់ នៅដើមឆ្នាំ២០២៥!


សៀមរាប៖ បើយោងតាមព័ត៌មាន ដែលទទួលបានតាមរយៈ អាជ្ញាធរជាតិអប្សរា បានចុះផ្សាយនៅថ្ងៃទី ២៥ កញ្ញានេះ បានឲ្យដឹងថា ច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើង ស្ពានហាលប្រវែងចំនួន២០ម៉ែត្រ កំពុងស្ថិតក្នុងការជួសជុលបន្តទៀត ដោយក្រុមអ្នកជំនាញ របស់អាជ្ញាធរជាតិអប្សរា ក្នុងដំណាក់កាលទី ៨ ឆ្នាំ២០២៤។ ការងារនេះ គ្រោងនឹងបញ្ចប់ នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងនោះដែរ មន្រ្តីបច្ចេកទេសគ្រប់គ្រង ការដ្ឋានជួសជុល ច្រាំងកសិន្ធុប្រាសាទអង្គរវត្ត អ្នកស្រី នង បូរ៉ាវី បានឱ្យដឹងថា ស្ថានភាពច្រាំងកសិន្ធុប្រវែង ២០ម៉ែត្រ ដែលត្រូវបន្តជួសជុលនេះ កាំជណ្តើរថ្មភក់ មួយចំនួនស្រុតធ្លាក់ចូល ក្នុងកសិន្ធុ និងកប់ក្នុងភក់ នាំឱ្យខូចខាតប្រមាណ ៦០%។

អ្នកជំនាញរូបនេះ ក៏បានបញ្ជាក់ផងថា ដំបូងគឺត្រូវធ្វើទំនប់ ហើយបូមទឹកចេញ ធ្វើសម្រង់ប្លង់ សម្អាតកំណកដី ហើយលើកកាំជណ្តើរថ្មភក់ មកលាងសម្អាត ចុះបញ្ជីថ្ម គូសប្លង់លម្អិត ស្ថានភាពដុំថ្មនីមួយៗ មុននឹងជួសជុល ពង្រឹងថ្មដែលខូចខាត។

បន្ទាប់មកទៀត គឺជួសជុលពង្រឹងគ្រឹះ ហើយរៀបកាំជណ្តើរ ថ្មបាយក្រៀមថ្មីចំនួន៧កាំ ជំនួសថ្មបាយក្រៀមចាស់ដែលខូចខាត។ រួចមកក៏ រៀបកាំជណ្តើរថ្មភក់ចំនួន៤កាំ តាមលំនាំដើមឡើងវិញ។

អ្នកស្រីអ្នកគ្រប់គ្រងការដ្ឋានរូបដដែល បន្ថែមថា ការដ្ឋានជួសជុល ដែលស្ថិតនៅជាប់នឹងទឹកនេះ មានបញ្ហាប្រឈមមួយចំនួន ត្រូវការពេលវេលា ការយកចិត្តទុកដាក់ អត់ធ្មត់ ការស្រឡាញ់ និងចង់ថែរក្សាមរតកដូនតា ដើម្បីឱ្យរឹងមាំគង់វង្ស យូរអង្វែងបន្តទៀត។

គួររម្លឹកផងថា មកដល់បច្ចុប្បន្ននេះ គិតទាំងនៅដំណាក់កាលទី៨នេះផង ការងារជួសជុល ច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាល សរុបបានប្រវែងចំនួន ១៦៣ម៉ែត្រហើយ។

ប្រភពពី អាជ្ញាធរជាតិអប្សរា